
កម្មករកំពុងសាងសង់សំណង់អគារមួយកន្លែង។ ហេង ជីវ័ន
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងនៅតែរក្សាបានកំណើនខ្ពស់ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ដោយសារការកើនឡើងតម្រូវការខាងក្រៅ និងការពង្រីកគោលនយោបាយសារពើពន្ធ ប៉ុន្តែនឹងថមថយបន្តិចវិញសម្រាប់រយៈពេលមធ្យម។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
តាមការព្យាកររបស់ IMF សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថានឹងកើន ៧,២៥ ភាគរយនៅឆ្នាំនេះ ដែលអត្រាកំណើននេះនឹងរក្សាបាននៅ ២-៣ ឆ្នាំបន្ទាប់ទៀត មុននឹងថមថយមកត្រឹមរង្វង់ ៦ ភាគរយក្នុងរយៈពេលមធ្យម (ប្រហែល ៥ ឆ្នាំ) ដោយសារការថមថយកំណើនផលិតភាព និងការឈានដល់ភាពចាស់ទុំនៃវដ្ដឥណទាន និងអចលនទ្រព្យ។
លោក Jarkko Turunen ដែលបានដឹកនាំក្រុមការងាររបស់មូលនិធិ IMF ក្នុងការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលនេះបានលើកឡើងថា៖ «កម្ពុជាបានបង្កើតវឌ្ឍនភាពខ្លាំងឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយសារកំណែទម្រង់ និងកំណើនសេដ្ឋកិច្ចខ្ពស់រយៈពេលច្រើនឆ្នាំ។ កំណើនប្រាក់ចំណូលបានកើនខ្ពស់ជាងប្រទេសដែលស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ភាពក្រីក្របានធ្លាក់ចុះ ហើយសេដ្ឋកិច្ចចាប់ផ្តើមធ្វើពិពិធកម្មជាសន្សឹមៗ»។
ការពិភាក្សាវាយតម្លៃរបស់ក្រុមការងាររបស់ IMF ក្នុងបេសកកម្មនេះបានផ្តោតលើវិស័យ ៤ រួមមាន ការគ្រប់គ្រងហានិភ័យម៉ាក្រូហិរញ្ញវត្ថុ ការការពារនិរន្តរភាពសារពើពន្ធ ការគាំទ្រកំណើនប្រកបដោយបរិយាប័ន្ន និងការដោះស្រាយភាពងាយរងគ្រោះអភិបាលកិច្ច។
សេចក្តីថ្លែងការណ៍ IMF បានឲ្យដឹងថា ការសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន តម្រូវឲ្យមានការពន្លឿនការធ្វើកំណែទម្រង់នានា ដើម្បីបង្កើនភាពប្រកួតប្រជែង ធ្វើឲ្យប្រសើរឡើងបរិយាកាសអាជីវកម្ម និងដោះស្រាយភាពងាយរងគ្រោះអភិបាលកិច្ច។
វិធានការបន្ថែមចាំបាច់គួរតែធ្វើឡើងដើម្បីដោះស្រាយភាពងាយរងគ្រោះរបស់វិស័យហិរញ្ញវត្ថុ រួមទាំងវិធានការទិសដៅក្នុងវិស័យអចលនទ្រព្យផងដែរ។
សេចក្តីថ្លែងការណ៍នេះបន្តថា ទាក់ទងនឹងគុណភាពឥណទាន ការកើនឡើងការផ្តោតលើវិស័យអចលនទ្រព្យ និងការផ្តល់កម្ចីដែលគ្មានការគ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ការពឹងផ្អែកលើការផ្តល់មូលនិធិខាងក្រៅ និងការកើនឡើងសារៈសំខាន់របស់ MFI បន្តបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច៕