ភ្នំពេញ: មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា IMF ប្តេជ្ញា​បន្ត​ជួយ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដើម្បី​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។

ក្នុង​ជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ចន្ទ​លោក Yasuhisa Ojima ប្រធាន​តំណាង​ស្ថាប័ន IMF ប្រចាំ​នៅ​កម្ពុជា​ថ្លែងថា លោក​ទទួលស្គាល់​នូវ​ប្រសិទ្ធភាព​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង និង​គ្រប់គ្រង​បានល្អ​ប្រសើរ​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា ជាពិសេស​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​នូវ​វិធានការ​មុត​ស្រួច​ថ្មីៗ​នានា​ក្រោម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​កម្មវិធី​គាំពារ​សង្គម​ជាដើម​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើងខ្ញុំ​គាំទ្រ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​របស់​រាជរដ្ឋាភិបាល​តាមរយៈ​ការបន្ត​តាមដាន​ការប្រែប្រួល​ស្ថានការណ៍​ម៉ាក្រូសេដ្ឋកិច្ច និង​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចសហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការឃ្លាំមើល​ការប្រែប្រួល​នៃ​ស្ថានភាព​សេដ្ឋកិច្ច ទាំង​កម្រិត​សកល និង​តំបន់​»​។

លោក​បាន​ថ្លែង​អះអាង​ថា​៖ «​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា​តាមរយៈ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​កន្លងមក​ក្នុង​នោះ​រួមមាន មូលនិធិ​ហិរញ្ញប្បទាន​រហ័ស (Rapid Financing Facility) ដែល​អាចជា​ជម្រើស​មួយ​បន្ថែម​សម្រាប់​កម្ពុជា​ក្នុង​ការបំពេញ​កង្វះខាត​ហិរញ្ញប្បទាន​សម្រាប់​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ​១៩»​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​តែងតែ​ជួយ​កម្ពុជា ជាពិសេស​ក្នុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថា IMF មាន​តួនាទី​សំខាន់​ក្នុង​ការតាមដាន និង​វាយតម្លៃ​ការវិវឌ្ឍ​សេដ្ឋកិច្ច​សកល តំបន់ និង​កម្ពុជា និង​ផ្តល់​ការសិក្សា​ផ្សេងៗ​ដែល​អាចជា​ធាតុ​ចូល​សម្រាប់​កម្ពុជា​ក្នុង​ការបន្ត​រៀបចំ​វិធានការ​ពាក់ព័ន្ធ​ក្នុង​ការធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ការរៀបចំ​នូវ​វិធានការ​គោលនយោបាយ សម្រាប់​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ថា​៖ «​ទោះបី​ជា​កម្ពុជា​ត្រូវបាន​វាយតម្លៃ និង​ទទួលស្គាល់​ថា​ជា​ប្រទេស​ ១ ​ក្នុងចំណោម​ប្រទេស​ដែល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ បាន​ល្អប្រសើរ​ក្ដី ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​តាមដាន​ការវិវឌ្ឍ​នៃ​ជំងឺ​នេះ​ដោយ​យកចិត្ត​ទុកដាក់​ខ្ពស់ និង​ពុំ​មើលស្រាល​ស្ថានការណ៍​ដោយ​បន្ត​អនុវត្ត​នូវ​វិធានការ​សុខាភិបាល រួម​ជាមួយ​ការចាត់វិធានការ​មុតស្រួច​ក្នុង​ការគាំទ្រ​លំនឹង​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​»​។

លោក​បាន​បន្តទៀត​ថា៖ «​ឈរលើ​មូលដ្ឋាន​នេះ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​អាច​បន្ត​មាន​ប្រក្រតី​ភាពល្អ ខណ:​ស្ថានភាព​សារពើពន្ធ ជាពិសេស​ផ្នែក​ចំណូល​ពន្ធ​នឹង​មាន​ភាពប្រសើរ​ជាង​ការរំពឹងទុក ដែល​នេះ​ជា​បច្ច័យ​ល្អ​សម្រាប់​ការអនុវត្ត​ថវិកា​ឆ្នាំ​ ២០២១ ដោយ​អនុញ្ញាត​ឱ្យមាន​លម្ហ​ថវិកា​ធំ និង​ការប្រើប្រាស់​ប្រាក់​សន្សំ​របស់​រាជរដ្ឋាភិបាល​តិចជាង​ការរំពឹងទុក​។ ប៉ុន្តែ​ថ្មីៗ​នេះ ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​បាននិង​កំពុង​ដាក់​សម្ពាធ​មួយផ្នែក​វិញ​ដល់​បន្ទុក​ចំណាយ​រដ្ឋ ពិសេស​ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ធារាសាស្ត្រ​។

បើ​យោង​តាម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​រៀបចំ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបតិ្ត​ជំងឺ​កូវីដ​១៩ (Post Covid-19 Recovery Plan) ដែល​ជា​ការគិតគូរ​សម្រាប់​រយ:ពេល​មធ្យម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​ត្រឡប់​ទៅរក​សក្តានុពល​វិញ​ឱ្យបាន​លឿន​។

IMF បាន​ព្យាករ​កាលពី​ថ្ងៃទី​ ១៣ ខែតុលា​​ ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​ធ្លាក់​ចុះមក​នៅ​ត្រឹម​ដក​ ២,៨ ​ភាគរយ​នៅ​ឆ្នាំនេះ ហើយ​នឹង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​ដល់​ ៦,៨ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១​។

គួរ​បញ្ជាក់ថា រហូត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​វិធានការ​ជុំ​ទី​ ៦ ដើម្បី​ជំរុញ​កំណើន សេដ្ឋកិច្ច និង​ត្រៀម​រៀបចំ​សម្រាប់​ការងើប​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ វិធានការ​ទាំងនេះ​នឹង​ធានាថា គ្រួសារ​ក្រីក្រ និង​ងាយ​ទទួលរង​គ្រោះ​នឹង​បន្ត​ទទួល​បាន​ជំនួយ​ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​នេះ​។

បើ​យោងតាម​សេចក្ដីប្រកាស​នៃ​វិធានការ​ជុំ​ទី​ ៦ ​បាន​ឱ្យដឹងថា​៖ «​រដ្ឋាភិបាល​នឹង​បន្ត​ក្នុង​ការតាមដាន​យ៉ាង​ទៀងទាត់​នូវ​ស្ថានការណ៍​ជំងឺ​កូវីដ​ ១៩ ស្ថានការណ៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​។ ដោយ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ត្រួតពិនិត្យ និង​វាយតម្លៃ​ផលប៉ះពាល់​ដោយសារតែ​ជំងឺ​កូវីដ ​១៩ ​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វិធានការ​ចាំបាច់​។ រដ្ឋាភិបាល​ក៏​ត្រៀម​រៀបចំ​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត​នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​ ផ​ងដែរ​»៕