ភ្នំពេញ: លោក Jonathan D. Ostry ប្រធានស្ដីទី​នាយកដ្ឋាន​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ផ្ដល់​អាទិភាព​ការចំណាយ​ដល់​វិស័យ​ដែល​ងាយ​ទទួល​រងគ្រោះ ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​ការបង្កើត​ការងារ​ក្នុងអំឡុង​ពេលវេលា​ដ៏ពិបាក​នេះ​។

លោក Jonathan បាន​ឆ្លើយ​សំណួរ​ ភ្នំពេញ ​ប៉ុស្ដិ៍​ ក្នុង​អំឡុង​សន្និសីទ​ស្ដីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ខែតុលា​ ឆ្នាំ​ ២០២០ ដែល​ត្រូវបាន​រៀបចំ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ថា ការរីក​រាលដាល​វីរុស​កូរ៉ូណា​បាន​បណ្ដាលឱ្យ​កត្តា​មួយ​ចំនួន​ដែល​បាន​ប៉ះពាល់​ដល់​ការព្យាករ​របស់ IMF គឺ​ការដួលរលំ​វិស័យ​ទេសចរណ៍ ច្បាស់ណាស់​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចកម្ពុជា និង​ប៉ះពាល់​លើ​ការនាំចេញ​វិស័យ​មិនមែន​ទេសចរណ៍ សម្លៀកបំពាក់​ជាដើម​។

លោក​ថា​៖ «​យើង​សង្កេត​ឃើញ​ថា មាន​ការលុបចោល​ការបញ្ជា​ទិញ​ជាច្រើន និង ការធ្លាក់ចុះ​នៃ​វិស័យ​ទេសចរណ៍ និង​ការនាំចេញ​ទំនិញ ខ្ញុំ​គិតថា កត្តា​ទាំងនេះ​ហើយ​នៅ​ពីក្រោយ​ចក្ខុវិស័យ​កាន់តែ​ថមថយ​»​។ លោក​បន្តថា​៖ «​សម្រាប់​កត្តា​គោលនយោបាយ ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​បាន​ណែនាំ​គឺ​ការផ្ដល់​អាទិភាព​ដោយ​ប្រុងប្រយ័ត្ន​នៃ​ការចំណាយ ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា ធនធាន​សារពើពន្ធ​គឺ​នឹង​ទៅ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​ខ្លាំង​បំផុត​អ្នក​ដែល​នៅក្រោម​កម្រិត​ប្រាក់​ចំណូល​អ្នក​ដែល​នៅក្នុង​វិស័យ​ក្រៅ​ផ្លូវការ​ជាដើម ដែល​ឱកាស​ការងារ​របស់​ពួកគេ​អាច​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​»​។

លោក​ឱ្យដឹងថា ជាមួយ​ការស្ទុះ​ងើប​ឡើង​វិញ​តម្រូវការ​ពិភពលោក​ជា​មូលដ្ឋាន សម្រាប់​ការនាំចេញ​សំខាន់ៗ​មួយចំនួន​របស់​ប្រទេស​កម្ពុជា​ដូចជា សម្លៀកបំពាក់ និង​ការស្ទុះ​ងើបឡើង​វិញ​មួយ​នៅក្នុង​វិស័យ​ទេសចរណ៍ វា​គួរតែ​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ ដែល IMF រំពឹងថា​នឹង​សម្រេចបាន​នៅ​ឆ្នាំ​ ២០២១​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​ការមកដល់​នៃ​ភ្ញៀវទេសចរ​បរទេស​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ប្រហែល​ ៧២ ​ភាគរយ​នៅក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​ដែល​ទទួល​បាន​ប្រហែល​ជាង ​១,២២ ​លាន​នាក់​។

លោក​ថា​៖ «​រហូត​មក​ដល់​ពេលនេះ យើង​មិន​មាន​ភ្ញៀវទេសចរ​បរទេស​នោះទេ​ដែល​ស្ទើរតែ​សូន្យ​ទៅហើយ គឺ​មាន​តែ​ជនបរទេស​មួយ​ចំនួន​ដែលជា​ធុរជន អ្នកជំនាញ និង​អ្នក​កំពុង​ធ្វើការងារ និង រស់នៅក្នុង​ទីនេះ​ហើយ​ក្រសួង​ទេសចរណ៍​ព្យាករ​ថា យើង​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ខ្លះៗ​ឡើងវិញ​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​ ២០២១ ប្រសិន​បើ​មាន​វ៉ាក់សាំង​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​»​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ​មិន​មាន​បញ្ហា​ជុំវិញ​ការបញ្ជាទិញ​របស់​ឧស្សាហកម្ម​នេះ​ទេ ជាពិសេស​នៅ​ទីផ្សារ​អាមេរិក​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​អាច​បន្ត​ជាធម្មតា ខណៈ​ដែល​ស្ថាន​ការសារពើពន្ធ ជាពិសេស​ទាក់ទង​នឹង​ប្រាក់ចំណូល​ពន្ធ​នឹង​ប្រសើរ​ជាង​ការរំពឹងទុក​ដែល​ជា​ផលល្អ​មួយ​សម្រាប់​ការអនុវត្ត​ថវិកា​ឆ្នាំ ​២០២១ ដែល​អាច​ឱ្យមាន​ទំហំ​ថវិកា​កាន់តែ​ច្រើន និង​ការប្រើប្រាស់​ប្រាក់​សន្សំ​រដ្ឋាភិបាល​កាន់តែ​តិចជាង​ការរំពឹងទុក​។ ប៉ុន្តែ​ផលប៉ះពាល់​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង បាន​ដាក់សម្ពាធ​លើ​បន្ទុក​របស់​រដ្ឋ ជាពិសេស​ការស្ដារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ប្រព័ន្ធធារាសាស្ដ្រ​។

លោក អូន ព័ន្ធមុនីរ័ត្ន បន្តថា រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ផែនការ​ការស្ទុះងើប​ឡើង​វិញ​ក្រោយ​ជំងឺ​កូវីដ​ ១៩ ដែលជា​ការពិចារណា​រយៈពេល​ខ្លី​មួយ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​អស់ពី​សក្ដានុពល​របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅបាន​។

បើ​យោងតាម IMF សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​ដក​ ២,៨ ​ភាគរយ​នៅ​ឆ្នាំនេះ ហើយ​នឹង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​ដល់ ៦,៨ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១ ពី​ដក​ ១,២ និង​ ០,៧ រៀង​គ្នា​នៃ​ការព្យាករ​ក្នុង​ខែមេសា​៕ LA