
លោកស្រី Christine Lagarde ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ AFP
ភ្នំពេញៈ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្មីៗនេះចាត់ទុកការធ្វើបរិយាប័ន្នហិរញ្ញវត្ថុរបស់កម្ពុជាថាមានការវិវត្តល្អ ដោយបញ្ជាក់ថា បទពិសោធននេះអាចជាករណីសិក្សាមួយសម្រាប់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
បរិយាប័ន្នហិរញ្ញវត្ថុគឺសំដៅដល់លទ្ធភាពដែលសេវាហិរញ្ញវត្ថុអាចត្រូវបានប្រើប្រាស់សម្រាប់អ្នករាល់គ្នា។
ថ្លែងនៅក្នុងពិធីបើកវេទិកា ខ្សែក្រវាត់ និងផ្លូវ របស់ចិននៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ដែលមានថ្នាក់ដឹកនាំប្រទេស ៤០ ចូលរួម លោកស្រី Christine Lagarde បានលើកឡើងថា ប្រទេស កម្ពុជា គឺជាឧទាហរណ៍ល្អមួយនៃការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ដោយមានការផ្តល់សេវាហិរញ្ញវត្ថុដោយប្រើបច្ចេកវិទ្យាដែលធ្វើឲ្យសេវាហិរញ្ញវត្ថុបានទៅដល់ដៃប្រជាជនច្រើនជាងមុន។
លោកស្រីថ្លែងថា៖ «មនុស្សជាច្រើនក្នុងចំណោមពលរដ្ឋទាំងនេះ មិនដែលមានគណនីធនាគារទេ។ នៅពេលនេះពួកគេអាចសន្សំប្រាក់សម្រាប់អនាគតនិងថែមទាំងអាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេទៀតផង»។ លោកស្រីបន្តថា៖ «គំនិតទាំងនេះអាចអនុវត្តគ្រប់ទីកន្លែងបាន។ ប៉ុន្តែប្រទេសជាច្រើនត្រូវតែមានបំណងធ្វើជាដៃគូ និងរៀនសូត្រពីគ្នាទៅវិញទៅមក»។
លោកស្រីថ្លែងថា ការគំាទ្រ និងកិច្ចសហការពីធនាគារកណ្តាល ក្នុងការផ្តល់អាជ្ញាប័ណ្ណដល់សេវាហិរញ្ញវត្ថុចល័ត បានធ្វើឲ្យចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនឡើងបីដងគិតចាប់ឆ្នាំ ២០១១ មក។ គ្រឹះស្ថានទាំងនេះ បានផ្តល់កម្ចីដល់អ្នកទទួលកម្ចីថ្មី ២ លាននាក់ ដែលតំណាងដល់ ២០ ភាគរយ នៃប្រជាជនពេញវ័យសរុប។
កម្ពុជាតែងតែបានទទួលចំណាត់ថ្នាក់ល្អខាងផ្នែក «ការទទួលបានឥណទាន» នៅក្នុងរបាយការណ៍ស្តីពី ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរបស់ធនាគារពិភពលោក។ របាយការណ៍ តែងសិក្សាប្រភេទ ចំណាត់ថ្នាក់ ១០ ប្រភេទ ដើម្បីវាស់វែងពីភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ដែលរួមមាន ការចាប់ផ្ដើមអាជីវកម្ម ការទទួលបានអគ្គិសនី ការទទួលបានឥណទាន ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងផ្នែកផ្សេងទៀត។
ក្នុងរបាយការណ៍ឆ្នាំ ២០១៩ កម្ពុជាជាប់ចំណាត់ថ្នាក់ ២២ នៅក្នុងប្រភេទ «ការទទួលបានឥណទាន» ខណៈផ្នែកផ្សេងៗទៀត ក្រៅពីនេះត្រូវបានចាត់ថ្នាក់លេខរៀងក្រោយ ១០០ ឬជិតដល់បាតតារាង។
លោក គា បូរាណ ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា វិស័យមីក្រូហិរញ្ញវត្ថុ (MFI) កម្ពុជាបានអភិវឌ្ឍយ៉ាងរហ័សក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ ដោយសារបណ្ដាញប្រតិបត្តិការដ៏ធំដែលអនុញ្ញាតឲ្យមានការផ្តល់ផលិតផលថ្មីៗ និងសេវាកម្មថ្មី ដល់ប្រជាជនជនបទ ដែលកាលពីមុនមិនមានឱកាសប្រើប្រាស់សេវាធនាគារ។
លោកបន្ថែមថា គោលនយោបាយដ៏សកម្មរបស់ធនាគារជាតិនៃកម្ពុជា (NBC) និងការអនុញ្ញាតឲ្យគ្រឹះស្ថាន MFI ៧ អាចទទួលប្រាក់បញ្ញើសន្សំបានពីអតិថិជន បានធ្វើឲ្យប្រជាជនដែលកាលពីមុនមានឱកាសប្រើប្រាស់សេវាធនាគារ អាចធ្វើការសន្សំតាមប្រព័ន្ធផ្លូវការ សម្រាប់អត្ថប្រយោជន៍នៅពេលអនាគតរបស់ពួកគេ។ លោកបន្តថា NBC ក៏បានសម្រួលឲ្យមានសេវាផ្សេងៗទៀតដូចជាការទូទាត់ និងធនាគារចល័ត ដែលកំពុងផ្ដល់អត្ថប្រយោជន៍ដល់អតិថិជន។
លោកថ្លែងថា៖ «សម្រាប់ស្ថិរភាពរយៈពេលវែង យើងនឹងផ្ដោតលើការពង្រឹងចំណេះដឹងហិរញ្ញវត្ថុច្រើនជាងមុន ក្នុងពេលជាមួយគ្នាដែលយើងផ្ដោតលើការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ព្រោះថាប្រសិនបើប្រជាជនមានចំណេះកាន់តែប្រសើរអំពីការប្រើប្រាស់ហិរញ្ញវត្ថុ វាកាត់បន្ថយហានិភ័យទាក់ទងនឹងការប្រើប្រាស់ប្រាក់មិនត្រឹមត្រូវ និងកាត់បន្ថយហានិភ័យវិស័យហិរញ្ញវត្ថុ»។
លោក Stephen Higgins ដៃគូគ្រប់គ្រងក្រុមហ៊ុន Mekong Strategic Partners បានឲ្យដឹងកាលពីម្សិលមិញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៃបរិយាប័ន្នហិរញ្ញវត្ថុ នៅក្នុងប្រទេស កម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះបានផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា។ យ៉ាងណាក៏ដោយ លោកបានក្រើនរំឭកពីបញ្ហាប្រឈមនៃកំណើនឥណទានដល់ប្រជាជនក្រីក្រ។
លោកថ្លែងថា៖ «សមត្ថភាពក្នុងការទទួលបានប្រព័ន្ធហិរញ្ញវត្ថុ ទាក់ទងនឹងសមត្ថភាពក្នុងការសន្សំប្រាក់ និងការផ្ទេរប្រាក់ក្នុងតម្លៃទាប បានធ្វើឲ្យមានផលវិជ្ជមានដ៏សំខាន់សម្រាប់កម្ពុជា»។
លោកបន្តថា៖ «ខ្ញុំមិនសូវមានការជឿជាក់ទេថា កម្រិតបំណុលដែលត្រូវបានយកដោយប្រជាជនក្រីក្រជារឿងល្អនោះទេ អ៊ីចឹង ការជំរុញ និងបង្កើនការផ្គត់ផ្គង់ទៅតម្រូវការនៃផ្នែកនេះគួរត្រូវការត្រួតពិនិត្យ»៕LA