
សាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករមួយនៅក្នុងទីក្រុងភ្នំពេញ។ ហត្ថាកសិករជាគ្រឹះស្ថានឯកជនដំបូងគេដែលចេញមូលបត្របំណុល។ ជីវ័ន
ភ្នំពេញៈ មូលបត្របំណុលសាជីវកម្មដំបូងគេនៅកម្ពុជាដែលចេញលក់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ (HKL) ត្រូវបានលក់ចេញអស់ហើយទៅឲ្យវិនិយោគិនជាស្ថាប័នក្នុងអំឡុងការធ្វើបរិវិសកម្ម ដែលធ្វើឲ្យ HKL អាចប្រមូលមូលធនបាន ១២០ ពាន់លានរៀល (៣០ លានដុល្លារ) ដោយជោគជ័យ។
មូលបត្របំណុល សាជីវកម្មរបស់ HKL នេះត្រូវបានធានាទិញដោយក្រុមហ៊ុន SBI Royal Securities ហើយត្រូវបានបើកឲ្យមានការបញ្ជាទិញក្នុងដំណាក់កាលបរិវិសកម្មចន្លោះពីថ្ងៃ ៨ វិច្ឆិកា ដល់ ១៣ វិច្ឆិកា។ មូលបត្រសាជីវកម្មនេះត្រូវបានបោះផ្សាយលក់ចំនួន ១,២ លានប័ណ្ណ ដោយក្នុងមួយប័ណ្ណមានតម្លៃ ១០០,០០០ រៀល។
មូលបត្របំណុលត្រូវបានសម្រេចទិញលក់ក្នុងដំណាក់កាលបរិវិសកម្មក្នុងអត្រាការប្រាក់ ៨,៥ ភាគរយក្នុង ១ ឆ្នាំ ដោយមានរយៈពេល ៣ ឆ្នាំ (ការទូទាត់នៅពាក់កណ្ដាលឆ្នាំ)។
លោក សេង ចាន់ធឿន នាយកគ្រប់គ្រងក្រុមហ៊ុន SBI Royal Securities បានឲ្យដឹងកាលពីម្សិលមិញថា មូលបត្របំណុលសាជីវកម្មនេះ ត្រូវបានរំពឹងថា នឹងត្រូវយកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ៥ ខែធ្នូ បន្ទាប់ពីការបញ្ចប់ការធ្វើបរិវិសកម្មដោយជោគជ័យរួចមក។
លោកបន្ថែមថា SBI Royal កំពុងរៀបចំបញ្ជីឈ្មោះវិនិយោគិនជោគជ័យដែលបានទិញមូលបត្របំណុលសាជីវកម្មនេះក្នុងដំណាក់កាលបរិវិសកម្មដើម្បីដាក់ជូនគណៈកម្មការមូលបត្រកម្ពុជា (SECC) សម្រាប់ការអនុម័ត ហើយក៏ត្រៀមដាក់ពាក្យសុំការចុះបញ្ជី ទៅ CSX ដើម្បីអាចចុះបញ្ជីជួញដូរជាសាធារណៈនៅថ្ងៃ ៥ ខែធ្នូ ដូចដែលបានគ្រោងទុក។
លោកថ្លែងថា៖ «នៅមានតម្រូវការទិញច្រើនទៀតពីវិនិយោគិន។ ទីផ្សារប័ណ្ណបំណុលសាជីវកម្មនេះ គឺងាយស្រួលលក់ និងងាយស្រួលរកវិនិយោគិនមែនទែន»។ លោកបន្ថែមថា អត្រាការប្រាក់សម្រាប់មូលបត្របំណុលរបស់ HKL មានភាពទាក់ទាញសម្រាប់ក្រុមវិនិយោគិនស្ថាប័ន។
លោកបញ្ជាក់ថា៖ «មានក្រុមវិនិយោគិនលក្ខណៈបុគ្គលទាក់ទងពួកយើងដើម្បីទិញមូលបត្រនេះ ប៉ុន្តែក្រុមវិនិយោគិនស្ថាប័នបានទិញទាំងអស់រួចទៅហើយ»។
