ភ្នំពេញៈ អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) បាន​ឲ្យ​ដឹងថា ការងារ​ជិត​ ២៥ ​លាន​កន្លែង​ អាច​ត្រូវ​បាត់បង់​ទូទាំង​ពិភពលោក​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ ILO បាន​ឲ្យ​ដឹងថា ដោយ​ពឹង​ផ្អែកលើ​សេណារីយោ​ផ្សេងគ្នា​សម្រាប់​ផលប៉ះពាល់​ដោយសារតែ​កូវីដ​១៩ លើ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​លើ​ពិភពលោក ILO ប៉ាន់ប្រមាណ​ថា ការចង្អុល​បង្ហាញ​ការកើនឡើង​អត្រា​គ្មាន​ការងារ​ធ្វើ​លើ​ពិភពលោក​មាន​ចំនួន​ចន្លោះ​ពី​ ៥,៣ ​លាន (​សេណារីយោ​ទាប​) ដល់​ ២៤,៧ ​លាន​នាក់ (​សេណារីយោ​ខ្ពស់​) បើ​ធៀប​នឹង​កម្រិត​មូលដ្ឋាន ១៨៨ ​លាននាក់​កាលពី​ឆ្នាំ​ ២០១៩​។

បើ​ប្រៀបធៀប​វិបត្តិ​ហិរញ្ញវត្ថុ​លើ​ពិភពលោក​ឆ្នាំ​ ២០០៨ និង​ឆ្នាំ​ ២០០៩ អត្រា​គ្មាន​ការងារ​ធ្វើ​លើ​ពិភពលោក​មាន​ចំនួន​ ២២ ​លាន​នាក់​។

ILO បាន​ឲ្យ​ដឹងថា​ការ​គ្មាន​ការងារ​ធ្វើ​ក៏​ត្រូវបាន​រំពឹង​ថា នឹង​កើន​ឡើងជា​ទ្រង់ទ្រាយ​ធំ​ជា​ផលវិបាក​សេដ្ឋកិច្ច​ដោយសារ​តែ​ការរីករាលដាល​វីរុស​នេះ​ប្រែក្លាយ​ជា​ការកាត់បន្ថយ​ម៉ោង​ការងារ និង​ប្រាក់​ឈ្នួល​។ ស្វ័យ​ការងារ​នៅ​តាម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ដែល​ជា​រឿយៗ​បម្រើ​ដើម្បី​ការពារ​ផលប៉ះពាល់​ដោយសារ​តែ​ការផ្លាស់ប្តូរ​នេះ​។

អង្គការ​នេះ​បន្តថា ការធ្លាក់ចុះ​ការងារ​ក៏​មានន័យថា ជាការ​បាត់បង់​ប្រាក់ចំណូល​ចំនួន​ច្រើន​សម្រាប់​កម្មករ​ផងដែរ​។ ការសិក្សា​ប៉ាន់​ប្រមាណ​ថា មាន​ចន្លោះ​ពី​ ៨៦០ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ទៅ​ ៣,៤ ​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​ត្រឹម​ចុង​ឆ្នាំ​ ២០២០​។ នេះ​នឹង​ប្រែក្លាយ​ទៅជា​ការធ្លាក់ចុះ​ក្នុង​ការប្រើប្រាស់​ទំនិញ និង​សេវា​ជា​បន្ត​ប៉ះពាល់​ដល់​ចក្ខុវិស័យ​សម្រាប់​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ អង្គការ​នេះ​បញ្ជាក់​ថា ភាព​គ្មាន​ការងារ​ធ្វើ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ខ្ពស់​ផងដែរ​ខណៈ «​សម្ពាធ​លើ​ប្រាក់ចំណូល​ដែល​បណ្ដាល​មកពី​ការធ្លាក់ចុះ​សកម្មភាព​សេដ្ឋកិច្ច​នឹង​ធ្វើឲ្យ​កម្មករ​ខិត​ទៅជិត ឬ​នៅក្រោម​បន្ទាត់​ភាពក្រីក្រ​»​។

