
ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) កំពុងពិចារណាពីការផ្អាកទទួលការបញ្ជាទិញប្រសិនបើកូដកម្មរបស់កម្មករនៅតែបន្តទោះបីរបាយការណ៍បង្ហាញថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាកំពុងមានកំណើនក៏ដោយ។
របាយការណ៍ពីក្រសួង ពាណិជ្ជកម្ម ចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានៅក្នុងរយៈពេល ១១ ខែឆ្នាំនេះមានទំហំទឹកប្រាក់ ៥,០៧ ពាន់លានដុល្លារកើនឡើង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាពីឆ្នាំទៅដែលមាន ៤,១៥ ពាន់លានដុល្លារ។
លោក ជាតិ ខេមរា មន្ដ្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជានិយាយថា តួលេខវិជ្ជមាននេះគឺជាលទ្ធផលនៃការបញ្ជាទិញកាលពី ២០១២ និងមិនមែនជាការឆ្លុះបញ្ចាំងពីកំណើនក្នុងវិបត្តិដែលកើតមានក្នុងវិស័យកាត់ដេរនៅឆ្នាំ ២០១៣ នេះទេ។ លោកថា៖ «ចុងឆ្នាំនេះសមាជិកយើងកំពុងពិភាក្សានិងពិចារណាថាតើត្រូវទទួលការបញ្ជាទិញថ្មីៗពីអ្នកទិញទាំងអស់ ឬអត់?»។
លោកបន្តថា៖ «យើងប្រហែលជាមិនទទួលការបញ្ជាទិញរហូតដល់អ្វីៗដំណើរការល្អវិញឬក៏ស្នើអ្នកបញ្ជាទិញឲ្យបង្វែរទីផ្សារទៅប្រទេសជិតខាង ឬទទួលការបញ្ជាទិញដែរ តែក្នុងលក្ខណៈកុងត្រាខ្លីៗ ព្រោះយើងមិនអាចទទួលការខាតបង់នៅពេលទទួលហើយមិនមានសមត្ថភាពផលិតនោះទេ»។ លោកបន្ថែមថា រោងចក្រនឹងប្រឈមមុខនឹងការខាតបង់បើមិនអាចប្រគល់ផលិតផលតាមការកំណត់ដល់អ្នកបញ្ជាទិញ ខណៈកូដកម្មកើតឡើងជាញឹកញាប់។
សហរដ្ឋអាមេរិក និងសហភាព អឺរ៉ុបជាទីផ្សារនាំចេញធំបំផុតនៃផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់ កម្ពុជា។ ក្នុងនោះពីខែ មករា រហូតដល់ខែ វិច្ឆិកា ឆ្នាំ ២០១៣ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ទៅទីផ្សារអាមេរិកក្នុងតម្លៃទឹកប្រាក់សរុប ១,៩៦ ពាន់លានដុល្លារកើនឡើង ៩ ភាគរយ និងសហភាពអឺរ៉ុប ១,៨១ ពាន់លានដុល្លារ កើនឡើង ៣៣ ភាគរយ។
ការនាំចេញទៅបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោកមានតម្លៃ ១,២៨ ពាន់លានដុល្លារកើនឡើង ៣១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដើមសប្ដាហ៍នេះកម្មកររោងចក្រកាត់ដេររាប់ពាន់នាក់មកពីទូទាំងប្រទេសបានដើរចេញពីការងារបន្ទាប់ពីក្រសួង ការងារ បានសម្រេចបង្កើនប្រាក់ឈ្នួលដល់ ១៦០ ដុល្លារក្នុងរយៈពេល ៥ឆ្នាំ។
បើតាមរបាយការណ៍សមាគមរោងចក្រកាត់ដេរកម្ពុជា ដោយមិនរាប់បញ្ចូលខែ ធ្នូ មានបាតុកម្មសរុប ១៣១ លើកនៅឆ្នាំ ២០១៣ ជាចំនួនច្រើនបំផុតចាប់តាំងពីការចាប់ផ្ដើមប្រមូលទិន្នន័យកាលពីឆ្នាំ ២០០៣។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មកររោងចក្រកាត់ដេរ កម្ពុជា និយាយថា អាមេរិក និង អឺរ៉ុប នឹងមិនបញ្ឈប់ការបញ្ជាទិញពីប្រទេសកម្ពុជានោះទេ។ លោកបានថ្លែងថា៖ «កម្ពុជាមិនមែនជាកន្លែងផលិតសម្លៀកបំពាក់ធំរបស់គេ ដូចប្រទេស បង់ក្លាដែស នោះទេ។ អាមេរិក និង អឺរ៉ុប នាំចូលសម្លៀកបំពាក់ពី កម្ពុជា ព្រោះគេអាណិតកម្ពុជា។ ដូច្នេះពួកគេនឹងមិនផ្លាស់ប្តូរការបញ្ជាទិញរបស់ពួកគេទេ»។ លោកបានបន្តថា កូដកម្មនឹងបន្តរហូតទាល់តែមានដំណោះស្រាយមួយ។
លោក ស្រី ចន្ធី ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា អំពាវនាវឲ្យប្រញាប់ប្រញាល់ក្នុងការដោះស្រាយជម្លោះប្រាក់ឈ្នួល និងលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរនេះ ដោយសម្តែងក្តីបារម្ភថា កម្ពុជានឹងមិនអាចសម្រេចបានកំណើនសេដ្ឋកិច្ចតាមការព្យាករនោះទេ។ លោកបន្តថា៖ «បើកម្មករមិនអាចទទួលបានប្រាក់ខែតាមពួកគេស្នើសុំនោះទេ ពួកគេនឹងដើរចេញពីរោងចក្រមកធ្វើកូដកម្មរួមគ្នា។ នេះគឺជាអ្វីដែលយើងគួរបារម្ភ»៕ PB