ភ្នំពេញ៖ តំណាង IMF ប្រចាំប្រទេសកម្ពុជា លោក Yasuhisa Ojima មើលឃើញថា ទោះបីជាកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសព្រឹត្តិការណ៍ផ្ទុះសហគមន៍ ២០ កុម្ភៈក្តី វិស័យហិរញ្ញវត្ថុនៅតែមានស្ថានភាពរឹងមាំ និងបន្តជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ។
ប៉ុន្តែព្រមានថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចនៅតែមានជាពិសេសលើវិស័យទេសចរណ៍ និងអចលនទ្រព្យ និងសំណង់។
ការថ្លែងរបស់លោក Yasuhisa Ojima នៅក្នុងវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEO Forum) លើកទី១ សម្រាប់ឆ្នាំ ២០២១ ផ្តោតលើប្រធានបទស្តីពីការប្រមើលមើលពីការងើបឡើងវិញ នៃសេដ្ឋកិច្ចពីជំងឺកូវីដ ១៩ នៅកម្ពុជា និងនៅតំបន់អាស៊ាន។
វេទិកានេះ ធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ រៀបចំដោយសមាគមធនាគារនៅកម្ពុជា និងមានការសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលកម្មវិធីនេះ ប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ (Zoom) និងមានអ្នកចូលរួមប្រមាណ ៧០ នាក់ មកពីស្ថាប័នហិរញ្ញវត្ថុ និងអ្នកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
លោក Yasuhisa Ojima បានថ្លែងថា IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,២ ភាគរយ នៅឆ្នាំនេះ និង ៦ ភាគរយ នៅឆ្នាំ ២០២២ បន្ទាប់ពីការធ្លាក់ចុះ ៣,៥ ភាគរយ នៅឆ្នាំ ២០២០។ ការព្យាករណ៍អំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីការកើនឡើងនៃការឆ្លងវីរុសកូវីដ ១៩ នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោក Ojima បានបន្ថែមទៀតថា៖ «វិស័យហិរញ្ញវត្ថុមើលទៅមានស្ថិរភាពដោយសារតែវិធានការណ៍គោលនយោបាយជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន (LPCO, ទុនបម្រុងកាតព្វកិច្ចទាប) និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ ២០២១»។
ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ចជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យ និងសំណង់ ដែលឥណទានខ្លះមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិតនៃការបែងចែកចាយដើមទុននឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្នបំផុត។
លោក អ៊ិនចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ពេលវេលានៃការពិភាក្សានេះ គឺចំពេលបំផុតនៃវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលធនាគារជាតិនៃកម្ពុជាទើបតែបានពន្យារលើយន្តការនៃការធ្វើឥណទានរៀបចំឡើងវិញរបស់វិស័យធនាគារ និងហិរញ្ញវត្ថុរហូតដល់ចុងឆ្នាំ ២០២១ នេះ ដូច្នេះហើយ ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅតែចាំបាច់នូវការយល់ថា តើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តយ៉ាងដូចម្តេចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោកបានបន្ថែមថា៖“ ដោយសារតែអតិថិជននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចីហើយប្រហែល ១២ ភាគរយ នៃឥណទានទាំងអស់ត្រូវបានស្នើសុំរៀបចំឡើងវិញ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច គឺមានសារៈសំខាន់បំផុតសម្រាប់អតិថិជនដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា»។
លោកបានបន្ថែមថា៖« ការយល់ដឹង និងការព្យាករណ៍របស់ IMF ពិតជានឹងជួយស្ថាប័នរបស់យើងក្នុងការរៀបចំ និងធានាឱ្យមានស្ថិរភាព និងវិបុលភាពរយៈពេលវែងនៃវិស័យរបស់យើង»។
កាលពីថ្ងៃទី ២៥ ខែឧសភា ធនាគារជាតិនៃកម្ពុជា (NBC) បានបន្តដាក់ចេញនូវវិធានការអនុគ្រោះដំណាក់កាលទី៣ ក្នុងការជួយសម្រួលដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីជាការបើកលទ្ធភាពបន្ថែមដល់ស្ថាប័នទាំងអស់ឱ្យបញ្ចេញប្រាក់កម្ចីចូលក្នុងចរន្តសេដ្ឋកិច្ច។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា៖ ធនាគារជាតិនៃកម្ពុជាសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ដូចជារក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែលរហូតដល់មានការជូនដំណឹងជាថ្មី, អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១។
NBC បញ្ជាក់ថា៖ «ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចធ្វើឥណទានរៀបចំឡើងវិញលើសពី ៣ ដង ក្នុងអំឡុងពេលអនុគ្រោះនេះ និងបន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន»៕