ក្រុងវ៉ាស៊ីនតោនៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​ឈានដល់​កិច្ច​ព្រមព្រៀង​ជាគោលការណ៍​មួយ​ជាមួយ​ប្រទេស​អ៊ុយក្រែន​ស្តីពី​ទឹកប្រាក់​ថ្មី​ ៥,៥ ​ពាន់​លាន​ដុល្លារ​ នៃ​កម្មវិធី​ជំនួយ​រយៈពេល​ ៣ ​ឆ្នាំ​ សម្រាប់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។

អ្នកស្រី Kristalina Georgieva អគ្គនាយក​មូលនិធិ IMF បាន​ស្វាគមន៍​កិច្ចព្រមព្រៀង​នេះ​ដោយ​អ្នកស្រី​បាន​បន្ថែមថា កិច្ចព្រមព្រៀង​នេះ​គឺជា​កម្មវត្ថុ​ចំពោះ​ការទទួល​បាន​ការអនុម័ត​ពី​ថ្នាក់​គ្រប់គ្រង​របស់​មូលនិធិ IMF​។

អ្នកស្រី Georgieva ថ្លែងថា​នៅ​ថ្ងៃ​សៅរ៍​អ្នកស្រី​បាន​និយាយ​ទូរស័ព្ទ​ទៅកាន់​លោក​ប្រធានាធិបតី Volodymyr Zelensky និង​បាន​សរសើរ​គាត់​អំពី «​វឌ្ឍនភាព​ដ៏ល្អ​» ​ចំពោះ​កំណែទម្រង់ និង «​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏រឹងមាំ​»​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​លោក​ប្រធានាធិបតី និង​ខ្ញុំ​បាន​ព្រមព្រៀង​ថា ភាពជោគជ័យ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ុយក្រែន​អាស្រ័យ​យ៉ាងសំខាន់​លើ​ការពង្រឹង​នីតិរដ្ឋ ការពង្រឹង​សុចរិតភាព​តុលាការ និង​ការកាត់បន្ថយ​តួនាទី​អត្ថប្រយោជន៍​ដែល​ត្រូវបាន​ធានា​»​។

អ្នកស្រី​បាន​បន្ថែមថា វា «​មាន​សារៈសំខាន់​ខ្លាំង​ដើម្បី​ការពារ​ផលចំណេញ​ដែល​កើតចេញ​ពី​ការបោសសម្អាត​ប្រព័ន្ធ​ធនាគារ និង​ស្តារ​ការចំណាយ​ធំៗ​ចំពោះ​អ្នក​ជាប់ពន្ធ​ពី​ដំណោះស្រាយ​ធនាគារ​»​។

មូលនិធិ IMF និង​ម្ចាស់ជំនួយ​អន្តរជាតិ​ផ្សេងទៀត​បាន​ដាក់​សម្ពាធ​ម្តង​ហើយ​ម្តងទៀត​ដល់​ទីក្រុង​កៀវ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ដែល​ត្រូវការ​ជា​ចំបាច់​តាមរយៈ​ការដោះស្រាយ​អំពើពុករលួយ​ដែល​រីក​រាលដាល និង​កាត់បន្ថយ​អំណាច​របស់​មនុស្ស​មួយ​ក្តាប់​តូច​។ ប៉ុន្តែ​មន្ត្រី​ធនាគារ និង​ក្រុម​អ្នកវិភាគ​ឲ្យ​ដឹងថា ពួកគេ​ភ័យខ្លាច​ថា អាជ្ញាធរ​បច្ចុប្បន្ន​កំពុង​ផ្តោត​ទិសដៅ​លើ​អតីតមន្ត្រី​ធនាគារ​ដែល​បាន​ជួយ​បោសសម្អាត​ទីផ្សារ​ជំនួស​ឲ្យ​ម្ចាស់​ធនាគារ​ដែល​ក្ស័យធន​៕ KC