ក្រុងហ្សិនចិនៈ ស្ថាបនិករបស់ក្រុមហ៊ុន Huawei បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនទូរគមនាគមន៍របស់ចិនដែលមានបញ្ហាមួយនេះ នឹងកាត់បន្ថយការផលិតក្នុងរយៈពេល ២ ឆ្នាំក្រោយ ដោយសារតែក្រុមហ៊ុនកំពុងជួបបញ្ហាជាមួយសហរដ្ឋអាមេរិកដែលព្យាយាមធ្វើឲ្យឯកាពីអន្តរជាតិ។
លោក Ren Zhengfei បានថ្លែងក្នុងអំឡុងការពិភាក្សាមួយនៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុននៅទីក្រុងហ្សិនចិនថា៖ «នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ក្រុមហ៊ុននឹងកាត់បន្ថយការផលិតក្នុងទឹកប្រាក់ចំនួន ៣០ ពាន់លានដុល្លារ»។
ក្រុមហ៊ុន Huawei រកប្រាក់ចំណូលបានជាង ១០០ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨។
ប៉ុន្តែលោក Ren ដែលប្រៀបធៀបក្រុមហ៊ុន Huawei ទៅនឹងយន្តហោះដែលខូច បានបន្ថែមថា លោកបានរំពឹងថា ក្រុមហ៊ុននឹងត្រឡប់ទៅផ្លូវត្រឹមត្រូវពីមុនរបស់ខ្លួនវិញនៅត្រឹមឆ្នាំ ២០២១។
លោកថ្លែងថា៖ «ក្នុងឆ្នាំ ២០២១ យើងនឹងទទួលបានមកវិញនូវថាមពលរបស់យើង និង (បន្ត) ផ្ដល់សេវាដល់សង្គមមនុស្ស»។
ក្រុមហ៊ុន Huawei បានក្លាយជាចំណុចដ៏សំខាន់មួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេស ចិន និងអាមេរិកដែលកើតមានកាន់តែខ្លាំង ដោយបានមើលឃើញការហូតពន្ធនាំចូលតបតគ្នាលើទំនិញក្នុងតម្លៃរាប់ពាន់លានដុល្លារ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានហាមឃាត់ក្រុមហ៊ុន Huawei មិនឲ្យចូលក្នុងទីផ្សារដ៏ធំរបស់អាមេរិក និងរារាំងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមិនឲ្យផ្គត់ផ្គង់គ្រឿងផ្គុំសំខាន់ៗដល់ក្រុមហ៊ុននេះ បើមិនមានការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោន។
ទីក្រុងវ៉ាស៊ីនតោនបារម្ភថា ប្រព័ន្ធរបស់ក្រុមហ៊ុន Huawei អាចត្រូវបានប្រើប្រាស់សម្រាប់ការស៊ើបការណ៍៕ AFP/LA