ទោះ​យ៉ាងនេះ​ក្តី មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹងថា អត្រា​គ្មាន​ការងារ​ធ្វើ​របស់​​ប្រទេស​នេះ​បាន​ទទួលរង​ផលប៉ះពាល់​បន្តិចបន្តួច ទោះបី​ជា​វិស័យ​សំខាន់​ ២ ​គឺ​កាត់ដេរ និង​ទេសចរណ៍​បាន​រងផលប៉ះពាល់​យ៉ាងខ្លាំង​ក៏ដោយ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា រោងចក្រ​ ៥០ ​ទូទាំងប្រទេស​កាលពីមុន​បាន​ផ្អាក​ប្រតិបត្តិការ​ដោយសារតែ​កង្វះ​វត្ថុ​ធាតុដើម​ដែល​បង្កឡើង​ដោយ​កូវីដ​ ១៩ ​នៅក្នុង​ប្រទេស​ចិន ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ ២០ ៩៤០ ​នាក់​ នៅក្នុង​វិស័យ​កាត់ដេរ​របស់​កម្ពុជា​។ ប៉ុន្តែ​រោងចក្រ​ ១៧ ​ក្នុងចំណោម​រោងចក្រ​ទាំងនោះ​បានចាប់ផ្ដើម​សកម្មភាព​ឡើងវិញ​​ហើយ បន្ទាប់ពី​ប្រទេស​ ចិន​ នៅពេល​ថ្មីៗ​នេះ​បានចាប់ផ្ដើម​ការផ្គត់ផ្គង់​វត្ថុធាតុដើម​។

ទិន្នន័យ​ក្រសួងទេសចរណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន​បាន​បង្ហាញថា កាលពី​ឆ្នាំ​ ២០១៩ ប្រទេស​ កម្ពុជា​ រកប្រាក់​ចំណូល​ទេសចរណ៍​អន្តរជាតិ​ចំនួន​ ៤,៩១ ​លាន​ដុល្លារ ​កើនឡើង​ ១២,៤ ​ភាគរយ​ ធៀប​នឹង​ ៤,៣៧ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា គិត​ត្រឹម​ថ្ងៃទី​ ១៦ ខែមីនា សណ្ឋាគារ​ ៤១ អាផាតមិន​ ២ និង​ភោជនីយដា្ឋន​ជាច្រើន​ត្រូវបាន​បិទទ្វារ និង​បាន​ផ្អាក​ប្រតិបត្តិការ​នៅ​ខេត្តសៀមរាប ដោយ​មាន​ការបាត់បង់​ការងារ​ជាង ​២ ០១៤ ​នាក់ ដោយសារ​តែ​ការរីករាលដាល​នៃ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​យើង​ប៉ាន់ប្រមាណ​ថា ចំនួន​ការបាត់បង់​ការងារ​នឹង​កើនឡើង​ក្នុង​រយៈពេល​ ២ ​សប្ដាហ៍​ចុងក្រោយ​នេះ​នៃ​ខែ​នេះ ហើយ​អាជីវកម្ម​ទេសចរណ៍​នឹង​បិទទ្វារ​ទាំងស្រុង​ដោយសារ​តែ​ការរីករាលដាល​កូវីដ​ ១៩»​។

ILO បាន​ប៉ាន់ប្រមាណ​ថា មនុស្ស​ចន្លោះ​ពី​ ៨,៨ ដល់​ ៣៥ ​លាន​នាក់​​បន្ថែមទៀត​នឹង​គ្មាន​ការងារ​ធ្វើ​ទូទាំង​ពិភពលោក​ធៀប​នឹង​ការប៉ាន់​ប្រមាណ​ដំបូង​សម្រាប់​ឆ្នាំ​ ២០២០ ដែល​បាន​ព្យាករ​ការធ្លាក់ចុះ​ ១៤ ​លាន​នាក់​ទូទាំង​ពិភពលោក​។

លោក Guy Ryder អគ្គនាយក ILO ​បាន​ថ្លែងថា​៖ «​នេះ​លែង​ជា​វិបត្តិ​សុខភាព​ពិភពលោក​តែមួយ​ទេ វា​ក៏​ជា​វិបត្តិ​ទីផ្សារការងារ និង​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​កំពុងមាន​ផលប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​»​។ លោក​បន្តថា​៖ «​កាលពី​ឆ្នាំ​ ២០០៨ ពិភពលោក​បានបង្ហាញ​ការរួម​គ្នា​ដើម្បី​ដោះស្រាយ​ផលវិបាក​ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក និង​អ្វីដែល​អាក្រក់​ខ្លាំង​​បំផុត​ត្រូវបាន​បង្វែរ​។ យើង​ត្រូវការ​ការដឹកនាំ​ប្រភេទ​នោះ និង​ដោះស្រាយ​នៅពេលនេះ​»៕ LA