ប៉ារីសៈ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា កំណើន​តម្រូវការ​ប្រេង​ពិភពលោក​ត្រូវ​រំពឹងថា នឹង​បន្ត​ធ្លាក់ចុះ​ដោយសារ​ការចុះខ្សោយ​សេដ្ឋកិច្ច និង​ការរង​ផលប៉ះពាល់​ពី​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាមេរិក និង​ចិន​។

IEA ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ប្រចាំខែ​ចុងក្រោយ​របស់ខ្លួន​ថា​៖ «​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​កាន់តែ​អាក្រក់​ខ្លាំង​ក្នុង​រយៈពេល​ ២-៣ ​សប្ដាហ៍​កន្លង​មក​នេះ ប៉ុន្តែ​មន្ដ្រី​របស់​សហរដ្ឋអាមេរិក និង​ចិន​បាន​ប្រកាស​ថា​ពួកគេ​នឹង​ចាប់ផ្ដើម​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ឡើងវិញ​នៅ​ដើម​ខែ​តុលា​ខាង​មុខ​នេះ​»​។

IEA បាន​បន្ថែម​ថា​៖ «​ជម្លោះ​ពាណិជ្ជកម្ម និង​ការកើនឡើង​ភាពមិន​ច្បាស់លាស់​អំពី​ផលប៉ះពាល់​ដោយសារ​ការចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​កំពុង​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​តាមរយៈ​ការធ្លាក់ចុះ​ពាណិជ្ជកម្ម និង​ទំនុកចិត្ត​អតិថិជន ការវាយតម្លៃ​ឡើងវិញ​នូវ​ចង្វាក់​ផ្គត់ផ្គង់ ការធ្លាក់ចុះ​ការវិនិយោគ និង​ការកាត់បន្ថយ​ដោយផ្ទាល់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​»​។

ក្នុង​បរិបទ​នៃ​ភាពមិន​ច្បាស់លាស់​នេះ IEA បាន​រក្សា​ការព្យាករ​កំណើន​តម្រូវការ​ប្រេង​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០ ក្នុង​ចំនួន​ ១,១ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ និង​ ១,៣ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​។

IEA ក៏បាន​កត់សម្គាល់​ថា​កំណើន​តម្រូវការ​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ មាន​ ០,៥ ​លាន​បារ៉ែល​ ក្នុង​ ១ ​ថ្ងៃ និង​បាន​ធ្លាក់ចុះ ០,២ ​លាន​បារ៉ែល​ ក្នុង​ ១ ​ថ្ងៃ​កាលពី​ខែ​មិថុនា​។

IEA ឲ្យ​ដឹងថា​៖ «​នៅ​ឆមាស​ទី​​ ២ ​ឆ្នាំ​នេះ យើង​សន្មត​ថា​មិនមាន​ភាពអាក្រក់​បន្ថែម​ទៀត​ក្នុង​បរិយាកាស​សេដ្ឋកិច្ច និង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​នោះទេ​»​។

បើតាម IEA ការផ្គត់ផ្គង់​ប្រេង​លើ​ពិភពលោក​កាលពី​ខែ​សីហា​បាន​កើនឡើង​ពី ០,៥៣ លាន​បារ៉ែល​ ​ដល់​ ១០០,៧ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​។

IEA បាន​បន្តថា​ការផ្គត់ផ្គង់​ពី​ក្រុម​ប្រទេស​មិនមែន OPEC ដូចជា​អាមេរិក ន័រវែស និង​ប្រេស៊ីល​បាន​កើនឡើង​។

ជាមួយ​គ្នា​នេះ IEA បាន​កត់សម្គាល់​ថា កាលពី​ខែ​មិថុនា​អាមេរិក​បាន​វ៉ា​ដាច់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ការក្លាយ​ជា​ប្រទេស​នាំចេញ​ប្រេង​ឈាន​មុខ​គេ​របស់​ពិភពលោក​។

នាពេល​នេះ​ផងដែរ​គេ​ក៏បាន​កត់សម្គាល់​ពី «​ព្រឹត្តិការណ៍​នយោបាយ​ដ៏សំខាន់​មួយ​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​» គឺ​ការតែងតាំង​ព្រះម្ចាស់ Abdulaziz bin Salman ជា​រដ្ឋមន្ដ្រី​ក្រសួង​ថាមពល ដែល​ព្រះអង្គ​គឺជា​អ្នក​មាន​បទពិសោធ​ដ៏ច្រើន​ក្នុង​វិស័យ​ប្រេង​»​។

IEA ឲ្យ​ដឹងថា​៖ «​តម្លៃ​គោល​បច្ចុប្បន្ន​របស់​ប្រេង​ឆៅ Brent មាន​ប្រហែល ៦១ ​ដុល្លារ និង​ប្រេងឆៅ WTI មាន​ប្រហែល ៥៦ ​ដុល្លារ​ ក្នុង ១ ​បារ៉ែល​។ ​តម្លៃ​ប្រេង​ឆៅ​ទាំង​ ២ ​បើ​ធៀប​នឹង​ឆ្នាំ​មុន​គឺ​ធ្លាក់ចុះ​ប្រហែល ២០ ​ភាគរយ​»៕ LA