ភ្នំពេញ: លោកស្រី Gita Gopinath ប្រធាន​សេដ្ឋវិទូ និង​នាយក​ផ្នែក​ស្រាវជ្រាវ​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹងថា សម្រាប់​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍ ដូចជា​កម្ពុជា​ដែល​មាន​ធនធាន​តិចតួច​គឺ ចាំបាច់​ក្នុង​ការផ្ដល់​អាទិភាព​ការចំណាយ​សម្រាប់​សុខភាព និង​គាំទ្រ​ដល់​ជនក្រីក្រ ដើម្បី​ជំរុញ​ការស្ទុះ​ងើប​នៃ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។

ថ្លែង​នៅក្នុង​សន្និសីទ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​ ២០២០ តាមរយៈ​វីដេអូ​ខនហ្វឺរ៉ិន​កាលពី​ថ្ងៃទី​ ១៣ ខែ​តុលា លោកស្រី Gita Gopinath បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ នៅ​បន្ត​កើតឡើង​បង្ក​ឲ្យ​មាន​ការរីករាលដាល​ដល់​មនុស្ស និង​បង្ក​ឲ្យ​បាត់បង់​ជីវិត​ជាង​ ១ ​លាន​នាក់ ​រហូត​មក​ដល់ពេលនេះ​។

ដូច្នេះ​ការរស់នៅ​ជាមួយ​នឹង​វីរុស​កូរ៉ូណា​ថ្មី​នេះ គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​ពិភពលោក​កំពុង​សម្រប​ខ្លួន​ផងដែរ​។

លោកស្រី​ថា​៖ «​បណ្ដា​ប្រទេស​រីកចម្រើន​រហ័ស និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ទាំងនោះ​ក៏​បាន​ធានា​បាន​នូវ​ប្រសិទ្ធភាព​អតិបរមា​ផងដែរ ប៉ុន្តែ​បណ្ដា​ប្រទេស​ទាំងនោះ​ក៏​នឹង​ត្រូវការ​ការគាំទ្រ​ជា​បន្តបន្ទាប់​នៅក្នុង​ទម្រង់​ជំនួយ​ឥតសំណង​អន្តរជាតិ​ផង ជំនួយ​សម្បទាន ហើយ​នៅក្នុង​ករណី​មួយ​ចំនួន ការកាត់បន្ថយ​បំណុល​»​។

លោកស្រី​បន្ថែម​ថា​៖ «​នេះ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត ដោយសារ​តែ​ការធ្លាក់ចុះ​សេដ្ឋកិច្ច ហើយ​វា​នឹង​ត្រូវការ​នវានុវត្តន៍​ដ៏សំខាន់​លើ​គោលនយោបាយ​ជួរមុខ ទាំង​នៅក្នុង​កម្រិត​ជាតិ និង​កម្រិត​អន្តរជាតិ ដើម្បី​ការស្ទុះ​ងើបឡើង​វិញ​ពី​ការបិទ​ប្រទេស​ទាំងឡាយ​។ បញ្ហា​ប្រឈម​ទាំងនេះ​កំពុង​គំរាមកំហែង ប៉ុន្តែ​មាន​ហេតុផល​ជាច្រើន​ក្នុង​ការទទួល​បាន​ក្ដីសង្ឃឹម​»​។

លោកស្រី​បន្តថា ដល់​កម្រិត​ដែល​អាចធ្វើ​ទៅ​បាន​គោលនយោបាយ​ត្រូវតែ​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើ​ការកម្រិត​ការខូចខាត​សេដ្ឋកិច្ច​ជា​បន្ត​ដោយសារ​តែ​វិបត្តិ​នេះ​។ លោកស្រី​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គួរតែ​បន្ត​ក្នុង​ការផ្ដល់ប្រាក់​ដើម្បី​គាំទ្រ​ដល់​ក្រុមគ្រួសារ និង​ការងារ​ដើម្បី​បង្ការ​ការក្ស័យធន និង​ការបាត់បង់​ការងារ​តាមរយៈ​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ដែល​ងាយ​រងគ្រោះ ប៉ុន្តែ​អាច​បន្ត​រស់​បាន​»​។

IMF បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ត្រូវបាន​ព្យាករ​ថា នឹង​ធ្លាក់​ចុះមក​នៅ​ត្រឹម​ដក ​២,៨ ​ភាគរយ​នៅ​ឆ្នាំនេះ ហើយ​នឹង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​ដល់​ ៦,៨ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១​។

