ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឲ្យ​អ្នកបញ្ជា​ទិញ​ទាំងអស់​មិនត្រូវ​ផ្អាក​ការនាំចេញ​ទំនិញ​ដែល​ផលិត​រួចហើយ និង​ទំនិញ​ដែល​កំពុង​ផលិត​នៅ​កម្ពុជា​នោះទេ​ក្នុងអំឡុង​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩ ​នេះ​។

ការអំពាវនាវ​របស់ GMAC ធ្វើឡើង​បន្ទាប់ពី​អ្នកបញ្ជា​ទិញ​សំខាន់ៗ​មួយចំនួន​មកពី​អាមេរិក និង​អឺរ៉ុប ដូចជា​ក្រុមហ៊ុន H&M ក្រុមហ៊ុន Zara ក្រុមហ៊ុន Mango ក្រុមហ៊ុន Primark ក្រុមហ៊ុន Macys និង​ក្រុមហ៊ុន J.C. Penney កាលពី​សប្ដាហ៍​មុន​បានប្រកាស​ពី​ការផ្អាក​ផលិតកម្ម​របស់​ពួកគេ ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩ ធ្វើឲ្យ​តម្រូវការ​ពិភពលោក​ធ្លាក់ចុះ​។

សេចក្ដី​ប្រកាស​របស់ GMAC ឲ្យ​ដឹងថា​៖ «​បច្ចុប្បន្ន​ការរីករាលដាល​កូវីដ​ ១៩ ​លើ​ពិភពលោក​បាន​ធ្វើឲ្យ​មាន​ភាពចលាចល​ដល់​ជីវិត​រស់នៅ និង​អាជីវកម្ម​របស់​យើង​។ ដើម្បី​ជម្នះ​ស្ថានភាព​ដ៏លំបាក​នេះ GMAC សូម​អំពាវនាវ​ដល់​ភាគី​ទាំងអស់​រួមដៃគ្នា​ដើម្បី​យើង​ទាំងអស់​គ្នា​អាច​បន្ត​រស់​បាន​»​។

សេចក្ដី​ប្រកាស​បន្តថា​៖ «​ចំពោះ​អ្នកបញ្ជា​ទិញ​ទាំងអស់​សូមកុំ​បោះបង់​កម្ពុជា​!​សមាគម​សូម​ជំរុញ​អ្នកបញ្ជា​ទិញ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា​ដែល​ចុះ​រួចហើយ ដោយ​ទទួល​យក​ការដឹក​ទំនិញ​ដែល​ផលិត​រួចហើយ និង​ទំនិញ​ដែល​បច្ចុប្បន្នកំពុង​ផលិត​ និង​ទូទាត់​ប្រាក់​តាម​លក្ខខណ្ឌ​ធម្មតា​។ ការធ្វើ​បែបនេះ​នឹង​អាច​ធ្វើឲ្យ​រោងចក្រ​មានលទ្ធភាព​បើកប្រាក់​ឈ្នួល​ជូន​កម្មករ និង​បន្តការងារ​សម្រាប់​ពួកគេ​»​។

ទីភ្នាក់ងារ​ព័ត៌មាន​ប្រចាំថ្ងៃ Sourcing Journal ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៨ ខែមីនា បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន H&M ក្រុមហ៊ុន Zara ក្រុមហ៊ុន Mango ក្រុមហ៊ុន Primark ក្រុមហ៊ុន Macys និង​ក្រុមហ៊ុន J.C. Penney ជា​ក្រុមហ៊ុន​សម្លៀកបំពាក់​ដែល​បាន​បញ្ឈប់​ការផលិត ដែល​បណ្ដាល​ឲ្យ​អ្នកលក់​ខាតបង់​នៅ​ជំហាន​បន្ទាប់​ និង​ក្រុមហ៊ុន​ផ្សេងទៀត​នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការបាត់បង់​ការងារ​របស់​ពួកគេ ដោយសារ​តែ​ការមិន​មានការ​បញ្ជា​ទិញ​នឹង​មើលឃើញ​រោងចក្រ​មួយចំនួន​បាន​បង្ហាញ​ការពិបាក​ក្នុង​ការបើកប្រាក់​ឈ្នួល​ដល់​កម្មករ​របស់​ពួកគេ​។

ទីភ្នាក់ងារ​ព័ត៌មាន​ប្រចាំថ្ងៃ Sourcing Journal បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន H&M បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​កន្លងមក​ថា ខ្លួន​នឹង​បិទ​ជា​បណ្ដោះអាសន្ន​នូវ​ហាង​លក់​ទាំងអស់​របស់​ខ្លួន​នៅ​អាមេរិក និង​អាល្លឺម៉ង់ ព្រមទាំង​ហាង​លក់​ទាំងអស់​នៅ​ប្រទេស​កាណាដា ព័រទុយហ្គាល់ និង​បែលហ្ស៊ិក​។ ការបិទ​ហាង​លក់​ទាំងនេះ បន្ទាប់ពី​ការប្រកាស​កាលពី​ថ្ងៃ​ចន្ទ​របស់​ក្រុមហ៊ុន​លក់រាយ​ថា ហាង​លក់​ទាំងអស់​នៅក្នុង​ប្រទេស​ស្វ៊ីស ក្រិក ស្លូវ៉ាគី លីទុយអានី ប៉េរូ អ៊ុយក្រែន ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រទេស​ស៊ីប​ក៏​ត្រូវបាន​បិទទ្វារ​ផងដែរ​។

លោក​ ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​អ្នកបញ្ជា​ទិញ​ជាច្រើន​កំពុង​ផ្អាក​ការបញ្ជាទិញ និង​លុបចោល​ការបញ្ជាទិញ និង​ថែមទាំង​បដិសេធ​ការទទួល​យក​ការបញ្ជាទិញ​ទំនិញ​ដែល​ផលិត​រួចហើយ​។ ការផ្អាក​នេះ​នឹង​មាន​រយៈពេល​ប្រហែល​ ១ ​ខែ​ទៅ​ ២ ​ខែ​។ លោក​បន្តថា​៖ «​នេះ​ប្រាកដ​ជា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លំហូរ​សាច់ប្រាក់​របស់​រោង​ចក្រ ដោយសារ​តែ​យើង​មិនអាច​លក់​ផលិតផល​របស់​យើង​»​។

បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ជាង​ ៥០០ ដែល​ស្រូបយក​កម្មករ​ជាង​ ៧០០ ០០០​ ​នាក់​។ ការនាំចេញ​របស់​ឧស្សាហកម្ម​នេះ​មាន​ចំណែក​ប្រហែល​ ៧០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា ខណៈ​កាលពី​ឆ្នាំមុន​ប្រទេស​នេះ​បាន​នាំចេញ​ដល់​ ៧,៥ ​ពាន់​លាន​ដុល្លារ​៕LA

វីដេអូ៖