ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ និង​កសិកម្ម Hong Lai Huat Group Limited របស់​សិង្ហបុរី​ដែល​បច្ចុប្បន្ន​វិនិយោគ​លើ​ការដាំដុះ​ និង​រោងចក្រ​កែច្នៃ​ម្សៅដំឡូងមី​លើ​ផ្ទៃដី​ជិត​ ១ ​ម៉ឺន​ហិកតា ​ក្នុង​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ៧ ខែ​កញ្ញា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ (MoU) ជាមួយ Skiold ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​កសិកម្ម​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក​ក្នុង​គោលបំណង​សហការ​ អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស កសិកម្ម​កម្ពុជា-សិង្ហបុរី ជាមួយ​នឹង​តម្លៃ​វិនិយោគ​ប៉ាន់ប្រមាណ​ ១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ក្រុម Hong Lai Huat Group​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា គោលបំណង​នៃ MoU ​ដែល​បាន​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ទាំង​ ២ ​នឹង​បង្កើត​មូលដ្ឋាន​នៃ​វេទិកា​ក្នុង​ការផ្លាស់ប្តូរ​កិច្ចសហប្រតិបិត្តការ​ទៅវិញ​ទៅមក​លើកដំបូង ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​បច្ចេកទេស​នៅក្នុង​វិស័យ​ចិញ្ចឹមសត្វ ដូចជា មាន់ទា និង​គោក្របី ព្រមទាំង​ការកែច្នៃ​គ្រាប់ពូជ​ផលិតផល​កសិកម្ម​សម្រាប់​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​នេះ​បន្តថា នៅក្នុង​រយៈពេល​ ៦ ​ខែ ពួកគេ​នឹង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ទិដ្ឋភាព​ខាងលើ​នេះ​ជាមុនសិន មុន​ពេល​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​ត្រូវអនុវត្ត​ជា​ចាំបាច់​គឺ​គំនិត​ផ្តួចផ្ដើម​បង្កើត​ការផលិត​បសុសត្វ និង​ពូជ​ផលិតផល​កសិកម្ម​នៅក្នុង​តំបន់​សេដ្ឋកិច្ច​កសិកម្ម​កម្ពុជា សិង្ហបុរី​នេះ​។

លោក Ong Jia Jing អ្នកគ្រប់គ្រង​ទូទៅ និង​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន Hong Lai Huat Group បាន​ឲ្យ​ដឹងថា​៖ «​យើង​រីករាយ​ខ្លាំងណាស់​ដោយមាន MoU ​ជាមួយ​ក្រុមហ៊ុន Skiold A/S លើ​កិច្ចសហប្រតិបត្តិការ​ដ៏មាន​សក្ដានុពល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​កសិកម្ម​»​។

លោក​បាន​លើក​ឡើង​ទៀតថា នៅក្នុង​ពិភពលោក​មួយ​ដែល​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ជំងឺ​កូវីដ​ ១៩ សន្ដិសុខ​ស្បៀងអាហារ​គឺជា​បញ្ហាសំខាន់​ខ្លាំង​បំផុត​ដែល​ប្រទេស​ទាំងអស់​កំពុង​ស្វែងរក​ដំណោះស្រាយ​។

លោក​អះអាង​ថា​៖ «​យើង​ជឿជាក់​ថា ការសហការ​នេះ​នឹង​មានន័យ​បំផុត និង​ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុមហ៊ុន​របស់​យើង​ទាំង​ ២ ហើយនឹង​អាច​ឲ្យ​ពួកយើង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ព្រមទាំង​ប្រទេស​សិង្ហបុរី​ផងដែរ​»​។

