
ទិដ្ឋភាពស្ពានអាកាស៧មករា ឬស្ពានពេទ្យលោកសង្ឃពេលសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១៦។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា កម្ពុជានៅមានលទ្ធភាពក្នុងការបង្កើនកម្ចីសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗរហូតដល់ ៤០ ភាគរយនៃកម្រិតបំណុលធៀបនឹងទំហំសេដ្ឋកិច្ចរបស់ខ្លួន ខណៈអ្នកជំនាញព្រមានថាការប្រើប្រាស់កម្ចីត្រូវមានតម្លាភាព និងប្រសិទ្ធភាព។
យោងតាម IMF កម្រិតបំណុលរដ្ឋរបស់កម្ពុជានាពេលបច្ចុប្បន្នមានទំហំ ៣០ ភាគរយធៀបនឹងទំហំសេដ្ឋកិច្ច (GDP) គឺជាទំហំមួយដែលស្ថិតក្នុងកម្រិតហានិភ័យទាបនៅឡើយ។
លោក Jarkko Turunen ប្រធានក្រុមការងាររបស់ IMF ដែលរៀបរៀងរបាយការណ៍សេដ្ឋកិច្ចកម្ពុជាសម្រាប់ជំពូក ៤ នៃរបាយការណ៍ ២០១៨ របស់ IMF បានលើកឡើងថា កម្រិតបំណុលរបស់កម្ពុជានាពេលនេះគឺស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ហើយកម្ពុជាអាចមានលទ្ធភាពក្នុងការទទួលកម្ចីបន្ថែមសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
លោកបន្តថា មានតម្រូវការខ្លាំងខាងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលអាចជំរុញកំណើនសេដ្ឋកិច្ច ហើយអាចធ្វើឲ្យមានកំណើនតម្រូវការទុនបន្ថែម។
លោកថ្លែងថា៖ «សម្រាប់កម្ចីដែលកម្ពុជាទទួលបានសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលនេះ គឺកម្ពុជាតែងទទួលបានក្នុងលក្ខខណ្ឌអនុគ្រោះ។
ប្រសិនបើលក្ខខណ្ឌនេះនៅតែបន្ត ហើយការវិនិយោគ [ពីកម្ចី] ត្រូវបានគ្រប់គ្រងដោយប្រសិទ្ធភាព ខ្ញុំគិតថាកម្ពុជានៅមានលទ្ធភាពក្នុងការទទួលកម្ចីបន្ថែមដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ»។
លោកបន្តថា៖ «យើងបានបញ្ចប់ធ្វើការវិភាគមួយ ហើយបានរកឃើញថា សម្រាប់គោលដៅរយៈពេលមធ្យម កម្រិតបំណុលដែលសមរម្យ [សម្រាប់កម្ពុជា] អាចដំឡើងដល់ ៤០ ភាគរយនៃទំហំសេដ្ឋកិច្ច (GDP)»។
សេចក្តីជូនដំណឹងរបស់ IMF មិនបានបញ្ជាក់ពីទំហំបំណុលរបស់កម្ពុជានោះទេ ដោយគ្រាន់តែបញ្ជាក់ពីភាគរយធៀបនឹង GDP ប៉ុណ្ណោះ។
ប៉ុន្តែយោងតាមសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០១៨ ដែលបានចេញផ្សាយកាលពីឆ្នាំមុន រដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីប្រាក់ ១ ពាន់លាន SDR បន្ថែមទៀត ឬស្មើនឹង ១,៤ ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងផែនការថវិកាជាតិដែលគ្រោងទុកសម្រាប់ឆ្នាំ ២០១៨។ កម្ចីនេះនឹងធ្វើឲ្យបំណុលជាតិកើនឡើងដល់ ៧,៦ ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ ២០១៨ ធៀបនឹង ៦,២ ពាន់លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ ២០១៧។
ត្រឹមខែមិថុនា ឆ្នាំ ២០១៧ កម្រិតបំណុលកម្ពុជាភាគច្រើនកើតចេញតាមរយៈកម្ចីសម្បទានទ្វេភាគី និងពហុភាគី ដោយទទួលបានពីប្រទេស ចិន មានចំនួនច្រើនជាងគេ។ កម្ពុជាជំពាក់ប្រាក់ចិនប្រហែល ២,៩ ពាន់លានដុល្លារ ជិតពាក់កណ្ដាលនៃបំណុលសរុបរបស់ខ្លួន។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ កាលពីម្សិលមិញ បានឯកភាពនឹងការលើកឡើងរបស់ IMF ដោយចាត់ទុកថា កម្រិតបំណុលបច្ចុប្បន្នរបស់កម្ពុជា គឺអាចគ្រប់គ្រងបាន។
លោកថ្លែងថា៖ «កម្ពុជាអាចខ្ចីបន្ថែម ហើយគួរតែខ្ចីបន្ថែម ប៉ុន្តែត្រូវប្រាកដថាកម្ចីនោះ ត្រូវបានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ»។ លោកបន្តថា៖ «កម្ពុជានៅតែត្រូវការយ៉ាងខ្លាំងនូវផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្រ្ដ ប៉ុន្តែចាំបាច់ត្រូវតែសាងសង់ដោយមានគុណភាពដែលរំពឹងទុក»។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា រដ្ឋាភិបាលកម្ពុជាមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងអំពីការគ្រប់គ្រងកម្ចីសាធារណៈ។
ខណៈកម្រិតបំណុលនាពេលបច្ចុប្បន្នមិនទាន់ស្ថិតក្នុងកម្រិតនៃការព្រួយបារម្ភ លោក កល្យាណ ឲ្យដឹងថា បញ្ហាប្រឈមសម្រាប់កម្ពុជា គឺការពឹងផ្អែកខ្លាំងពេកលើកម្ចីពីក្រៅប្រទេស។
លោកថ្លែងថា៖ «ប្រសិនបើយើងពឹងផ្អែកខ្លាំងលើកម្ចីរូបិយប័ណ្ណបរទេស នៅពេលមានព្រឹត្តិការណ៍ដែលមិនអាចព្យាករបានកើតឡើងខាងក្រៅ យើងនឹងពិបាកក្នុងការទប់ស្កាត់បញ្ហានោះ»។
លោកបន្តថា៖ «យើងគួរតែស្វែងរកមធ្យោបាយក្នុងការកៀរគរកម្ចីក្នុងស្រុក ហើយខ្ញុំគិតថា ការចេញមូលបត្របំណុលរដ្ឋាភិបាលជាប្រាក់រៀល គួរតែជាជម្រើសមួយដ៏ល្អ»៕LA