ភ្នំពេញ: Hyundai Mao Legacy Co., ដែល​ជា​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នឹង​ពង្រីក​ការនាំចេញ​ផលិតផល​ម្រេច គ្រាប់ស្វាយចន្ទី និង​ស្ករស​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​កូរ៉េ​បន្ថែមទៀត​ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​ជោគជ័យ​ពី​ការនាំចេញ​ផ្លែស្វាយ​ស្រស់ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៀត​។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កាលពី​សប្តាហ៍​មុន​លោក ខាត់ ចិន អនុព័ន្ធ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​បាន​នាំយក​គំរូ​ផលិតផល​កសិកម្ម​មួយចំនួន​របស់​កម្ពុជា​រួមមាន ស្ករស គ្រាប់ស្វាយចន្ទី និង​ម្រេច​ទៅ​ឲ្យ​ក្រុមហ៊ុន Hyundai Mao Legacy Co., ពិនិត្យ​មុននឹង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​ជាមួយ​ក្រុមហ៊ុន​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ក្រោយពី​ពិនិត្យ​គំរូ​ផលិតផល​កសិកម្ម​កម្ពុជា​រួច ក្រុមហ៊ុន​កំពុង​ពិចារណា​កិច្ចការ​នេះ​»​។

ក្រុមហ៊ុន Hyundai Mao Legacy Co., គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​ដោយ​ក្រុមហ៊ុន Hyundai Corporation របស់​កូរ៉េខាងត្បូង​ដែល​វិនិយោគ​លើ​ដំណាំ​ស្វាយ និង​រោងចក្រ​វេចខ្ចប់​ផ្លែស្វាយ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។

លោក​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​នាំចូល​រួចហើយ​នៃ​ផលិតផល​កសិកម្ម​កម្ពុជា​ដែលមាន​ផ្លែស្វាយ​ស្រស់ គល់​ស្លឹកគ្រៃ ស្លឹកចេក ត្រយូង​ចេក និង​រំដេង ជាដើម​ទៅ​កាន់​ប្រទេស​កូរ៉េ​។ លោក​បន្ថែមថា​៖ «​ក្រៅពី​ផលិតផល​ទាំងនេះ ក្រុមហ៊ុន​ក៏​កំពុង​ពិនិត្យមើល​លើ​ការនាំចូល​កង្កែប ត្រីក្រហម ត្រីរ៉ស់ ត្រី​អណ្ដែង ត្រីប្រា ពី​ប្រទេស​កម្ពុជា​ផងដែរ​»​។

កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង ២,៦៨ ​លាន​តោន​ក្នុង​រយៈពេល ៧ ​ខែ​ដើម​ឆ្នាំនេះ​។ ក្នុងនោះ​ម្រេច ចំនួន ៣ ៤៣០ ​តោន និង​គ្រាប់ស្វាយចន្ទី ១៩៤ ៥២៥ ​តោន​។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការបង្ហាញ​គំរូ​ផលិតផល​របស់​កម្ពុជា​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​នេះ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការស្វែងរក​ទីផ្សារ​ឲ្យ​ផលិតផល​កសិកម្ម​ក៏ដូចជា​ផលិត​ម្រេច​កំពត​។ លោក​បន្តថា សព្វថ្ងៃ​មាន​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​តែ​ ១ ​គត់​គឺ​ក្រុមហ៊ុន Corem Green Co.,Ltd ដែល​បាន​ទិញ​ម្រេច​កំពត​យក​ទៅ​ទីផ្សារ​របស់​ប្រទេស​កូរ៉េ​ចន្លោះ​ពី ៤ ទៅ ៥ ​តោន​កាលពី​ឆ្នាំ​ ២០១៩​។

លោក​អះអាងថា ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ក្រុមហ៊ុន​នេះ​មិនទាន់​មាន​ការបញ្ជាទិញ​ម្រេច​កំពត​ជាថ្មីទៀត​ទេ​។

លោក សុផល ឡៃគង់ អ្នកគ្រប់គ្រង​ប្រតិបត្តិការ​រោងចក្រ​របស់​ក្រុមហ៊ុន Santana Agro Products ដែល​កំពុង​ប្រមូលផល​ស្វាយចន្ទី​លើ​ផ្ទៃដី​ប្រមាណ ៤០០ ​ហិកតា​បាន​និយាយថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​គ្រាប់ស្វាយចន្ទី ហើយ​ទីផ្សារ​ធំ​ទី​ ២ គឺ​ប្រទេស​កូរ៉េខាងត្បូង​»​។

យោងតាម ឡៃគង់ ក្រុមហ៊ុន​របស់​លោក​បាន​នាំចេញ​ស្វាយចន្ទី​ជាង ៦០ ​តោន​ ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​ទៅកាន់​ទីផ្សារ ចិន កូរ៉េខាងត្បូង ជប៉ុន និង​សហភាព​អឺរ៉ុប​៕ LA