The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - IMF ថា គ្មាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​​ណា​មួយ​ជាមួយ​វ៉េណេស៊ុយអេឡា




IMF ថា គ្មាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​​ណា​មួយ​ជាមួយ​វ៉េណេស៊ុយអេឡា

Content image - Phnom Penh Post
លោក Maduro និង​លោក Guaido។ រូបថត AFP

IMF ថា គ្មាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​​ណា​មួយ​ជាមួយ​វ៉េណេស៊ុយអេឡា

ក្រុង​វ៉ាស៊ីនតោនៈ អ្នក​នាំពាក្យ​របស់​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​​​ថា មូលនិធិ IMF នឹង​​មិន​មាន​​ការ​ទាក់ទង​ណា​មួយ​ជា​មួយ​​​​ប្រទេស ​វ៉េណេស៊ុយអេឡា ហើយ​​​​​ក៏​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​ទទួល​បាន​ទុន​បម្រុង​របស់​ខ្លួន​ដែល​ត្រូវ​​បាន​រក្សា​ទុក​ IMF ផង​ដែរ រហូត​ទាល់​តែ​​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​​រដ្ឋាភិបាល​មួយ​នៅ​ទីក្រុង​ការ៉ាកាស​។

ភាព​ជា​អ្នក​ដឹកនាំ​របស់​ប្រទេស​​នេះ​មាន​បញ្ហា​ចាប់​តាំង​ពី​​ចុង​ខែ​មករា​មក នៅ​ពេល​លោក Juan Guaido មេ​ដឹកនាំ​​សភា​ជាតិ​ ប្រកួតប្រជែង​ធ្វើ​ជា​មេ​ដឹកនាំ​ប្រទេស​ជា​មួយ​លោក​ប្រធានាធិបតី​ Nicolas Maduro ដែល​មាន​បញ្ហា​ច្រើន ខណៈ​ដែល​​​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ​របស់​ប្រទេស​​នេះ​កាន់​តែ​​អាក្រក់​ខ្លាំង​ឡើងៗ។​

អ្នក​នាំពាក្យ​​របស់​មូលនិធិ IMF បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ថា​៖ «​​ការ​ចូលរួម​ពាក់ព័ន្ធ​ណា​​មួយ​របស់​មូលនិធិ ​IMF ជា​មួយ​ប្រទេស ​វ៉េណេស៊ុយអេឡា ដែល​រួម​ទាំង​ការ​ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​ប្រតិបត្តិការ​​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាច​កើត​ឡើង មាន​មូលដ្ឋាន​​លើ​បញ្ហា​នៃ​ការ​ទទួល​​ស្គាល់​រដ្ឋាភិបាល ដែល​ត្រូវ​មាន​ការ​​បញ្ជាក់»។

អ្នក​នាំពាក្យ​រូប​នេះ​​ឲ្យ​ដឹង​ថា៖ «​យើង​ធ្វើ​ការងារ​ជា​មួយ​​​សមាជិក​​​របស់​យើង​​លើ​បញ្ហា​នេះ ហើយ​នៅ​ក្នុង​ចំណុច​​នេះ ការ​បេ្ដជ្ញា​ចិត្ត​នេះ [ពី​សមាជិក] ​​មិន​ត្រូវ​បាន​ធ្វើ​ឡើង​​ទេ​»។​

អាមេរិក​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ប្រហែល ៥០ ដែល​ទទួល​ស្គាល់​លោក Guaido ដែល​ជា​មេ​ដឹកនាំ​ប្រឆាំង ដែល​បាន​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​ស្ដីទី កាល​ពី​ចុង​ខែ​មករា ក្នុង​គោល​បំណង ​ដើម្បី​ជំនួស​​លោក Maduro។

លោក Guaido បាន​ហៅ​ការ​គ្រប់គ្រង​របស់​លោក​ Maduro ថា​ខុស​ច្បាប់ ដោយសារ​តែ​អ្វី​ដែល​​​លោក Guaido ហៅ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​ជា​ការ​ក្លែងបន្លំ ដែល​លោក​ Maduro បាន​ឈ្នះ​មួយ​អាណត្តិ​​ទៀត​​ដើម្បី​ដឹក​​នាំ​ប្រទេស​។

លោក Maduro ដែល​ត្រូវ​បាន​​គាំទ្រ​ដោយ​ប្រទេស រុស្ស៊ី និង​ចិន កំពុង​ស្ថិត​ក្រោម​សម្ពាធ​​កាន់​តែ​ខ្លាំង​ឡើងៗ ដោយសារ​តែ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ និង​ការ​ចំណាក​ស្រុក​ជា​បន្ត​របស់​ប្រជាជន​វ៉េណេស៊ុយអេឡា ចំ​ពេល​ដែល​មាន​​វិបត្តិ​សិទ្ធិ​មនុស្ស​ កាន់​តែ​អាក្រក់​ខ្លាំង​ឡើងៗ។​

មូលនិធិ IMF បាន​ឲ្យ​ដឹង​កាល​ពី​មុន​ថា ខ្លួន​កំពុង​រង់ចាំ​ការ​សម្រេច​ចិត្ត​​មួយ​ពី​​សមាជិក​របស់​ខ្លួន​ស្ដីពី​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​មួយ​នៅ​ទីក្រុង​ការ៉ាកាស ដែល​នឹង​ត្រូវ​ការ​សំឡេង​ឆ្នោត​ភាគ​ច្រើន​នៅ​​​ក្រុម​ប្រឹក្សា​​ប្រតិបត្តិ​របស់​មូលនិធិ​នេះ។​

សមាជិក​ទាំង​អស់​ ១៨៩ ប្រទេស​នៃ​មូលនិធិ​នេះ​ ត្រូវ​បាន​​​តម្រូវ​ឲ្យ​រក្សា​ទុក​កម្រិត​អប្បបរមា​នៃ​ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស​​របស់​ខ្លួន​នៅ​មូលនិធិ IMF ប៉ុន្តែ​ដោយសារ​តែ​ភាព​មិន​ច្បាស់​លាស់​អំពី​មេ​ដឹកនាំ​​នៅ​ទីក្រុង​ការ៉ាកាស​នោះ ​ទាំង​​​លោក Maduro និង​លោក Guaido អាច​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​មូលនិធិ​​ទាំង​នេះ​។

មិន​មាន​មេ​ដឹកនាំ​ណា​មួយ​អាច​​ចូល​ចរចា​ជា​មួយ​មូលនិធិ IMF សម្រាប់​កម្មវិធី​ជំនួយ​​បាន​នោះ​ទេ​។​

អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ដ្រី​រដ្ឋបាល​របស់​លោក Maduro ​ជា​ច្រើន​នាក់ ​មន្ដ្រី​យោធា និង​ស្ថាប័ន​ជា​ច្រើន ដោយ​រារាំង​ពួក​គេ​​មិន​ឲ្យ​ទទួល​បាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ការ​បង្កក​​ទ្រព្យ​សម្បត្តិ​ដែល​បាន​​ដាក់​​​ក្នុង​ធនាគារ​របស់​អាមេរិក ដែល​រួម​ទាំង​អ្នក​ដែល​ក្នុង​ក្រុមហ៊ុន Citgo ដែល​​​​​គ្រប់គ្រង​ដោយ​ប្រទេស​​ ​វ៉េណេស៊ុយអេឡា​ ​ផង​ដែរ​៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