ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន Ikea បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​បិទ​រោងចក្រ​​​តែ​មួយ​គត់​របស់​ខ្លួន​​​នៅ​អាមេរិក​​ចុង​ឆ្នាំ​នេះ​ ដែល​នឹង​កាត់​បន្ថយ​ការងារ​ ៣០០​ នាក់​ ដោយសារ​ក្រុមហ៊ុន​​នឹង​ចំណាយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​ដើម្បី​​ផលិត​ផលិតផល​នៅ​អឺរ៉ុប និង​នាំចូល​​ផលិតផល​ទាំង​នោះ​ទៅ​​សហរដ្ឋ​អាមេរិក​វិញ​។​

ហាង​លក់​គ្រឿង​​សង្ហារិម​ដ៏​ធំ​លើ​ពិភព​លោក​របស់​​​ប្រទេស ​ស៊ុយអែត ​នេះ​​​ឲ្យ​ដឹង​ថា ការ​ចំណាយ​​លើ​វត្ថុ​ធាតុ​ដើម​​​ខ្ពស់​​ខ្លាំង​ពេក​​ធៀប​នឹង​​រោងចក្រ​នៅ​អឺរ៉ុប ដែល​មាន​​ន័យ​ថា ការ​ចំណាយ​ក្នុង​រោងចក្រ​នៅ​​ក្រុង​ Danville ​រដ្ឋ Virginia នេះ​គឺ​ «​កាន់​តែ​ខ្ពស់​ខ្លាំង​ឡើងៗ​»។​

លោក​ Bert Eades ប្រធាន​គ្រប់គ្រង​ទីតាំង​ផលិត​​របស់​ក្រុមហ៊ុន Ikea​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​សប្ដាហ៍​មុន​ថា​៖ «​យើង​បាន​ធ្វើ​គ្រប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​កែ​លម្អ និង​ថែរក្សា​សមត្ថភាព​ប្រកួត​ប្រជែង​របស់​រោងចក្រ​នេះ ប៉ុន្តែ​ជា​អកុសល​លក្ខខណ្ឌ​ចំណាយ​​ត្រឹមត្រូវ​មិន​អាច​ដំណើរការ​បាន​ដើម្បី​​បន្ត​​ការ​ផលិត​នៅ​ទីក្រុង​ Danville រដ្ឋ VA ក្នុង​រយៈពេល​វែង​​»។​​

រោងចក្រ ដែល​បាន​បើក​ដំណើរការ​កាល​ពី​ឆ្នាំ ​២០០៨ ដើម្បី​ផលិត​ធ្នើរ​ឈើ និង​ផ្នែក​ស្ដុក​​ទំនិញ​សម្រាប់​ទីផ្សារ​អាមេរិក​ និង​​ប្រទេស ​កាណាដា ​នេះ​​ នឹង​បិទ​ទ្វារ​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ។​

លោក Eades ថ្លែង​ថា​៖ «​យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដើម្បី​​​គាំទ្រ​សហការី​របស់​យើង​​តាមរយៈ​​ការ​ផ្លាស់ប្តូរ​នេះ ខណៈ​ដែល​​ពួក​គេ​ស្វែងរក​ការងារ​ថ្មី​ និង​ឱកាស​បណ្ដុះបណ្ដាល»។​

ក្រុមហ៊ុន Ikea ដែល​មាន​រោងចក្រ​​​ ​២៤ ក្នុង​ប្រទេស​ ៩ ​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​​ធ្វើ​​ការងារ​ជាមួយ​តំណាង​​​សហជីព​កម្មករ និង​ទីភ្នាក់ងារ​របស់​អាមេរិក ​ដើម្បី​​ផ្ដល់​ជំនួយ​ដល់​ការ​ស្វែងរក​ការងារ​ថ្មី៕ AFP/LA​