ភ្នំពេញ៖ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ជាពិសេស​អ្នក​បញ្ជា​ទិញ​មិន​ត្រូវ​ដាក់​ទោសទណ្ឌ ឬ​ផ្អាក​ការ​បញ្ជា​ទិញ​លើ​សមាជិក​របស់​ខ្លួន​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បិទខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ទាំង​មូល និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល​រយៈពេល ១៤ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ១៥ មេសា។

ជាមួយ​នឹង​ការ​បន្ត​កើន​ឡើង​ និង​រក​ឃើញ​នូវ​អ្នក​កើត​ជំងឺ​កូវីដ ១៩ ជា​រៀងរាល់​ថ្ងៃ ជាពិសេស​ភាគ​ច្រើន​ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០ កុម្ភៈ រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃទី ១៤ ខែ​មេសា បាន​ចេញ​បទបញ្ជា​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ទាំង​មូល និង​ក្រុង​តាខ្មៅ​ នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ១៥ ខែ​មេសា ដល់​ថ្ងៃ​ទី ២៨ ខែ​ មេសា ឆ្នាំ ២០២១ ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

បញ្ហា​បិទ​ខ្ទប់​នេះ​ តម្រូវ​ឲ្យ​បិទ​អាជីវកម្ម​ទាំង​ឡាយ​ណា​ដែល​មិន​ចាំបាច់ និង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​នៅ​ក្នុង​ផ្ទះ និង​អាច​ចេញ​ក្រៅ​ផ្ទះ​លុះត្រា​តែ​មាន​ករណី​បន្ទាន់​ ឬ​ចាំបាច់​បំផុត។

យោង​តាម​សេចក្តី​អំពាវនាវ​របស់ GMAC ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ១៩ ខែ​មេសា វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ​មិន​ត្រូវ​​ចាត់​ទុក​ថា ជា​វិស័យ​ចាំបាច់​ដែល​ត្រូវ​បើក​ដំណើរការ​ប្រតិបត្តិការ​ក្នុង​អំឡុង​ការ​បិទ​ខ្ទប់​នេះ​ទេ​ ហេតុដូ​ច្នេះ វិស័យ​នេះ​ក៏​ត្រូវ​តែ​បិទ​ដំណើរការ​ដែរ។ សមាគម​ថា ការ​ខ្ទប់​នេះ​ក៏​កំពុង​បណ្តាល​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​វិស័យ​ភស្តុភារ ហើយ​យើង​មិន​អាច​ដឹក​ជញ្ជូន​វត្ថុធាតុ​ដើម និង​ផលិតផល​សម្រេច​បាន​ដោយ​សេរី។

សមាគម​បាន​ថ្លែង​បន្ត​ថា៖ «សមាជិក​របស់​យើង​មួយ​ចំនួន​ដែល​មិន​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ក៏​រង​ប៉ះពាល់​ផង​ដែរ ដោយសារ​បុគ្គលិក​របស់​គេ​រស់នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ហើយ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ។ រោងចក្រ​ទាំង​នេះ​មិន​អាច​ប្រតិបត្តិការ​ដូច​ធម្មតា។ នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ពន្យារ​ពេល​ផលិតកម្ម ព្រម​ទាំង​ការ​ខកខាន​មិន​អាច​បំពេញ​បាន​តាម​កាល​វិភាគ​ដឹក​ជញ្ជូន​ទំនិញ​ដែល​បាន​ព្រមព្រៀង​គ្នា»។

សមាគម​សូម​អំពាវនាវ​ឲ្យ​មាន​ការ​យោគយល់ និង​ជួយ​សម្របសម្រួល​សម្រាប់​ស្ថានភាព​ដ៏​លំបាក​នេះ។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​សហការ និង​គោរព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ត្រូវ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។ សមាគម​សូម​ជំរុញ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មិន​ត្រូវ​ដាក់​ទោសទណ្ឌ​លើ​សមាជិក​របស់​សមាគម​ចំពោះ​ស្ថានភាព​ដ៏​លំបាក​ដែល​លើស​ពី​ការ​គ្រប់គ្រង​របស់​យើង»។ ​នេះ​បើ​យោង​តាម​ការ​អំពាវនាវ​របស់ GMAC។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​របស់ GMAC បាន​ថ្លែង​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ព្រឹក​ថ្ងៃទី ២០ ខែ​មេសា​នេះ​ថា ជាមួយ​នឹង​ការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​បាន​ជួយ​សម្រួល​ខ្លះ​ដែរ​ដល់​ការ​ដឹក​ជញ្ជូន​នូវ​ត្ថុធាតុ​ដើម​មួយ​ចំនួន​ទៅ​កាន់​តំបន់​រោងចក្រ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បិទ​ខ្ទប់ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ប៉ុណ្ណោះ ដោយ​អនុលោម​តាម​វិធាន​សុខាភិបាល។

លោក​ថ្លែង​ថា៖ «បាទ គឺ​យើង​ទទួល​បាន​ការ​សម្របសម្រួល​ខ្លះ ប៉ុន្តែ​ការ​សម្របសម្រួល​នោះ​គឺ​អនុវត្ត​ទៅ​តាម​សុវត្ថិភាព​សុខភាព​សាធារណៈ គឺ​ដើម្បី​ធានា​បាន​នូវ​លទ្ធផល​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការ​បិទ​ខ្ទប់​នេះ។ យើង​សុខ​ចិត្ត​ឈឺ​ចាប់​រយៈពេល​ខ្លី ប៉ុន្តែ​ដើម្បី​ចំណេញ​រយៈពេល​វែង»។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជកម្ម ការ​នាំចេញ​ផលិតផល​សម្លៀក​បំពាក់ ស្បែក​ជើង និង​ទំនិញ​ធ្វើ​ដំណើរ​សរុប​មាន​ចំនួន ៩,៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ ដែល​បាន​ធ្លាក់​ចុះ​ជាង ១០ ភាគរយ​ ពី ១០,៦ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៩៕