ភ្នំពេញ: សហគ្រិន​ជា​ស្ត្រី​នៅតែ​ប្រឈម​ក្នុងការ​ទទួល​បាន​ឥណទាន​សម្រាប់​ពង្រីក​អាជីវកម្ម ខណៈ​អាជីវកម្ម​ជាង​ ៦០ ​ភាគរយ​ក្នុង​វិស័យ SME នៅ​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស្ត្រី​។ នេះ​បើ​តាម​របាយការណ៍ International Finance Corporation (IFC) ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍។ ​

យោងតាម IFC ការ​លើកឡើង​ថា​ស្ត្រី​ជា​ធុរកិច្ច​នៅ​កម្ពុជា​មិន​សូវមាន​ជំនាញ ខ្វះ​ភាព​ជា​អ្នកដឹកនាំ និង​គំនិត​ផ្តួចផ្តើម​ធ្វើ​អាជីវកម្ម​ជា​ការយល់​ខុស ខណៈ​ប្រាក់​ចំណូល​ ៩០ ​ភាគរយ​នៅក្នុង​សហគ្រាស​ខ្នាតតូច និង​មធ្យម​បាន​មកពី​អាជីវកម្ម​គ្រប់គ្រង​ដោយ​ស្ត្រី​កាលពី​ឆ្នាំ​ ២០១៨ ដែល​មាន​រហូត​ដល់​ ៦១ ​ភាគរយ​នៃ​វិស័យនេះ​។

ទោះបី​យ៉ាង​នេះ​ក្តី IFC បាន​រកឃើញ​ថា មាន​សហគ្រិន​ជា​ស្ត្រី​មាន​ត្រឹម​ ៣ ​ភាគរយ​ប៉ុណ្ណោះ​អាច​ទទួល​បាន​ឥណទាន​ផ្លូវការ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ខណៈ​តម្រូវការ​ឥណទាន​ដែល​សហគ្រិន​ស្ត្រី​ត្រូវការ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន ៤,២ ពាន់​លាន​ដុល្លារ​។

របាយការណ៍​បន្ត​ថា​៖ «​ស្រី្ត​ភាគច្រើន​នៅ​កម្ពុជា​ប្រើប្រាស់​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ដើម្បី​ចាប់ផ្តើម​អាជីវកម្ម ឬ​ពឹង​ផ្អែកលើ​ប្រភព​ហិរញ្ញប្បទាន​ក្រៅ​ផ្លូវការ និង​ការសន្សំ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​»​។

ការសិក្សា​នេះ​រកឃើញ​ថា​ភាព​ខុសគ្នា​រវាង​បទដ្ឋាន​សង្គម និង​យេនឌ័រ​ក្នុង​ការទទួល​បាន​ចំណេះដឹង​នៅ​កម្ពុជា នៅតែ​​រារាំង​ដល់​ស្ត្រី​ក្នុង​ការពង្រីក​ឱកាស​អប់រំ​របស់​ខ្លួន ដូច្នេះ​ហើយ​ស្ត្រី​មាន​ទំនោរ​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការទទួល​បាន​ទីផ្សារ​ព័ត៌មាន និង​បញ្ហា​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួកគេ​។

លោក Vivek Pathak ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ថា ការសិក្សា​នេះ​រកឃើញ​ថា មិនមែន​សហគ្រិន​ស្ត្រី​ខ្វះ​គំនិត​​រកស៊ី​ទេ ប៉ុន្តែ​ផ្នត់​គំនិត​សង្គម​​ពី​យេនឌ័រ ឱកាស​អប់រំ​មាន​កម្រិត ការរឹតត្បិត​លើ​ស្ត្រី​គឺជា​ឧបសគ្គ​សម្រាប់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ពួកគេ​គ្មាន​ជម្រើស​ទេ ស្ត្រី​មិន​ងាយស្រួល​ទទួល​បាន​សេវា​ពី​ធនាគារ ខណៈ​ធនាគារ​នៅ​កម្ពុជា​ហាក់​មើល​រំលង​អតិថិជន​ជា​សហគ្រិន​ស្ត្រី ក្នុង​ការស្វែងរក​ប្រាក់​កម្ចី​ដើម្បី​ពង្រីក​អាជីវកម្ម​»​។

