ភ្នំពេញៈ ចំណូល​បាន​ពី​ពន្ធ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​មាន​អត្រា​ត្រឹម ០,១ ​ភាគរយ ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែលជា​ចំនួន​ទាប​បំផុត​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​នេះ​។ នេះ​បើ​យោងតាម​ឯកសារ​សិក្សា​ស្រាវជ្រាវ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។

ឯកសារ​សិក្សា​ស្រាវជ្រាវ​របស់ IMF ២៦ ​ទំព័រ​ ដែល​ពណ៌នា​ការស្រាវជ្រាវ​នៅក្នុង​ការរីកចម្រើន​របស់​កម្ពុជា​ទទួល​បាន​ការផ្តល់​អនុសាសន៍ និង​ការពិភាក្សា​ជាមួយ​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​កម្ពុជា​។

ឯកសារ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅ​ខែកញ្ញា​នេះ​បង្ហាញ​ថា ប្រាក់ចំណូល​ពន្ធ​នៅ​កម្ពុជា​ពឹងផ្អែក​បនិ្ដចបន្តួច​លើ​ប្រភព​ប្រាក់ចំណូល​ដូចជា​ពន្ធ​ប្រាក់​ចំណូល​បុគ្គល (PIT) ពន្ធ​ទៅលើ​កំណើន​ប្រាក់ចំណូល និង​មូលធន ឬ​ពន្ធ​លើ​អចលនទ្រព្យ​។ ឯកសារ​នេះ​ឲ្យ​ដឹងថា​៖ «​ទោះបី​នេះ​គឺជា​ទម្រង់​​រីកចម្រើន​នៃ​ការយកពន្ធ​លើ​អចលនទ្រព្យ​ដែល​ត្រូវបាន​យកពន្ធ​ភាគច្រើន​លើ​គ្រួសារ​អ្នកមាន​ទ្រព្យ​ច្រើន​នៅ​តំបន់​ទីក្រុង​ក៏ដោយ​»​។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បាន​យល់​ស្រប​ចំពោះ​របាយការណ៍​នេះ​ថា ចំណូល​ពន្ធ​ពី​វិស័យ​អចលនទ្រព្យ​ពិតជា​មាន​កម្រិត​ទាប​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​។ លោក​បន្ថែម​ថា ការកំណត់​តម្លៃ​ដី​មិន​ស្រប​ទៅ​តាម​ទីផ្សារ​ជាក់ស្តែង​អាចជា​កត្តា​មួយ​នាំ​ឲ្យ​ការយកពន្ធ​ក្នុង​វិស័យនេះ មាន​អត្រា​ទាប​។

លោក​ថ្លែង​ថា​៖ «​តាម​គោលការណ៍​ពន្ធ​លើ​អចលនទ្រព្យ រដ្ឋ​មិន​យកពន្ធ​លើដី​ស្រែ​ទេ ប៉ុន្តែ​ពេល​នេះ​ដី​ទាំងនោះ​ភាគច្រើន​ក្លាយ​ជា​ដី​ពាណិជ្ជកម្ម​ដែល​ពេលនេះ​មិន​ទាន់​ធ្វើ​បច្ចុប្បន្នភាព [​ដូច្នេះ​] រដ្ឋ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ឲ្យ​ស្រប​ទៅ​តាម​ទីផ្សារ​»​។

ការកៀរគរ​ប្រាក់​ចំណូល​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ កាលពី​ឆ្នាំ​ ២០១៧ ប្រាក់ចំណូល​ពន្ធ​មាន​ចំនួន​តិចជាង ១០ ​ភាគរយ​នៃ GDP ខណៈ​កាលពី​ឆ្នាំ​ ២០១៧ បាន​កើន​ឡើង​ដល់​ប្រហែល​ ១៧ ​ភាគរយ​ដែល​ស្ថិតក្នុង​កម្រិត​ខ្ពស់​បំផុត​នៅក្នុង​អាស៊ាន​។

ក្នុង​ចំណោម​ប្រាក់ចំណូល​ពន្ធ​សរុប​ដែល​មាន​ចំនួន ១៦,៩ ​ភាគរយ ​នៃ GDP គឺ​ ៦១ ​ភាគរយ​ នៃ​ប្រាក់ចំណូល​ពន្ធ​បាន​មកពី​អាករ​លើ​តម្លៃបន្ថែម (VAT)​។ នេះ​ជា​ចំណែក​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជា​ដៃគូ​ក្នុង​តំបន់​ដូចជា​ឡាវ និង​ហ្វីលីពីន​។ នេះ​បើ​យោង​តាម​ឯកសារ​។ ប្រាក់ចំណូល​បាន​ពី​ពន្ធ​លើ​ប្រាក់ចំណូល​បុគ្គល និង​ប្រាក់ចំណូល​មូលធន និង​កំណើន​មូលធន​មាន​ ៤,២ ​ភាគរយ​ប៉ុណ្ណោះ​នៃ GDP ​ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​ដៃគូ​។

ទោះបី​យ៉ាងនេះ​ក្តី រដ្ឋាភិបាល​បាន​ធ្វើការ​កែប្រែ​តម្លៃ​ដី​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ដែល​បាន​អនុវត្ត​ចាប់​តាំងពី​ថ្ងៃទី​ ១ កក្កដា ឆ្នាំនេះ​។ ក្នុងនោះ​អត្រាពន្ធ​នៅ​តំបន់​សំខាន់ៗ​ក្នុង​ខណ្ឌ​ទាំង​ ៤ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ជាង ៣០ ​ភាគរយ​ ក្នុង​ ១ ​ម៉ែត្រការ៉េ បើ​ធៀប​នឹង​តម្លៃ​ដែល​កំពុង​អនុវត្ត​ពេលបច្ចុប្បន្ន​។

លោក កែន សម្បត្តិ អគ្គនាយករង​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ខែ​មេសា​ថា រដ្ឋាភិបាល​កាលពី​ឆ្នាំ​ ២០១៨ ទទួល​បាន​ប្រាក់ចំណូល​ពន្ធ​ចុះបញ្ជី ៩៧ ​លាន​ដុល្លារ​ ពី​ការផ្ទេរសិទ្ធិ​កាន់កាប់ និង​សិទ្ធិ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ លោក​ កែន សម្បត្តិ ឲ្យ​ដឹង​ថា​នៅក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​ឆ្នាំនេះ ការប្រមូល​ប្រាក់​ចំណូល​ពន្ធ​នេះ​មាន​ចំនួន​ ២៤ ​លាន​ដុល្លារ​។

មិនអាច​ទាក់ទង​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ក្នុង​រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ​ ២០១៩ នេះ​ការប្រមូល​ពន្ធដារ​សម្រេច​បាន​ជាង ១,៧ ​ពាន់​លាន​ដុល្លារ កើន​ជាង ២៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​៕ LA