ភ្នំពេញៈ ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​ (IFAD) របស់​អង្គការ​សហប្រជាជាតិ​នឹង​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​​អំឡុង​ដំណើរ​ទស្សនកិច្ច​ រយៈពេល ​៣ ​ថ្ងៃ ​មក​កម្ពុជា​ ដើម្បី​ពិភាក្សា​ពី​ការ​វិនិយោគ​​វិស័យ​កសិកម្ម។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិលមិញ។

ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពេល ​៣ ថ្ងៃ ​ចាប់​ពី​ថ្ងៃទី ​២៥ ដល់ ២៧​ ខែ​កក្កដា​នេះ លោក Gilbert F. Houngbo ប្រធាន IFAD នឹង​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​​ចំនួន​ទៀត រួម​មាន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ដើម្បី​ពិភាក្សា​អំពី​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដែល​ផ្តោត​លើ​តួនាទី​កសិករ​ខ្នាត​តូច​នៅ​តំបន់​ជនបទ។

លោក Houngbo បាន​លើក​​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្នុង​ជំនួប​នោះ​នឹង​មាន​ការ​ពិភាក្សា​អំពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ ការ​បង្កើត​ការងារ​ និង​ការ​កាត់​បន្ថយ​​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តាម​ជនបទ​ផង​​ដែរ។

លោក​​បាន​បញ្ជាក់​ថា​៖​ ​«IFAD ជា​ដៃគូ​អភិវឌ្ឍន៍​ប្រកប​ដោយ​បទពិសោធ​ ដែល​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ផ្លាស់ប្តូរ​នៅ​តំបន់​ជន​បទ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ ​ភាព​អត់​ឃ្លាន​ និង​លើក​កម្ពស់​ជីវភាព​កសិករ​ខ្នាត​តូច​នៅ​ក្នុង​តំបន់​»​។

លោក​ Houngbo បន្ត​ថា នៅ​ក្នុង​ប្រទេស​ ​កម្ពុជា​ និង​ឡាវ កសិករ​ភាគ​ច្រើន​ប្រកប​ការ​ចិញ្ចឹម​ជីវិត​ផ្អែក​​លើ​កសិកម្ម​ខ្នាត​​តូច​ តែ​ពួក​គេ​មាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​​កសិកម្ម​ពួក​គេ​ទៅ​ជា​លក្ខណៈ​អាជីវកម្ម បើ​ពួក​គេ​​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ការ​បណ្តុះបណ្តាល​​បច្ចេកវិទ្យា​ និង​ទីផ្សារ។

បើ​តាម​ IFAD នៅ​កម្ពុជា​ភាព​​ក្រីក្រ​បាន​បន្ត​ប៉ះពាល់​ខ្លាំង​​ដល់​គ្រួសារ​នៅ​តាម​ជន​បទ ដោយ​ ​២ ភាគ ​៣ ​នៃ​ប្រជាជន ​១,៦ ​​លាន​គ្រួសារ ​កំពុង​ប្រឈម​​​កង្វះ​​អាហារ​តាម​រដូវកាល។

IFAD បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ ១៩៩៦ ហើយ​បាន​អនុវត្ត​គម្រោង​ចំនួន​ ​៩ ដោយ​វិនិ​យោគ ​១៥២ ​លាន​ដុល្លារ​ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​​ប្រជាជន​ប្រមាណ​ ១ ៣៣៨ ៥០០ ​គ្រួសារ​។ បច្ចុប្បន្ន​មាន​គម្រោង​ផ្តល់​ប្រាក់​​កម្ចី​ចំនួន ៣ និង​គម្រោង​ជំនួយ​ឥត​សំណង​ចំនួន ១ កំពុង​ដំណើរការ​។

ក្នុង​អំឡុង​ទស្សនកិច្ច​ Gilbert F. Houngbo នឹង​ទៅ​ពិនិត្យ​កម្មវិធី​សេវាកម្ម​កសិកម្ម​សម្រាប់​ការ​ច្នៃ​ប្រឌិត និង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​ដែល​គាំទ្រ​ពី​អង្គការ IFAD ដោយ​នឹង​ជួប​ជាមួយ​អ្នក​ចូលរួម​គម្រោង​ដើម្បី​មើល​ពី​វឌ្ឍនភាព​ដែល​ពួក​គេ​បាន​ធ្វើ បន្ទាប់​ពី​ពួកគេ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ ការ​ពង្រីក​សេវា និង​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ (ផ្លូវ ប្រព័ន្ធ​ធារាសាស្រ្ត ទីផ្សារ) នៅ​ក្នុង​ការ​គាំទ្រ​ដល់​ផលិតផល​កសិកម្ម៕​