លោកស្រី Sussie Ketit នាយក​ប្រចាំ​តំបន់​ទទួល​បន្ទុក​ក្រុមហ៊ុន Skiold A/S បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ជាង​ ១៤០ ​ឆ្នាំ​នៃ​ការអភិវឌ្ឍ ការព្យាករ និង​ការផលិត​គ្រឿងចក្រ​ទំនើប​សម្រាប់​កសិឧស្សាហកម្ម Skiold ​ជា​ក្រុមហ៊ុន ដែល​មាន​បទពិសោធ​ច្រើន​បំផុត​នៅក្នុង​វិស័យ​ទាំងនេះ ដែល​ផ្ដល់​គម្រោង​ជាច្រើន​ប្រកប​ដោយ​ភាពជោគជ័យ​ជុំវិញ​ពិភពលោក​។

លោកស្រី Ketit បាន​ឲ្យ​ដឹងថា​៖ «​ការធ្វើ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ជំនាញ​ដ៏ទូលំទូលាយ​ផ្នែក​ឧស្សាហកម្ម​ចិញ្ចឹមសត្វ យើង​មើលឃើញ​ថា ការសហការ​នេះ​ជា​ការតភ្ជាប់​ដ៏ល្អ​បំផុត ហើយ​សង្ឃឹម​ថា យើង​នឹង​មើលឃើញ​លទ្ធផល​វិជ្ជមាន​បាន​ពី​គំនិត​ផ្តួចផ្ដើម​នេះ មិន​គ្រាន់តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ប្រទេស​សិង្ហបុរី​ផងដែរ​»​។

លោកស្រី Ketit ថ្លែងថា​៖ «​យើង​គិតថា តាមរយៈ​គំនិត​ផ្ដួចផ្ដើម​នេះ​ជា​លទ្ធផល​ជួយ​ប្រទេស​សិង្ហបុរី​សម្រេច​បាន​តាម​​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០»​។

លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ជួយ​អភិវឌ្ឍ​ខេត្ត​នេះ បង្កើត​ការងារ​កាន់តែច្រើន និង​ទីផ្សារ​ថ្មីៗ​សម្រាប់​ផលិតផល​កសិកម្ម​។

លោក សំណាង បញ្ជាក់ថា​៖ «​ខ្ញុំ​ស្វាគមន៍ និង​គាំទ្រ​ពួកគេ​។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​វិនិយោគ​នៅក្នុង​ខេត្ត​នេះ ដើម្បី​ជួយ​បង្កើន​ចង្វាក់​ផលិតកម្ម ជាពិសេស​ស្វែងរក​ទីផ្សារ​សម្រាប់​កសិករ​»​។

ក្រុមហ៊ុន Hong Lai Huat គឺជា​ប្រតិបត្តិករ​ចម្ការ​ដំឡូងមី​ឈានមុខ​គេ​មួយ និង​ជា​ក្រុមហ៊ុន​ផលិត​ម្សៅដំឡូងមី​នៅក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ប្រទេស​កម្ពុជា​សម្រាប់​អ្នកប្រើប្រាស់​ឧស្សាហកម្ម​ស្បៀងអាហារ​នៅ​អឺរ៉ុប និង​អាស៊ីអាគ្នេយ៍​។

ក្រុមហ៊ុន​នេះ គ្រប់គ្រង​ផ្ទៃដី​ដាំដុះ​ដំឡូងមី​ប្រហែល ៩ ០០០ ​ហិកតា​ ដោយ​ផលិត​ម្សៅដំឡូងមី​ដែល​អាច​កែច្នៃ​ជា​ស្បៀងអាហារ​ប្រហែល ៣៦ ០០០ ​តោន​ ក្នុង​ ១ ​ឆ្នាំ ហើយ​រួមជាមួយ​រោងចក្រ​របស់ខ្លួន​ផ្សេងៗ​ទៀត ក្រុមហ៊ុន​មានលទ្ធភាព​ផ្គត់ផ្គង់​ម្សៅដំឡូងមី​រហូត​ដល់​ ១០០ ០០០ ​តោន​ ក្នុង ១ ​ឆ្នាំ​៕LA