
ភ្នំពេញៈ លោកស្រី Christine Lagarde នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃ ចន្ទ បានសរសើរ កម្ពុជា ចំពោះកំណើនសេដ្ឋកិច្ចខ្ពស់ ហើយលោកស្រីបានសន្យាបន្តគាំទ្រការកែទម្រង់ហិរញ្ញវត្ថុ។
លោក អ៊ាង សុផល្លែត អ្នកនាំពាក្យផ្ទាល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថា លោកស្រី Lagarde បានថ្លែងបែបនេះក្នុងជំនួបរយៈពេលមួយម៉ោងជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃចន្ទនៅរាជធានីភ្នំពេញ។
លោក អ៊ាង សុផល្លែត បានដកស្រង់សម្ដី.លោកស្រី Lagarde ថា៖ «កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចរឹងមាំ ហើយ IMF បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាគឺរឹងមាំជាមួយនឹងកំណើនប្រចាំឆ្នាំជាង ៧ ភាគរយនៅក្នុងរយៈពេលមធ្យម»។ លោកស្រីបន្តថា កម្ពុជាបានក្លាយជាកន្លែងទាក់ទាញសម្រាប់វិនិយោគិនដោយសារតែការកែទម្រង់របស់ខ្លួនដែលបានជំរុញឲ្យប្រទេសនេះបន្តកែទម្រង់ហិរញ្ញវត្ថុ។ លោកស្រីលើកឡើងថា IMF មានសេចក្ដីរីករាយក្នុងការបន្តគាំទ្រដល់កម្ពុជានៅក្នុងការងារនេះ។
លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់ IMF សម្រាប់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការកែទម្រង់ហិរញ្ញវត្ថុ និងប្រព័ន្ធពន្ធគយ និងរដ្ឋាករ។ លោកនាយករដ្ឋមន្រ្ដីបានថ្លែងថា៖ «ភាពជាដៃគូរវាងកម្ពុជា និង IMF មានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការធានាស្ថិរភាពហិរញ្ញវត្ថុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកាន់ប្រទេសកម្ពុជា។
លោកស្រី Lagarde បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃពីថ្ងៃ ទី២ ដល់ថ្ងៃ ទី៣ ធ្នូ។ លោកស្រីនឹងចូលគាល់ព្រះមហាក្សត្រនរោត្តម សីហមុនី និងចូលជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ លោកស្រីបានកំណត់ពេលវេលាជួបជាមួយតំណាងក្រុមហ៊ុនផ្ដល់យោបល់ មេដឹកនាំស្រ្ដី ពាណិជ្ជករ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។ លោកស្រីក៏នឹងផ្ដល់បាឋកថា ស្ដីពីចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានៅពេលអនាគតដល់និស្សិតប្រហែល ៣០០ នាក់នៅសាលាភូមិន្ទរដ្ឋបាលផងដែរ។
លោកស្រី Lagarde នឹងបន្តដំណើរទៅកាន់ប្រទេស កូរ៉េខាងត្បូង និង មីយ៉ាន់ម៉ា៕ PB