របាយការណ៍​បង្ហាញ​ថា​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​សហគ្រាស ៥១៣ ៧៥៩ ក្នុងនោះ ៩៧,៧ ភាគរយ សហគ្រាស​ខ្នាតតូច និង ២,២ ភាគរយ សហគ្រាស​ខ្នាត​ធំ​។ ស្ត្រី​គ្រប់គ្រង​សហគ្រាស​ខ្នាតតូច និង​មធ្យម ២៦ ភាគរយ និង​សហគ្រាស​ខ្នាតតូច ៦២ ភាគរយ​។

លោកស្រី កែវ មុំ នាយិកា​រោងចក្រ​ផលិត​នំ​ស្រួយ លីលី បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​សហគ្រិន​ហាក់​មាន​ការលំបាក​ក្នុង​ការទទួល​បាន​ឥណទាន និង​មិន​ទទួលបាន​អត្រា​ការប្រាក់​ល្អ​ដូច​បុរស​ពី​ធនាគារ​ទេ​។ លោកស្រី​ថ្លែងថា​៖ «​ស្ត្រី​មានការ​លំបាក​ខ្ចីប្រាក់​ពី​ធនាគារ ធនាគារ​កង្វះ​ទំនុកចិត្ត ព្រោះ​ពួកគេ​មិនមាន​របាយការណ៍​ចំណូល​ចំណាយ​ជាក់លាក់​»​។

លោកស្រី​បន្តថា​៖ «​បើ​ប្តី​ប្រពន្ធ​ខ្ចី​មិន​មាន​បញ្ហា​ទេ បើ​ស្ត្រី​ម្នាក់ឯង​ឈរឈ្មោះ​ខ្ចីប្រាក់​មានការ​លំបាក​ច្រើនជាង​បុរស​»​។

អ្នកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​សម្ពោធ​របាយការណ៍ IFC កាលពី​សប្តាហ៍​មុន​ថា បញ្ហា​ប្រឈម​ជា​ចម្បង​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​ម្ចាស់​ជា​ស្ត្រី​គឺ​ការរើសអើង​យេនឌ័រ​។

អ្នកស្រី​ថ្លែងថា​៖ «​ហិរញ្ញវត្ថុ​គឺជា​ឧបករណ៍​សំខាន់​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​សមភាព និង​ការលើកកម្ពស់​យេនឌ័រ​នៅ​ទូទាំង​តំបន់​អាស៊ាន និង​តំបន់​ផ្សេងៗ​ទៀត​»​។

អ្នកស្រី​បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាញ​យក​អត្ថប្រយោជន៍​ពី​ផ្នែក​មួយ​នេះ​នៃ​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើត​ផលិតផល​ដែល​អាចជួយ​ជំរុញ​ដល់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​សម្រេច​បាន​តុល្យភាព​យេនឌ័រ​នៅក្នុង​សេដ្ឋកិច្ច​។

ទោះបី​យ៉ាង​ណា​លោក ទូច ចៅចេក នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សហគ្រិន​ក្នុង​វិស័យ SME ទាំង​បុរស និង​ស្ត្រី​មានការ​ពិបាក​ទទួលបាន​កម្ចី​ឥណទាន​ដូចគ្នា​។

លោក​ថ្លែង​ថា​៖ «​គោលនយោបាយ​ធនាគារ​យើង​មាន​កម្ចី​សម្រាប់​វិស័យ SME មិន​ផ្តោត​តែ​ស្ត្រី​ទេ​»​។ លោក​បន្ថែម​ថា​ដើម្បី​លើក​កម្ពស់​វិស័យ SME ធនាគារ ប្រៃសណីយ៍​កម្ពុជា​បាន​ផ្តល់ជូន​អត្រា​ការប្រាក់ ៩ ភាគរយ​ក្នុង​ ១ ​ឆ្នាំ​៕LA