
អ្នកប្រើប្រាស់កំពុងបើកមើលកម្មវិធីហៅតាក់ស៊ីជិះរបស់ Grab នៅទីក្រុងភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ កម្មវិធីហៅតាក់ស៊ីជិះ Grab មានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃសុក្រក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ។
ស្ថិតក្រោមកិច្ចព្រមព្រៀងនេះភាគីទាំង ២ បានយល់ព្រមក្នុងការស្វែងរកការងាររួមគ្នាដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាប់ទាក់ទងនឹងការដឹកជញ្ជូនតាមរយៈការលើកកម្ពស់រថយន្តថាមពលស្អាត និងជីវៈឥន្ធនៈ ព្រមទាំងការគាំទ្រដល់ការប្រមូល និងការវិភាគលើទិន្នន័យ និងស្ថិតិការធ្វើចរាចរណ៍។
លោក Wee Tang Yee នាយកប្រចាំប្រទេសក្រុមហ៊ុន Grab Cambodia បានថ្លែងថា៖ «យើងជឿជាក់ថា ភាពជាដៃគូជាមួយ UNDP នេះនឹងជួយដល់ពួកយើងក្នុងការបង្កើនមហិច្ឆតារបស់យើងក្នុងការធ្វើឲ្យទីក្រុងអាស៊ីអាគ្នេយ៍ជាច្រើនកាន់តែស្អាត និងការរស់នៅកាន់តែយូរតាមរយៈការកែលម្អលើការគ្រប់គ្រងការធ្វើចរាចរណ៍»។
ជាមួយនឹងដៃគូបើកបរជាង ២,៤ លាននាក់ទូទាំងតំបន់អាស៊ីអាគ្នេយ៍ កម្មវិធី Grab សម្រាប់ក្រុមអ្នកបើកបររបស់ខ្លួនបានផលិតទិន្នន័យ GPS ពេលវេលាពិតប្រាកដដែលតាមដានដោយអនាមិកនៃតួនាទីរថយន្ត និងស្មាតហ្វូនដែលប្រែក្លាយឧបករណ៍ទាំងនេះទៅជាស្ថិតិការធ្វើចរាចរណ៍ដោយលម្អិត។
ទិន្នន័យនោះអាចត្រូវបានប្រើប្រាស់នៅក្នុងមធ្យោបាយផ្សេងៗដើម្បីជួយកាត់បន្ថយការកកស្ទះការធ្វើចរាចរណ៍ដោយការបង្កើនប្រសិទ្ធភាពផ្លូវធ្វើចរាចរណ៍ ការវិភាគពេលវេលាធ្វើដំណើរ ការកំណត់គំរូការធ្វើចរាចរណ៍ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែប្រសើរ។
លោក Nick Beresford នាយកប្រចាំប្រទេសនៃ UNDP Cambodia បានថ្លែងថា ភាពជាដៃគូជាមួយ Grab គឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តការហៅតាក់ស៊ីជិះជាទិន្នន័យ និងបច្ចេកវិទ្យាទាញយកពីកម្មវិធីនេះដើម្បីដោះស្រាយបញ្ហាបំពុលបរិយាកាសនៅទីក្រុង និងបញ្ហាការធ្វើចរាចរណ៍។
លោកបានថ្លែងថា៖ «យើងរីករាយពីការងារនេះ ហើយទន្ទឹងរង់ចាំការធ្វើការងាររួមជាមួយ Grab ដើម្បីកែលម្អប្រកបដោយស្ថិរភាព និងគុណភាពជីវិតរស់នៅសម្រាប់ប្រជាជនកម្ពុជា»៕LA