
អតិថិជនកំពុងបើកធ្វើតេស្តទូរស័ព្ទស្មាតហ្វូន Huawei នៅហាងលក់ទូរស័ព្ទមួយក្នុងទីក្រុងភ្នំពេញកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិនបានប្រកាសម៉ាកពាណិជ្ជកម្ម ប្រព័ន្ធប្រតិបត្តិការ «Hongmeng» នៅក្នុងប្រទេសជាច្រើន រួមទាំងកម្ពុជា ដើម្បីដាក់ឲ្យដំណើរការ OS ផ្ទាល់ ក្នុងការជំនួសប្រព័ន្ធ ប្រតិបត្តិការ Android។ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុន Huawei បានអនុវត្តប្រព័ន្ធប្រតិបត្តិការ « Hongmeng »នៅក្នុងប្រទេសចំនួន ៩ និងអឺរ៉ុប ដែលរួមមានប្រទេស ម៉ិកស៊ិក កាណាដា កូរ៉េខាងត្បូង និងនូវែលសេឡង់ ហើយកម្ពុជាគីជាប្រទេសទី១ នៅអាស៊ានដែលក្រុមហ៊ុននឹងប្រកាសពីម៉ាកសញ្ញានេះ។
វិធានការនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Huawei ត្រូវបានហាមឃាត់មិនឲ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដោយរដ្ឋបាលលោក ត្រាំ កាលពីខែមុន។
តំណាងក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ពួកគេមិនអាចអត្ថាធិប្បាយអំពីឯកសារពាណិជ្ជសញ្ញា «Hongmeng OS » នៅកម្ពុជាបាននៅឡើយទេ ដោយសារតែមិនទាន់មានការផ្ដល់ការអនុញ្ញាតឲ្យមានការចែករំលែកព័ត៌មាននេះជាសាធារណៈ។
តំណាងមួយរូបរបស់ក្រុមហ៊ុន Huawei Cambodia បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «អំពីប្រព័ន្ធ OS នេះ យើងបានរៀបចំផែនការដើម្បីបង្ហាញវា។ យើងមិនអាចចែករំលែកវានៅក្នុងស្រុកនៅឡើយទេ»។
លោកថ្លែងថា៖ «អ្វីដែលពួកខ្ញុំអាចបញ្ជាក់បានគឺថា ប្រព័ន្ធប្រតិបត្តិការ [Hongmeng] OS នេះនឹងត្រូវគ្នាជាមួយនឹងកម្មវិធីប្រព័ន្ធ Android»។ លោកបន្ថែមថា៖ «យើងនឹងប្រកាសក្នុងស្រុកដាច់ដោយឡែក នៅពេលយើងទាំងអស់គ្នាត្រៀមរួចរាល់ហើយ»។
ប្រទេស កម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតក្រុមហ៊ុន Huawei នៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមតំណាងរបស់ក្រុមហ៊ុន Huawei Cambodia។ យីហោ Huawei មានភាពពេញនិយមសម្រាប់តម្លៃប្រកួតប្រជែងរបស់ខ្លួនខាងគុណភាព និងមុខងារនៃផលិតផលដូចគ្នា ដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួនកំពុងផ្ដល់ក្នុងទីផ្សារនេះ។
តារាងទិន្នន័យរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញថា ក្រុមហ៊ុន Huawei Technologies បានដាក់ឯកសារសម្រាប់ពាណិជ្ជសញ្ញា Hongmeng OS ចាប់តាំងពីថ្ងៃទី ៣០ ខែ ឧសភា។ លិខិតនេះត្រូវបានដាក់ដោយក្រុមហ៊ុន LPN IP ជាភ្នាក់ងារពាណិជ្ជសញ្ញាដែលទទួលស្គាល់នៅក្នុងប្រទេស កម្ពុជា។
លោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា Huawei ពិតជាបានដាក់ឯកសារសម្រាប់ ពាណិជ្ជសញ្ញា Hongmeng OS នៅកម្ពុជាមែន។ លោកថ្លែងថា៖ «នីតិវិធីសម្រាប់ការត្រួតពិនិត្យការបំពេញបែបបទពាណិជ្ជសញ្ញា មានរយៈពេលចាប់ពី ៦ ដល់ ៩ ខែ បន្ទាប់ពីថ្ងៃដាក់ពាក្យ»។
លោក Andrew Williamson អនុប្រធានទទួលបន្ទុកផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei បានប្រាប់ Reuters ថា៖ «ក្រុមហ៊ុន Huawei កំពុងស្ថិតក្នុងនីតិវិធីដាក់ប្រព័ន្ធប្រតិបត្តិការជំនួស Android របស់អាមេរិក។ លោកឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Hongmeng OS នឹងរួចហើយដាក់ឲ្យដំណើរការ «ក្នុងរយៈពេលប៉ុន្មានខែនេះ» បើភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិនកើនឡើងកាន់តែខ្លាំង។
កាលពីខែមេសា កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Huawei ដើម្បីបង្កើតបណ្ដាញជំនាន់ទី៥ (5G)៕LA