ក្រុងប៉េកាំងៈ ក្រុមហ៊ុន Huawei កាលពី​ថ្ងៃ​អង្គារ​មិន​ខ្វល់ខ្វាយ​នឹង​ការពន្យារពេល​រយៈពេល​ ៣ ​ខែ​ទៀត​ដែល​ផ្តល់​ឲ្យ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការហាមឃាត់​ក្រុមហ៊ុន​អាមេរិក​មិន​ឲ្យ​លក់​ផលិតផល​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​នេះ និង​បាន​ឲ្យ​ដឹងថា ការសម្រេចចិត្ត​នេះ​នឹងមិន​ផ្លាស់ប្តូរ​ការពិត​ដែលថា ខ្លួន​ត្រូវបាន «​គេ​ប្រព្រឹត្ត​មកលើ​ដោយ​អយុត្តិធម៌​» នោះទេ​។

ក្រសួងពាណិជ្ជកម្ម​អាមេរិក​បាន​ពន្យារពេល​ជា​លើក​ទី​ ២ ចំពោះ​វិធានការ​ហាមឃាត់​ដ៏តឹងរ៉ឹង​នេះ​ដែល​ការហាមឃាត់​នេះ​បើ​មិន​ត្រូវ​បាន​ពន្យារពេល​ទេនោះ​នឹង​បញ្ឈប់​ការលក់​គ្រឿង​ផ្គុំ និង​សេវា​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ Huawei និង​ហាមឃាត់​ការទិញ​ឧបករណ៍​ពី​ក្រុមហ៊ុន​ចិន​នេះ​។

ប៉ុន្តែ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​នឹង​បន្ថែម​ក្រុមហ៊ុន​ចំនួន ៤៦ បន្ថែម​ទៀត​ទៅក្នុង​បញ្ជី​របស់​ក្រសួង​ដែល​ជា​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ និង​ក្រុម​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន Huawei ដែល​ក្រុមហ៊ុន​ក្នុង​បញ្ជី​នេះ​នឹង​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ការហាមឃាត់​នេះ ប្រសិន​បើ​វិធានការ​នេះ​ត្រូវបាន​អនុវត្ត​ពេញលេញ​ដែល​ធ្វើឲ្យ​ចំនួន​ក្រុមហ៊ុន​សរុប​នៅលើ​បញ្ជី​នេះ​កើនឡើង​ដល់​ជាង ១០០ ​ក្រុមហ៊ុន​។

ការហាមឃាត់​ដើម​ត្រូវ​បាន​ប្រកាស​កាលពី​ដើម​ឆ្នាំ​នេះ ដោយ​អាជ្ញាធរ​អាមេរិក ដែល​បញ្ជាក់​ថា​ក្រុមហ៊ុន​នេះ​ផ្ដល់​ព័ត៌មាន​សម្ងាត់​សម្រាប់​សេវា ព័ត៌មាន​ចារកម្ម​របស់​ប្រទេស​ចិន​ជា​អ្វីដែល​ក្រុមហ៊ុន​នេះ​បដិសេធ​។

ក្រុមហ៊ុន Huawei បាន​ឆ្លើយតប​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​វា​ច្បាស់​ណាស់​ថា ការសម្រេចចិត្ត​នេះ​ដែល​បាន​ធ្វើឡើង​ក្នុង​ពេលវេលា​ជាពិសេស​នេះ​គឺជា​ហេតុផល​នយោបាយ និង​មិន​ជាប់ទាក់ទង​ជាមួយ​នឹង​សន្ដិសុខ​ជាតិ​អាមេរិក​នោះ​ទេ​»​។ ក្រុមហ៊ុន Huawei បន្ថែម​ថា​វិធានការ​ជាច្រើន «​រំលោភ​លើ​គោលការណ៍​មូលដ្ឋាន​នៃ​ការប្រកួតប្រជែង​ទីផ្សារសេរី​»​។

ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា​៖ «​ពួកគេ​មិន​ចាប់អារម្មណ៍​ទៅ​នឹង​ក្រុមហ៊ុន​ណាមួយ​នោះ​ទេ ដែល​រួមទាំង​ក្រុមហ៊ុន​អាមេរិក​ផងដែរ​។ ការប៉ុនប៉ង​ក្នុង​ការបង្ក្រាប​អាជីវកម្ម​របស់​ក្រុមហ៊ុន Huawei នឹង​មិន​ជួយ​ដល់​អាមេរិក​សម្រេច​បាន​ភាព​នាំមុខគេ​ផ្នែក​បច្ចេកវិទ្យា​ឡើយ​»​។ ក្រុមហ៊ុន Huawei បន្ត​ថា​៖ «​ការពន្យារពេល​អាជ្ញាប័ណ្ណ​ទូទៅ​បណ្ដោះអាសន្ន (TG-L) មិន​ផ្លាស់ប្តូរ​ការពិត​ដែល​ថា ក្រុមហ៊ុន Huawei ត្រូវ​បាន​គេ​ប្រព្រឹត្ត​មកលើ​ដោយ​អយុត្តិធម៌​នោះឡើយ​»​។

ចំណាត់​ការដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន Huawei អាច​បន្ត​ទិញ​ឧបករណ៍​ពាក់កណ្ដាល​ចម្លង​ដែល​ផលិត​នៅ​អាមេរិក និង​សម្ភារ​ផ្សេង​ទៀត​ដែល​មាន​សារៈសំខាន់​សម្រាប់​ទូរស័ព្ទ និង​ឧបករណ៍​បណ្ដាញ​របស់​ខ្លួន និង​ថា ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក​អាច​បន្ត​ទិញ​ឧបករណ៍​បណ្ដាញ​របស់​ក្រុមហ៊ុន Huawei ផង​ដែរ​។

ក្រុមហ៊ុន Huawei ដែល​ត្រូវ​បាន​ចាត់ទុកជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​ឧបករណ៍​ 5G ល្បឿន​លឿន​បំផុត និង​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​លំដាប់​លេខ​ ២ ​របស់​ពិភពលោក​កាលពី​ខែ​ឧសភា​ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ជ្រៅ​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​បាន​បង្ក​ឲ្យ​មាន​ការដកហូត​ពន្ធ​នាំចូល​ពិន័យ​ទៅ​លើ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​។

ការផ្អាក​អនុវត្ត​ការហាមឃាត់​នេះ​មិន​ផ្ដល់​សញ្ញា​នៃ​ផ្លាស់ប្តូរ​ក្តីបារម្ភ​របស់​សហរដ្ឋ​អាមេរិក​ថា ឧបករណ៍​របស់​ក្រុមហ៊ុន Huawei បង្ក​ការ​គំរាម​សន្ដិសុខ​ជាតិ ឬ​លុបចោល​ការហាមឃាត់​ទូទៅ​លើ​ការប្រើប្រាស់​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន Huawei នៅ​អាមេរិក​នោះ​ទេ​៕ LA