រហូត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឲ្យ​ដំណើរការ​វិធានការ​ជុំ​ទី​ ៦ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ត្រៀម​រៀបចំ​សម្រាប់​ការពង្រឹង​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩​។

សម្រាប់​វិធានការ​ជុំ​ទី​ ៦ ​នោះ​វិស័យ​កាត់ដេរ រដ្ឋាភិបាល​នឹង​បន្ត​ផ្ដល់ប្រាក់​ ៤០ ​ដុល្លារ​ក្នុង​ ១ ​ខែ​ដល់​កម្មករ​រោងចក្រ ដែល​បាត់បង់​ការងារ​របស់​ពួកគេ ឬ​ព្យួរការងារ​ហើយ​កម្មវិធី​នេះ​នឹង​បន្ត​ក្នុង​រយៈពេល​ ៣ ​ខែ​ទៀត រហូត​ដល់​ចុងខែ​ធ្នូ​ឆ្នាំនេះ​។ ម្ចាស់​រោងចក្រ​ត្រូវតែ​បន្ថែម​ប្រាក់​ ៣០ ​ដុល្លារ​បន្ថែមទៀត កើនឡើង​ដល់​ ៧០ ​ដុល្លារ​។

ចំណែក​បុគ្គលិក​វិស័យ​ទេសចរណ៍​រួមទាំង​អ្នក​ធ្វើ​ការងារ​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍​នឹង​ទទួលបាន​ប្រាក់​ ៤០ ​ដុល្លារ​ក្នុង​ ១ ​ខែ​ក្នុង​រយៈពេល​ ៣ ​ខែ ខណៈដែល​ថៅកែ​ត្រូវតែ​ផ្ដល់ប្រាក់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​បន្ថែម​ដល់​ប្រាក់​ ៤០ ​ដុល្លារ​នេះ​។ សម្រាប់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍ ដែល​ចុះបញ្ជី​នឹង​ត្រូវ​លើកលែង​ពន្ធ​រយៈពេល​ ៣ ​ខែ​បន្ទាប់​ផងដែរ​។

រដ្ឋាភិបាល​ក៏​ពន្យារពេល​ពន្ធ​សម្រាប់​ផែនការ​ការពារ​សង្គម​លើកលែង​ពន្ធ​ប៉ាតង់ និង​ពន្ធ​អគារ និង​បាន​ពន្យារពេល​ការធ្វើ​សវនកម្ម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​របស់​​ទីភ្នាក់ងារ និង​ប្រតិបត្តិការ​ទេសចរណ៍ ខណៈ​ដែល​គ្រួសារ​ក្រីក្រ និង​ងាយ​ទទួលរង​គ្រោះ​នឹង​បន្ត​ទទួលបាន​ប្រាក់ឧបត្ថម្ភធន​ជា​សាច់ប្រាក់​ក្នុង​រយៈពេល​ ៣ ​ខែ​ទៀត​ចាប់ពី​ខែ​តុលា​ដល់​ខែ​ធ្នូ​។

សេចក្ដី​ប្រកាស​នៃ​វិធានការ​ជុំ​ទី​ ៦ ​បាន​ឲ្យ​ដឹងថា​៖ «​រដ្ឋាភិបាល​នឹង​បន្ត​ក្នុង​ការតាមដាន​យ៉ាង​ទៀងទាត់​ស្ថាន​ការជំងឺ​កូវីដ​ ១៩ ស្ថានការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​។ រដ្ឋាភិបាល​នឹង​វាយតម្លៃ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩​ លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វិធានការ​ចាំបាច់ និង​ត្រៀម​រៀបចំ​ដាក់ចេញ​វិធានការ​ថ្មីៗ​បន្ថែមទៀត​នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ ​១៩​ ផងដែរ​»​។

លោកស្រី Gopinath ថា គោលនយោបាយ​គួរតែ​ត្រូវមាន​ការសម្លឹងមើល​ការដាក់​សេដ្ឋកិច្ច​នៅលើ​ផ្លូវ​កំណើន​កាន់តែ​រឹងមាំ និង​និរន្តរភាព​។ លោកស្រី​ថា​៖ «​ការវិនិយោគ​លើ​វិស័យ សុខុមាលភាព ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​ការអប់រំ​អាចជួយ​សម្រេច​បាន​កំណើន​ប្រកបដោយ​ផ្លែផ្កា បរិយាប័ន្ន និង​និរន្តរភាព​»៕ LA