សិង្ហបុរីៈ ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ធ្វើឲ្យ​ឱកាស​សម្រាប់​វិនិយោគិន​មាន​ច្រើន​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច និង​តម្រូវការ​ពី​កំណើន​នេះ​។

មាន​ការវិនិយោគ​ជាច្រើន​ដែល​កំពុង​បង្ហាញ​ពី​សក្តានុពល​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​នោះ​រួមមាន​បដិសណ្ឋារកិច្ច សណ្ឋាគារ ផ្សារទំនើប និង​កំណើន​អគារ​ពាណិជ្ជកម្ម​ដែល​កំពុង​ជំរុញ​ឲ្យ​មាន​កំណើន​តម្រូវការ​ម៉ូទ័រ​ទឹក​គុណភាព​ខ្ពស់ ដើម្បី​ដំណោះស្រាយ​លើ​ការ​ផ្គត់ផ្គង់​ទឹក​ប្រកប​ដោយ​គុណភាព​។

នៅ​ប្រទេស​សិង្ហបុរី​អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ហ៊ គីមសាយ បាន​ជួប​សម្ភាស​លោក Tan Chee Meng នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់​នៅ​ក្រុមហ៊ុន Water Utility of Grundfos ជា​ក្រុមហ៊ុន ផលិត​ម៉ូទ័រ​ទឹក​ឈាន​មុខ​គេ​ជាច្រើន​លើ​ពិភពលោក​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក ដើម្បី​ចង់​ដឹង​អំពី​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

តើ​ក្រុមហ៊ុន​លោក​បាន​លក់​ផលិតផល​នេះ​នៅ​កម្ពុជា​រយៈពេល​យូរ​ប៉ុន្មាន​ហើយ​? ហើយ​រហូត​មក​ដល់​ពេល​នេះ តើ​វា​មាន​ផ្លាស់ប្តូរ​ដូចម្ដេច​ដែរ​?

ក្រុមហ៊ុន Grundfos មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ជាង​ ១០ ​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិតផល​ម៉ូទ័រ​ទឹក​ឈាន​មុខ​គេ​នៅក្នុង​ប្រទេស​នេះ​។ យើង​មាន​តំណាង​ផ្នែក​លក់​នៅក្នុង​ប្រទេស​នេះ​ព្រម​ទាំង​ដៃគូ​ដែល​ទទួល​បាន​សិទ្ធិ​ចែកចាយ​ដូចជា​ក្រុមហ៊ុន Sun Hour និង​ក្រុមហ៊ុន DEMEP Co., Ltd ដែល​ផ្ដោតលើ​សេវា​អគារ​ក្នុង​ស្រុក និង​សេវា​ប្រើប្រាស់​ទឹក​។

តើ​អាជីវកម្ម​យ៉ាង​ដូចម្តេច​ដែរ​កាលពី​ឆ្នាំ​ ២០១៧? ​ហើយ​តើ​ការរំពឹង​ទុក​យ៉ាងណា​ដែរ​សម្រាប់​ឆ្នាំ​ ២០១៨?

ក្រុមហ៊ុន Grundfos បាន​ទទួល​បាន​កំណើន​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ពី ១០​ ទៅ​ ១៥ ​​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក​។ កំណើន​នេះ​អាច​បណ្ដាល​មកពី​កំណើន​តម្រូវការ​ម៉ូទ័រ​បូមទឹក​មាន​គុណភាព​ខ្ពស់​។ យើង​រំពឹង​ថា​នឹង​មើល​ឃើញ​កំណើន​ ២ ​ខ្ទង់​នេះ​បន្ត​នៅ​ក្នុង​ឆ្នាំ​ ២០១៨​។

តើ​ផលិតផល​ប្រភេទ​ណា​ដែល​បាន​លក់​ភាគច្រើន​នៅ​ទីផ្សារ​កម្ពុជា​? ហេតុ​អ្វី​?

យើង​ផ្ដោត​លើ​ការផ្ដល់​ដល់​ទីផ្សារ​កម្ពុជា​នូវ​គុណភាព​ខ្ពស់​ដំណោះស្រាយ​គុណភាព​ខ្ពស់ ។ ទាក់ទង​នឹង​ការផ្ដល់​អគារ​ពាណិជ្ជកម្ម​របស់​យើង យើង​បាន​មើល​ឃើញ​តម្រូវការ​ម៉ូទ័រ​រុញ​ទឹក​។

