ភ្នំពេញ: ក្រុមហ៊ុន Hyundai Engineering បាន​ឈ្នះ​ការដេញថ្លៃ​លើ​គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ីអន​ ៣ ដែល​មាន​តម្លៃ ២០០ ពាន់​លានវ៉ុន (​ប្រហែល ១៦៤ លាន​ដុល្លារ​) ​នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​កូរ៉េ Korean IT Times​។

មន្ត្រី​ក្រុមហ៊ុន Hyundai បាន​ប្រាប់ Korean IT Times កាលពី​ថ្ងៃ​ ១៩ មេសា​​ ថា គម្រោង​សាងសង់​ផ្សារ​ទំនើប​នេះ​មាន​កម្ពស់​ ៥ ​ជាន់ ​នៃ​មជ្ឈមណ្ឌល​ហាង​ទំនិញ និង​ចំណតរថយន្ត​នៅ​ជាយ​រាជធានី​ភ្នំពេញ​។

ការសាងសង់​នឹង​ប្រើ​រយៈពេល​ ២៧ ខែ ​ក្រោយពី​ការចាប់ផ្តើម​សាងសង់​ផ្សារទំនើប​អ៊ីអន​៣​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ខែធ្នូ​ ឆ្នាំ​ ២០១៩ បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ AEON Mall (Cambodia) វិនិយោគ​ទឹកប្រាក់ ២៨៩,៦ លាន​ដុល្លារ​អនុញ្ញាត​ឲ្យ​​សាងសង់​ផ្សារ​ទំនើប​អ៊ីអន​ ៣ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ​។

របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​អ៊ីអន​ ៣ ​នេះ​នឹងត្រូវ​សាងសង់​នៅក្នុង​គម្រោង​ទីក្រុង​រណប ING City នៅលើ​ផ្ទៃដី ១៧៤ ០០០ ម៉ែត្រការ៉េ ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣​។

ផ្សារទំនើប​អ៊ីអន​ ១ មាន​ទុនវិនិយោគ​ប្រហែល ២០៥ ​លាន​ដុល្លារ ហើយ​អ៊ីអន​២ មាន​ទុនវិនិយោគ ១២០ ​លាន​ដុល្លារ​ ដែល​បាន​បើក​ដំណើរការ​កាលពី​ខែមិថុនា​ឆ្នាំ​ ២០១៨ ដោយ​មាន​ផ្ទៃដី​សរុប​ប្រហែល ៦៨ ០០០ ម៉ែត្រការ៉េ​ នៅ​ខណ្ឌ​សែនសុខ​។

ក្រុមហ៊ុន AEON Mall មាន​ផែន​ការបន្ត​ពង្រីក​អាជីវកម្ម​ផ្សារទំនើប​ដ៏ធំ​របស់​ខ្លួន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​រួមមាន​ប្រទេស​ វៀតណាម និង​ឥណ្ឌនេស៊ី នៅពេល​អនាគត ខណៈ​ក្រុមហ៊ុន Hyundai Engineering មាន​ផែនការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ការងារ​បន្ថែម​តាមរយៈ​សមត្ថភាព សាងសង់​កម្រិត​ខ្ពស់​របស់​ខ្លួន​។

មន្ត្រី​ក្រុមហ៊ុន​នេះ​ឲ្យ​ដឹងថា​៖ «​តាមរយៈ​បទបញ្ជា​នេះ ក្រុមហ៊ុន Hyundai Engineering នឹង​អាច​លេចធ្លោ មិន​ត្រឹមតែ​នៅក្នុង​គម្រោង​សាងសង់​ផ្សារ ដូចជា វិស្វកម្ម​គីមី និង​ការផលិត​ថាមពល​នៅ​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការសាងសង់​សំណង​អគារ​ផ្សារ​ផងដែរ​»​។

បើទោះបី​ជា​ផ្សារ​ទំនើប​អ៊ីអន​៣ ស្ថិត​នៅ​ក្បែរ PH Diamond Place ដែល​ជា​ផ្សារទំនើប​វិនិយោគ​ដោយ​ក្រុមហ៊ុន Borey Peng Huoth Group Co., Ltd វា​នឹងមិន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​លក់រាយ​សម្រាប់​អតិថិជន​ជួល​លក់ទំនិញ​នោះទេ​។ នេះ​បើ​តាម​លោកស្រី អាន សុធីតា នាយិកា ក្រុមហ៊ុន CBRE Cambodia​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វា​នឹងមិន​ប៉ះពាល់​តម្រូវការ​ទីផ្សារ​នោះ​ទេ ព្រោះ​ផ្សារ​ទំនើប​អ៊ីអន​៣ កំណត់​គោលដៅ​អ្នកមាន​ប្រាក់​ចំណូល​មធ្យម ហើយ​ផ្សារទំនើប PH Diamond Place បាន​ផ្តោតលើ​អតិថិជន​មាន​ប្រាក់ចំណូល​ខ្ពស់ ហើយ​រចនាប័ទ្ម​សាងសង់​ក៏​នឹង​មិន​ដូចគ្នា​ដែរ​»​។

ត្រឹម​ចុងឆ្នាំ ២០១៩ កម្ពុជា​មាន​ផ្សារ​ទំនើប​សរុប​ចំនួន ២៣ នៅ​រាជធានីភ្នំពេញ​ដែល​មាន​ផ្ទៃដី​សរុប​ប្រហែល ៣៨០ ០០០ ម៉ែត្រការ៉េ​។ ​នេះ​បើ​តាម​របាយការណ៍​របស់ CBRE៕

វីដេអូ៖