ភ្នំពេញៈ ក្រុមហ៊ុន​ផ្នែក​សេវាកម្ម​ដំណោះស្រាយ​បច្ចេកវិទ្យា​ក្នុង​ស្រុក IG Tech កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន AETINS មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​សហការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ស្នូល​ដល់​ប្រតិបត្តិករ​ក្នុង​វិស័យ​ធានារ៉ាប់រង​។

លោក គឹម ពុធគិរី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន IG Tech បាន​ឲ្យ​ដឹង​ថា ការសហការ​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កម្ពុជា ដោយសារ​វា​មិន​គ្រាន់​តែ​ជា​កិច្ចព្រមព្រៀង​លក់-ទិញ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជា​ការ​ផ្ទេរ​ចំណេះដឹង​ពី​ក្រុមហ៊ុន​ដៃគូ​សម្រាប់​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុមហ៊ុន IG Tech ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​នវានុវត្តន៍​ហៅថា «​មជ្ឈមណ្ឌល​ឧត្តមភាព​»​។

មជ្ឈមណ្ឌល​នេះ​នឹង​ប្រមូលផ្ដុំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កម្ពុជា​ដើម្បី​រៀនសូត្រ​ពី​ក្រុម​អ្នក​ជំនាញ និង​អាច​អភិវឌ្ឍ​សូហ្វវែរ​ផ្ទាល់​ខ្លួន​នៅពេល​អនាគត​។

លោក​ថ្លែង​ថា​៖ «​ដំបូង​យើង​រៀន​ពី​ការលក់​ប្រព័ន្ធ​ដំណោះស្រាយ​បច្ចេកវិទ្យា​របស់​គាត់​ដើម្បី​បាន​ដឹង​ពី​ភាពខ្លាំង​របស់​ប្រព័ន្ធ​នោះ និង​កែ​វា​ឲ្យ​កាន់​តែ​ល្អ​ឡើង​»​។ លោក​បន្ត​ថា​បន្ទាប់​មក​អ្នក​មាន​ចំណេះដឹង​ក្នុង​វិស័យ IT កម្ពុជា អាច​ប្រមូល​ផ្តុំ​គ្នា​ហើយ​បង្កើត​ប្រព័ន្ធ​ដំណោះស្រាយ​បច្ចេកវិទ្យា​មួយ​ដែល​ងាយស្រួល និង​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​»​។

យោង​តាម​លោក គឹម ពុធគិរី កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ម្សិលមិញ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​លោក​ចែកចាយ​ដំណោះស្រាយ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន AETINS ទៅ​ប្រទេស​ថៃ វៀតណាម ឡាវ និង​មីយ៉ាន់ម៉ា​។

ខណៈ​ក្រុមហ៊ុន AETINS មាន​ជំនាញ​ខាង​ការផ្គត់ផ្គង់​ដំណោះស្រាយ​ព័ត៌មានវិទ្យា សម្រាប់​ឧស្សាហកម្ម​ធានារ៉ាប់រង​លោក ពុធ គិរី ឲ្យ​ដឹង​ថា​លោក​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដំណោះស្រាយ IT មកពី​អាមេរិក អាល្លឺម៉ង់ ឥណ្ឌា និង​សិង្ហបុរី ដែល​ភាគច្រើន​ជា​កម្មវិធី​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​៕ LA