លោក ចាន់ធឿន ឲ្យដឹងថា មានក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ និងសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជាជាច្រើន បានបង្ហាញចំណាប់អារម្មណ៍លើការបោះផ្សាយលក់មូលបត្របំណុលនេះដើម្បីកៀរគរប្រភពទុន និងកំពុងរៀបចំនីតិវិធីដើម្បីចូលទីផ្សារនេះ។
សម្រាប់មូលបត្របំណុលរបស់ក្រុមហ៊ុន HKL សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកជាវិនិយោគិនដ៏សំខាន់មួយ ដែលវិនិយោគ ២០ លានដុល្លារ ដើម្បីទិញមូលបត្របំណុលនេះ ស្មើនឹង ៦៦ ភាគរយនៃការចេញមូលបត្របំណុលសរុបរបស់ HKL។ ធនាគារវឌ្ឍនៈ ជាវិនិយោគិនឈានមុខគេមួយទៀត ដែលវិនិយោគ ៥ លានដុល្លារ ខណៈមូលបត្របំណុល ដែលនៅសល់ ត្រូវបានទិញដោយធនាគារពាណិជ្ជ និងក្រុមហ៊ុនធានារ៉ាប់រង។
មូលបត្របំណុលសាជីវកម្មរបស់ក្រុមហ៊ុន HKL នៅពេលជួញដូរនៅផ្សារភាគហ៊ុនជាផ្លូវការ នឹងក្លាយជាក្រុមហ៊ុនទី ៦ ដែលចុះបញ្ជីនៅ CSX)។ ក្រុមហ៊ុន ៥ ផ្សេងទៀតសុទ្ធសឹងជាការចុះបញ្ជីជួញដូរភាគហ៊ុន។
យោងតាមលោក ចាន់ធឿន សកម្មភាពជួញដូរមូលបត្របំណុលត្រូវពឹងផ្អែកលើការប្រែប្រួលអត្រាការប្រាក់នៃប្រាក់បញ្ញើ នៅតាមបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាទូទៅនៅពេលអត្រាការប្រាក់បញ្ញើធ្លាក់ចុះ ក្រុមវិនិយោគិនអាចស្វែងរកទិញមូលបត្របំណុលដោយសារវាមានភាពទាក់ទាញជាង។ ផ្ទុយទៅវិញ បើអត្រាការប្រាក់បញ្ញើកើនឡើងខ្ពស់ វិនិយោគិនអាចគិតថា ការទិញមូលបត្របំណុលមិនសូវទាក់ទាញ។
លោក ល្មុន សូឡី ប្រធាននាយកដ្ឋានចុះបញ្ជី និងផ្តល់ព័ត៌មាននៃ CSX បានឲ្យដឹងថា មូលបត្របំណុលសាជីវកម្មជាទូទៅអាចមានសកម្មភាពជួញដូរតិចជាងធៀបនឹងការជួញដូរភាគហ៊ុន ដោយសារថាអ្នកកាន់មូលបត្របំណុល តែងរំពឹងអត្រាការប្រាក់។
លោកបន្តថា មានការបារម្ភថា សម្រាប់ទីផ្សារមូលបត្របំណុលនេះមានអ្នកចង់ទិញ តែមិនមានអ្នកចង់លក់ ហើយ CSX ធ្លាប់ចរចាជាមួយវិនិយោគិនស្ថាប័នដើម្បីឲ្យគាត់ដាក់លក់មូលបត្របំណុលខ្លះទៅឲ្យវិនិយោគិនរាយជាលក្ខណៈបុគ្គល។
លោកថ្លែងថា៖ «ទាក់ទងនឹងមូលបត្របំណុលសាជីវកម្មនេះ មានអ្នកចង់បោះច្រើន ហើយភាគច្រើនជាស្ថាប័នហិរញ្ញវត្ថុ ជាធនាគារ និងមីក្រូហិរញ្ញវត្ថុ»។ លោកបន្តថា៖ «ចំនួនបោះ និងចុះបញ្ជី [ជួញដូរប័ណ្ណបំណុល] អាចប្រហែលចំនួន [ក្រុមហ៊ុនបោះផ្សាយ] លក់ភាគហ៊ុន ឬច្រើនជាងផងក៏ថាបានសម្រាប់ឆ្នាំក្រោយ»៕ LA