ភ្នំពេញ: មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) របស់អង្គការសហប្រជាជាតិគ្រោងផ្តល់កម្ចី ប្រមាណ ៧០ លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងវិនិយោគលើវិស័យកសិកម្ម។ នេះបើតាមប្រធាន IFAD។
ក្នុងដំណើរទស្សនកិច្ចនៅកសិដ្ឋានដាំបន្លែនៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៧ លោក Gilbert F. Houngbo ប្រធាន IFAD បានផ្តល់បទសម្ភាសដល់ភ្នំពេញប៉ុស្តិ៍ថា ក្រោយពីជំនួបបិទទ្វារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍មុន ថា IFAD គ្រោងផ្តល់កម្ចីប្រមាណ ៧០ លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងទីផ្សារកសិកម្មប្រកបដោយនិរន្តរភាព និងគម្រោងអាជីវកម្ម និងពាណិជ្ជកម្មកសិកម្ម។
លោកថ្លែងថា៖ «យើងបានជជែក [ពីប្រាក់កម្ចី] ប្រមាណ ៧០ លានដុល្លារលើគម្រោង SAAMBAT ដែលវិនិយោគលើវិស័យកសិកម្ម ប៉ុន្តែកម្ចីនោះនឹងផ្តល់ឲ្យ [កម្ពុជា] បន្ទាប់ពីក្រុមប្រឹក្សាយើងអនុម័តនៅខែកញ្ញា ឆ្នាំនេះ»។
លោកថ្លែងបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាពេលនេះបានមើលឃើញពីផលវិជ្ជមានច្រើនដែលបង្ហាញពីលទ្ធភាពទទួលបានកម្ចីវិនិយោគលើវិស័យកសិកម្មដែលផ្តោតលើកសិករខ្នាតតូចនៅទីជនបទរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «ប្រទេស កម្ពុជា មានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយ ជាច្រើនឆ្នាំមកហើយ ខ្ញុំមិនទាន់ឃើញមានប្រទេសជាច្រើនលើពិភពលោកមានកំណើនដូចនេះទេ»។
លោកបន្ថែមថា គម្រោង SAAMBAT បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងការផ្តល់បណ្តុះបណ្តាល បច្ចេកវិទ្យា និងទីផ្សារដល់កសិករខ្នាតតូចនៅជនបទ។ លោកបានបន្តថា៖ «គម្រោងនេះសម្រាប់អភិវឌ្ឍនៅជនបទ ជារួមសម្របសម្រួលដោយស្ថាប័នរដ្ឋដែលវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលភ្ជាប់ជាមួយអ្នកផលិតទៅនឹងទីផ្សារ»។
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអមដំណើរទស្សនកិច្ចប្រធាន Ifad នៅស្រុកស្អាងកាលពីថ្ងៃសៅរ៍ សង្ឃឹមថា មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្មនឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាតាមរយៈគម្រោងនានា។
លោកថ្លែងថា៖ «ប្រធានIfad មានការពេញចិត្តគម្រោងរបស់កសិករបង្កើតជាក្រុមផលិតបន្លែសុវត្ថិភាពនៅស្រុកស្អាង ខេត្តកណ្តាល។ Ifad ជាមូលនិធិអន្តរជាតិធំបំផុតក្នុងវិស័យកសិកម្ម យើងសង្ឃឹមថា យើងទទួលបានគម្រោងបន្ថែមទៀត ទោះជាគម្រោងនោះបានផ្ទាល់មកពីស្ថាប័នរដ្ឋ ឬតាមអង្គការសង្គមស៊ីវិលក៏ដោយ»។
លោក Kuashik Barua អ្នកគ្រប់គ្រងកម្មវិធីប្រចំាប្រទេសនៃ Ifad បានឲ្យដឹងតាមអ៊ីមែលថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅជនបទជាង ២០ ម៉ឺន គ្រួសារ នៅក្នុង ២៤ ខេត្ត ក្នុងនោះ ៥០ គ្រួសារនៅស្រុកស្អាង។ លោកបន្តថា៖ «គម្រោងនេះក៏ត្រូវបង្កើតឡើងទៅលើសេចក្តីព្រាងផែនការមេក្នុងវិស័យកសិកម្ម ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរផងដែរ»។
បើតាម Houngbo ជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់សារៈសំខាន់សម្រាប់ធ្វើឲ្យប្រាកដថា គម្រោងរបស់ Ifad បានដើរស្របគ្នានឹងទស្សនវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងវិស័យកសិកម្ម។
លោកបញ្ជាក់ថា៖ «យើងចង់ឲ្យប្រាកដថា រដ្ឋាភិបាលស្ថិតនៅលើផ្លូវត្រូវពាក់ព័ន្ធនឹងគម្រោងនេះ ក៏ដូចជាបញ្ហាប្រឈមដែលរដ្ឋាភិបាលកំពុងជួបប្រទះក្នុងវិស័យកសិកម្ម ដើម្បីផ្តល់ជាយុទ្ធសាស្ត្រ សម្រាប់កសិករខ្នាតតូចអាចក្លាយជាសហគ្រិនខ្នាតតូច»។
បើតាម IFAD នៅកម្ពុជាភាពក្រីក្របានបន្តប៉ះពាល់ខ្លាំងដល់គ្រួសារនៅតាមជនបទដោយ ២ ភាគ ៣ នៃប្រជាជន ១,៦ លានគ្រួសារ កំពុងប្រឈមកង្វះអាហារតាមរដូវកាល៕ LA