ភ្នំពេញៈ ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ Grab នឹង​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី GrabMart ដែល​ជា​សេវា​ដឹកជញ្ជូន​ទំនិញ​ឆាប់រហ័ស​ប្រចាំ​ថ្ងៃ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​ (​ចន្ទ​) ​ដើម្បី​បម្រើ​អតិថិជន​នៅ​ទីក្រុង​ភ្នំពេញ និង​ជាការ​រួមចំណែក​ជួយ​អតិថិជន​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ជាមួយ​នឹង​សេវាកម្ម​នេះ​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុងភ្នំពេញ​អាច​ទិញ​គ្រឿងទេស អាហារ​កញ្ចប់ ផលិតផល​ថែរក្សា​សុខភាព ផលិតផល​ថែរក្សា​សម្រស់ កាដូ និង​ទំនិញ​ជាច្រើន​ទៀត​តាមរយៈ​កម្មវិធី Grab ដោយ​ការដឹកជញ្ជូន​នឹង​មាន​រយៈពេល​តិចជាង ១ ​ម៉ោង​។

លោក Hashim Alkaff ប្រធាន​ក្រុមហ៊ុន Grab ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ការចាប់ផ្តើម​នូវ​សេវាកម្ម​ថ្មីៗ​មួយ​ចំនួន​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន​ខ្មែរ​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​ទោះយ៉ាងណា​យើង​អាច​ផ្ដល់ជូន និង​ពង្រីក​សេវាកម្ម​ថ្មីៗ​ដើម្បី​ជួយ​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​។ នេះ​ក៏​ជា​ឱកាស​សម្រាប់​ដៃគូ​បើកបរ​របស់​យើង​ឲ្យ​ទទួល​បាន​ប្រភព​ប្រាក់ចំណូល​បន្ថែម​ទៀត​ផង​ដែរ​»​។ លោក​បន្តថា​៖ «​ក្នុង​កាលៈទេសៈ​ដូចនេះ ប្រជាជន​ត្រូវការ​ដំណោះស្រាយ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​ភាពខ្វះ​ចន្លោះ​នៅក្នុង​គ្រា​ដ៏លំបាក​បែប​នេះ សេវាកម្ម​រហ័ស​របស់​យើង​នឹង​រង់ចាំ​ជួយ​សម្រួល​ដល់​ពួកគេ​ជានិច្ច​»​។

នៅក្នុង​ដំណាក់កាល​ទើប​តែ​ចាប់ផ្ដើម​ដំបូង​សេវាកម្ម​នេះ​នឹង​មាន​វត្តមាន​នៅ​ចំកណ្ដាល​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ (​សង្កាត់​បឹងកេងកង សង្កាត់​ទួលទំពូង ខណ្ឌ​ដូនពេញ ខណ្ឌ​ទួលគោក និង​តំបន់​មួយចំនួន​ទៀត​ក្បែរ​សង្កាត់​ទាំងនេះ​) ហើយ​អតិថិជន​អាច​បង់ថ្លៃ​សេវា​ដឹកជញ្ជូន​របស់​ពួកគេ​ជា​សាច់ប្រាក់​ជាមួយ​ដៃគូ​បើកបរ​បាន ចំណែក​ទំនិញ​ដែល​ដឹកជញ្ជូន​ត្រូវ​មាន​តម្លៃ​មិន​លើសពី ៤០ ​ដុល្លារ​នោះទេ​។

Grab ក៏គ្រោង​នឹង​ពង្រីក​សេវាកម្ម​នេះ​ទៅ​គ្រប់​ទីកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​នាពេល​អនាគត​ដ៏ខ្លី​ខាងមុខនេះ​ផងដែរ ដោយ​នឹង​មាន​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន ដែល​នឹង​ត្រូវ​ដាក់បញ្ចូល​នាពេល​ឆាប់ៗ​ខាងមុខ​។

អតិថិជន​អាច​គ្រាន់តែ​បញ្ចូល​អាសយដ្ឋាន​របស់​ពួកគេ​នៅក្នុង​មុខងារ​កម្មវិធី GrabMart ក្នុង​កម្មវិធី Grab អតិថិជន​នឹង​ឃើញ​បញ្ជីរាយនាម​មុខទំនិញ​ដែល​អាច​ទិញ​បាន​នៅតាម​ហាង​ជិត​អាសយដ្ឋាន​បំផុត​។ ឈ្មោះ​ហាង​ទំនិញ​បង្ហាញ​នៅក្នុង​បញ្ជី​ទិញ​ទំនិញ​អាស្រ័យ​លើ​ទីតាំង​របស់​អតិថិជន​​រួមមាន ហាង​ថៃហួត គីវីម៉ាត ឱសថស្ថាន​យូឃែរ និង​វីននេស​កម្ពុជា​។

Grab គឺជា​កម្មវិធី​សេវា​ដឹកជញ្ជូន​ទំនិញ​ឆាប់រហ័ស​ប្រចាំថ្ងៃ​ឈានមុខ​គេ​របស់​អាស៊ីអាគ្នេយ៍​។ Grab ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ១៩ ខែ​ធ្នូ ឆ្នាំ​ ២០១៧​។

កាលពី​ចុងខែ​មេសា​កន្លងមក​ក្រុមហ៊ុន TADA របស់​កូរ៉េ​ខាង​ត្បូង​ដែល​ផ្តល់​សេវា​ដឹកជញ្ជូន​ដោយ​ប្រើ​ការបញ្ជា​តាម​ទូរស័ព្ទ​ដៃ​ក៏បាន​បើក​ដំណើការ​នូវ​សេវាកម្ម​ដឹកទំនិញ​ជូន​អតិថិជន​ផងដែរ​៕ LA