ទីក្រុងឡុងដ៍ៈ ការគាំទ្រ​របស់​ធនាគារ HSBC ដែលជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្តោតលើ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​តំបន់​អាស៊ី ចំពោះ​ច្បាប់​សន្តិសុខ​ហុងកុង​ដ៏ចម្រូងចម្រាស​របស់​ប្រទេស​ចិន​មិន​ត្រូវ​បាន​សាទរ​ក្នុង​ប្រទេស​អង់គ្លេស​ដែល​ជា​អតីត​អ្នកគ្រប់គ្រង​ទីក្រុង​ហុងកុង​នោះទេ​។

ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្តល់ប្រាក់​កម្ចី​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡុងដ៍​នេះ​កាលពី​សប្តាហ៍​កន្លង​ទៅ​បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​សំណើ​ច្បាប់​ដ៏ចម្រូងចម្រាស​របស់​ទីក្រុង​ប៉េកាំង​សម្រាប់​ទីក្រុង​ហុងកុង​ដែល​ក្រុម​អ្នក​រិះគន់​បារម្ភ​ថា​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កម្ចាត់​ចោល​ក្រុមប្រឆាំង​ក្នុង​ទីក្រុង​នេះ​។

សេចក្តី​ប្រកាស​របស់​ធនាគារ HSBC ​បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​ធុរកិច្ច​ និង​នយោបាយ​នៅ​អង់គ្លេស​ខឹងសម្បា​ដែល​អង់គ្លេស​បានប្រគល់​អតីត​តំបន់​អាណានិគម​ទៅកាន់​ការគ្រប់គ្រង​របស់​ចិន​វិញ​ក្នុង​ឆ្នាំ​ ១៩៩៧​។

ការសម្រេចចិត្ត​របស់​ធនាគារ​នេះ​បាន​រាំងមុខ​អនុសញ្ញា​ដែល​ចែង​អំពី​ការចៀសវាង​ការអន្តរាគមន៍​ផ្នែក​នយោបាយ​។

ទោះជា​យ៉ាងណា​លោក Peter Wong នាយក​ជាន់ខ្ពស់​ប្រចាំ​អាស៊ី​នៃ​ HSBC បាន​ចុះហត្ថលេខា​លើ​ញត្តិ​គាំទ្រ​ច្បាប់​នោះ​។

ក្រៅពីនោះ​ធនាគារ Standard Chartered ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ឡុង​ដ៍ដែល​ផ្តោត​ជា​ចម្បង​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​តំបន់​អាស៊ី​ដែរនោះ ក៏​បាន​គាំទ្រ​ទីក្រុង​ប៉េកាំង​ចំពោះ​ច្បាប់​នេះ​។

លោក David Madden អ្នកវិភាគ​ទីផ្សារ​នៅ​ក្រុមហ៊ុន CMC បាន​មាន​ប្រសាសន៍​ថា​៖ «​ធនាគារ​ដែល​បាន​ចុះបញ្ជី​នៅ​ចក្រភព​អង់គ្លេស​បាន​គាំទ្រ​ប្រទេស​ចិន ព្រោះ​វា​ច្បាស់​ណាស់​ថា ពួកគេ​ចង់​រួមរស់​ជាមួយ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី ​២ នៅលើ​ពិភពលោក​»​។

HSBC បាន​ទទូចថា វិធានការ​របស់​ចិន​នឹង​ជួយឲ្យ​ហុងកុង​មាន​ស្ថិរភាព និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទីក្រុង​នេះ​ដើរតួ​សំខាន់​។

ការគាំទ្រ​របស់ HSBC បាន​កើតឡើង​បន្ទាប់ពី​លោក Leung Chunying អតីត​មេដឹកនាំ​ហុងកុង​ដែល​គាំទ្រ​ក្រុង​ប៉េកាំង បាន​រិះគន់​ធនាគារ​ដែល​មិនបាន​គាំទ្រ​ច្បាប់​នោះ​ជា​សាធារណៈ ខណៈ​ដែល​ទទួល​ប្រាក់ចំណេញ​ពី​ផលប្រយោជន៍​ពាណិជ្ជកម្ម​ចិន​។

ទីផ្សារ​តំបន់​អាស៊ី​នៅតែ​សំខាន់​ចំពោះ HSBC ពីព្រោះ​ធនាគារ​នេះ​បង្កើត​ផលចំណេញ​ភាគច្រើន​ក្នុង​តំបន់​នេះ​។

នាយក​ប្រតិបត្តិ​ធនាគារ​នេះ​លោក Noel Quinn បាន​ប្រកាស​ផែនការ​ដើម្បី​កាត់បន្ថយ​ការងារ​ចំនួន ​៣៥ ០០០ ​កន្លែង​នៅ​ឆ្នាំនេះ ខណៈ​ដែល​ HSBC ពង្រឹង​ការផ្តោត​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អាស៊ី និង​កាត់បន្ថយ​បន្ទុក​ពី​សកម្មភាព​ចំណេញ​តិចតួច​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។

ធនាគារ HSBC ដែលជា​អក្សរ​កាត់​មកពី​ពាក្យ «the Hong Kong & Shanghai Banking Corporation» មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ប្រវត្តិ​នៃ​ទឹកដី​អាណានិគម​របស់​អង់គ្លេស​៕ RR