ភ្នំពេញ: In Hai Decoration (Cambodia)Co., Ltd គឺជា​ក្រុមហ៊ុន​ដំបូង​គេ​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ជោគជ័យ​ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពាក់កណ្តាល​ខែមិថុនា​។

លោក​ មាស សុខសេនសាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​អាជីវកម្ម​នៅ​ថ្ងៃទី ២២ ខែមិថុនា ហើយ​ទទួល​បាន​ការអនុម័ត​ពី​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ថ្ងៃទី​ ២៥ ខែ​មិថុនា ដោយ​ចំណាយពេល​ត្រឹមតែ​ ៤ ​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​។

លោក​ថ្លែងថា​៖ «​ក្រសួង​នឹង​ធ្វើការ​ពង្រីក​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ទៅតាម​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​នៅពេល​អនាគត ដើម្បី​សម្រួល​ដល់​ការចុះបញ្ជី​អាជីវកម្ម​កាន់តែ​មាន​ភាពងាយស្រួល​»​។

លោក​ ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ការងារ​អន្តរក្រសួង​រៀបចំ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ថ្មី​នេះ​កាលពី​ថ្ងៃទី​ ១៥ មិថុនា ថា​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បំពេញ​ទម្រង់​ចុះបញ្ជី​អាជីវកម្ម​តែ​ ១ ​លើក​គត់​ដោយ​ចំណាយពេល​យ៉ាងយូរ​ត្រឹម ៨ ​ថ្ងៃ​ប៉ុណ្ណោះ​។

លោក​បន្តថា រាល់​ទិន្នន័យ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​នឹង​បញ្ជូន​ទៅដោយ​ស្វ័យប្រវត្តិ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​មហាផ្ទៃ ក្រសួង​ការងារ អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​។

លោក​ថ្លែងថា​៖ «​រាល់​ដំណើរការ​ទាំងអស់​នឹង​ធ្វើ​ឡើង​ទាំងស្រុង​តាម​អនឡាញ ពុំមាន​ការប្រើប្រាស់​ឯកសារ​រូបី​ទេ ការបង់ថ្លៃ​សេវា​ក៏ត្រូវ​ធ្វើឡើង​តាម​អនឡាញ​ដែរ ហើយ​ឯកសារ​វិញ្ញាបនបត្រ​ដែល​ចេញ​ដោយ​ក្រសួង​សា្ថប័ន​ក៏​នឹង​ផ្តល់​ជូន​ជា​ទម្រង់​ឌីជីថល​ដែល​អាច​បោះពុម្ព​ដោយ​ខ្លួនឯង​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ​»​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែងថា កំណែទម្រង់​នេះ​នឹង​រួមចំណែក​លើកកម្ពស់​ភាពទាក់ទាញ​របស់​កម្ពុជា​នឹង​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ទិសដៅ​វិនិយោគ​ប្រកប​ដោយ​សក្តានុពល​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើ និង​លើកទឹកចិត្ត​ឲ្យ​ធុរជន​ប្រើប្រាស់ និង​ទាញយក​ប្រយោជន៍​ពី​ប្រព័ន្ធ និង​យន្តការ​នៃ​ការចុះបញ្ជី​អាជីវកម្ម​ថ្មី​នេះ​ឲ្យ​អស់ពី​សក្តានុពល​»​។

ការចុះបញ្ជី​ក្នុង​យន្តការ​ថ្មី​នេះ​គឺ​ក្រសួង​ពាណិជ្ជកម្ម​បាន​កាត់បន្ថយ​ការចំណាយ​ ៤០ ​ភាគរយ ការបង់ពន្ធ​ប៉ាតង់​សម្រាប់​ឆ្នាំ​ដែល​ធ្វើការ​ចុះបញ្ជី​បាន​កាត់បន្ថយ​ ៥០ ​ភាគរយ ហើយ​ការបង់ពន្ធ​ប្រថាប់ត្រា​នៃ​ឯកសារ​ចុះបញ្ជី​ថ្មី​នេះ​ត្រូវ​បាន​លើកលែង និង​មិន​តម្រូវ​ឲ្យ​ធុរជន​ថតរូប​ស្កេ​​ម្រាមដៃ ក្រោយពី​ចុះបញ្ជី​អាជីវកម្ម​ភ្លាមៗ​ឡើយ​។ ​នេះ​បើតាម​លោក ផល្លា​៕ LA