ភ្នំពេញ៖ ក្រុមហ៊ុន Haystack Canada ​ដែល​ជា​ក្រុមហ៊ុន​វិនិយោគទុន​អាមេរិក​ខាង​ជើង​បាន​ទិញ​យក​ក្រុមហ៊ុន ហនុមាន ឃែភីថល​ ដែល​ជា​ស្ទូឌីយោ​ច្នៃប្រឌិត​និង​អភិវឌ្ឍន៏​គម្រោង​នៅ​កម្ពុជា​នឹង​បញ្ចូល​គ្នា​បង្កើត​ជា​ក្រុមហ៊ុន Haystack Asia Capital Company Limited។

Haystack Canada និង​ក្រុមហ៊ុន ហនុមាន ឃែភីថល នឹង​រួម​បញ្ចូល​ប្រតិបត្តិការ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ដែល​ទើប​នឹង​ចាប់​ផ្តើម​ និង​សហគ្រិន​ដែល​កំពុង​លេចធ្លោ​នៅ​ កាណាដា និង កម្ពុជា។ កិច្ច​ព្រមព្រៀង​សម្រាប់​ផល​ប័ត្រ​ហនុមាន ឃែភីថល ទាំង​មូល​ រួម​ទាំង​ទ្រព្យ​សម្បត្តិ​និង​កម្មសិទ្ធិ​ឌីជីថល​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ឈានដល់​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​​អាមេរិក។

Haystack Canada គឺជា​វិនិយោគិន​ដែល​កំពុង​រីក​ចម្រើន​និង​កំពុង​បណ្តាក់​ទុន​លើ​ក្រុមហ៊ុនថ្មីៗ ដែល​ទើប​បង្កើត​ឡើង​ដែល​មាន​ដូចជា ក្នុង​វិស័យ​បច្ចេកវិទ្យា ការ​អភិវឌ្ឍ​អចលនទ្រព្យ​កីឡា កីឡា​អេឡិចត្រូនិក និង អាហារ និង ភេសជ្ជៈ។ Haystack Asia បាន​គ្រោង​ជា​ទឹក​ប្រាក់​ជាង ២ លាន​ដុល្លារ​អាមេរិក​ដើម្បី​បណ្តាក់​ទុន ឬ វិនិយោគ​លើ​គម្រោង​ឌីជីថល​នៅ​កម្ពុជា។

លោក Frédéric H. Proulx ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ហនុមាន ឃែភីថល​មាន​ប្រសាសន៍​ថា៖ «យើង​មើល​ឃើញ​នូវ​ឱកាស​ដ៏​ល្អ​មួយ​ ដើម្បី​ភ្ជាប់​អង្គភាព​ទាំង​ពីរ​នេះហើយ​យើង​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​ គឺជា​ទីផ្សារ​ដ៏​ល្អ​ប្រសើរ​មួយ​ ដែល​ប្រកប​ដោយការ​​ច្នៃប្រឌិត​និង​អាច​ធ្វើ​ការ​ជាមួយ​ធនធាន​មនុស្ស​ដែល​មាន​ទេពកោ​សល្យ ​ដើម្បី​ជម្នះ​ឧបសគ្គ​ដែល​សេដ្ឋកិច្ច​ដ៏​រីក​ចម្រើន​របស់​ប្រទេស​នេះ​ត្រូវ​ប្រឈម»។ ឥឡូវ​នេះ Frédéric H. Proulx ក្លាយ​ជា​ដៃគូ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Haystack Asia ។

លោក Proulx ដែល​ក៏​ជា​ប្រធាន​សភាពាណិជ្ជកម្ម​កាណាដា (CanCham) ដែរ​នោះ បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «យើង​មាន​អ្នក​វិនិយោគ​និង​អ្នក​ណែនាំ​ដែល​មាន​បទពិសោធន៍​និង​មាន​ទេពកោសល្យ​ ព្រម​ទាំង​​ចង់​បង្រៀន​និង​គាំទ្រ​ដល់​​សហគ្រិន​វ័យ​ក្មេង​នៅ​ កាណាដា កម្ពុជា និង​អាស៊ី​អាគ្នេយ៍»។

ក្រុមហ៊ុនថ្មី​នេះ​ឈ្មោះ Haystack Asia នឹង​មាន​យីហោ​ដូចគ្នា​នឹង Haystack Canada ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង កេបិច ប៉ុន្តែ​នឹង​នៅតែ​ជា​នីតិបុគ្គល​ដាច់​ដោយ​ឡែក។ Haystack Canada បាន​វិនិយោគ​នៅ Winter Farm ដែល​ជា​មជ្ឈមណ្ឌល​កសិកម្ម​ក៏ដូចជា រោងចក្រ​ផលិតស្រា​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប។

Haystack Asia នឹង​ប្រតិបត្តិការ​រាល់​គម្រោង​របស់​ក្រុមហ៊ុន ហនុមាន ឃែភីថល រួម​មាន​គម្រោង​ បច្ចេកវិទ្យា Wonderpass ដែល​បណ្តាក់​ទុន​លើ​បច្ចេកវិទ្យា​កក់​សំបុត្រ​ដ៏​ឆ្លាតវៃ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង​ទេសចរណ៍​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​និង Bong Tees ដែល​ជា​យីហោ​សម្លៀក​បំពាក់​និង​ការ​ឌីហ្សាញ​ប្រកប​ដោយ​ការ​ឆ្នៃប្រឌិត ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​ដែល​នឹង​បើក​​លក់នៅ​ថ្ងៃទី ១៥ ខែ​មេសា​ឆ្នាំ​នេះ។

ក្រុមហ៊ុនហនុមាន ក៏​កំពុង​អភិវឌ្ឍ​កម្ម​វិធី​ Huggr ដែល​ជា​គេហទំព័រចែក​រំលែក​សកម្មភាព​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ ២០២១ សម្រាប់​ទីផ្សារ​ក្នុង​តំបន់​មួយ​ចំនួន​រួម​មាន​ប្រទេស​ កម្ពុជា និង វៀតណាម។

ក្រៅ​ពី​នេះ​ ក្រុមហ៊ុន​ហនុមាន ឃែភីថល ក៏​មាន​គម្រោង​អភិវឌ្ឍន៍​ដី​រួម​ទាំង​ចម្ការ​កាហ្វេ​និង​រីស្សត​នៅ​ខេត្ត​មណ្ឌលគីរី​និង​វីឡា​នៅ​ក្រុងកែប ដែល​បច្ចុប្បន្ន​នេះ គ្រប់គ្រង​ដោយ Haystack Asia Properties ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Haystack Asia។

ក្រុមហ៊ុន ហនុមាន ឃែភីថល ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៩។ ក្នុង​ខែ​មករា ហនុមាន ឃែភីថល បាន​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​ជំនួយ​ផ្តាច់​មុខ​ប្រចាំ​ឆ្នាំ ២០២១ សម្រាប់ CanCham។ Haystack Asia នឹង​កាន់​កាប់​ការ​ឧបត្ថម្ភ​នេះ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូមចូល​មើល​គេហទំព័រ Haystack នៅ haystack.fund