បច្ចុប្បន្ន​យើង​ទើប​នឹង​បញ្ចប់​គម្រោង​សម្រាប់​ធនាគារ UCB Bank ជា​ដៃគូ​ជាមួយ​ Lotus Green ជា​ក្រុមហ៊ុន​ម៉ៅការ​បន្ត​គម្រោង​ក្នុង​ស្រុក​ចំពោះ​អ្នក​ដែល​យើង​បាន​ផ្គត់ផ្គង់​ម៉ូទ័រ​ទឹក​ប្រភេទ​ផ្សេងៗ​សម្រាប់​ការប្រើប្រាស់​ដូចជា ម៉ាស៊ីន​ផ្លាស់ប្តូរ​ទឹក ម៉ូទ័រ​រុញ​ទឹក ការគ្រប់គ្រង​ទឹក​សំណល់ និង​ម៉ូទ័រ​ទឹក​ពន្លត់​អគ្គិភ័យ​។ គម្រោង​មួយ​ចំនួន​ផ្សេង​ទៀត​រួម​មាន​អតិថិជន​ដូចជា អគារ​វឌ្ឍនៈ សណ្ឋាគារ Great Duke (​អតីត អ៊ីនធើកុងទីណង់តាល់​) និង​ក្រុមហ៊ុន Gate-Way Development & Alexis Condominium​។

ទាក់ទង​នឹង​ការប្រើប្រាស់​ទឹក យើង​កំពុង​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​របស់​ប្រទេស​កម្ពុជា តាមរយៈ​ដំណោះស្រាយ​ជំរុញ​ការចែកចាយ​។ វា​ជា​ប្រព័ន្ធ​ចែកចាយ​ទឹក​ដ៏វៃឆ្លាត​ដែល​កែតម្រូវ​ជា​ស្វ័យប្រវត្តិ​នៃ​លំហូរ​ចូល​ទឹក តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ចាប់​សញ្ញា​បញ្ជា​ពី​ចម្ងាយ ការកាត់បន្ថយ​សម្ពាធ​លើសលុប​នៅ​ក្នុង​ទុយោទឹក​ដែល​កម្រិត​ការ​ធ្លាយ និង​ការខាតបង់​ទឹក កាត់បន្ថយ​ការចំណាយ និង​ថាមពល​។

តើ​វិស័យ​ដ៏ចម្បង​ណា​មួយ​ក្រុមហ៊ុន Grundfos ផ្តោត​ទៅ​លើ​? តើ​វិស័យ​ណា​មួយ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​បំផុត​សម្រាប់​ផលិតផល​របស់​អ្នក​?

អាជីវកម្ម​របស់​ក្រុមហ៊ុន Grundfos នៅក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​ផ្ដោត​លើ​សេវា​អគារ​ពាណិជ្ជកម្ម និង​សេវា​ការ​ប្រើប្រាស់​ទឹក​។ តាម​ចក្ខុវិស័យ​ឧស្សាហកម្ម វិស័យ​ដ៏សំខាន់​មួយ​ដែល​យើង​បាន​ផ្ដោត​លើ​គឺ​ឧស្សាហកម្ម​ស្រា​បៀរ​ដែល​យើង​ផ្ដល់​ម៉ូទ័រ​ផ្លាស់ប្តូរ​ទឹក និង​ម៉ូទ័រ​រុញ​ទឹក​ផ្សេងៗ​ដែល​តម្រូវ​នៅក្នុង​ដំណើរការ​ផលិតកម្ម​របស់​ពួកគេ​។

វិស័យ​កំណើន​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​រួមមាន​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច ដូចជា សណ្ឋាគារ និង​ផ្សារ​ទំនើប ព្រម​ទាំង​សេវា​ហិរញ្ញវត្ថុ អគារ​ពាណិជ្ជកម្ម និង​មន្ទីរពេទ្យ​។

តើ​អ្នក​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​ពង្រីក​នៅ​ទីផ្សារ​កម្ពុជា​ដែរ​ឬ​ទេ​?

ការ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​យើង​នឹង​ផ្ដោត​កាន់តែ​ច្រើន​លើ​សេវា​អគារ​ក្នុង​ស្រុក ខណៈ​ការ​ធ្វើ​គម្រោង​សម្រាប់​អគារ​ពាណិជ្ជកម្ម​នានា​។ យើង​កំពុង​ស្វែងរក​ទីផ្សារ​កម្ពុជា​សម្រាប់​ឱកាស​ប្រព្រឹត្ត​កម្ម​ទឹក​សំណល់​។

យើង​កំពុង​ធ្វើ​ផែនការ​លើ​ការពង្រីក​ធនធាន​មនុស្ស​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​ដល់​ពួកយើង​នូវ​ចំណេះដឹង និង​ជំនាញ​ស៊ីជម្រៅ​នៅ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​អគារ​ពាណិជ្ជកម្ម ថាមពល និង​ស្វ័យប្រវត្ដិកម្ម​។

ជាមួយ​គ្នា​នេះ​ដែរ​​ យើង​នឹង​ផ្ដោត​លើ​ការធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ម៉ៅ​ការបន្ត​កម្ពុជា​ក្នុង​ស្រុក​ដែល​កំពុង​ត្រូវការ​គម្រោង​កាន់តែ​ច្រើន និង​ជួយ​ក្នុង​ការ​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​វិស័យ​អគារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​៕LA