ក្រុងវ៉ាស៊ីនតោនៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នឹង​ដោះស្រាយ​ជា​ប្រព័ន្ធ​ចំពោះ​អំពើ​ពុករលួយ និង​ផលប៉ះពាល់​របស់​វា​លើ​កំណើន​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ទាំងអស់ ស្ថិត​ក្រោម​គោលការណ៍​ណែនាំ​ថ្មី ដែល​បាន​ដាក់​ដំណើរការ​កាលពី​ថ្ងៃ​អាទិត្យ​។

គោលនយោបាយ​ថ្មី​ដែល​មាន​លក្ខណៈ​កាន់តែ​រឹតត្បិត​នេះ​ក៏​មាន​គោលបំណង​ដោះស្រាយ​របៀប​ដែល​ក្រុម​ប្រទេស​អ្នក​មាន​ចូលរួម​ចំណែក​ចំពោះ​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោយសារ​ការបរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​សូកប៉ាន់ និង​ការលាង​ប្រាក់​កខ្វក់ ឬ​តាមរយៈ​ការអនុញ្ញាត​ឲ្យ​មាន​កម្មសិទ្ធិ​សាជីវកម្ម​អនាមិក​។

លោកស្រី Christine Lagarde ប្រធាន​មូលនិធិ IMF បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​៖ «​យើង​ដឹង​ថា​អំពើ​ពុករលួយ​ធ្វើឲ្យ​ប៉ះពាល់​ប្រជាជន​ក្រីក្រ ប៉ះពាល់​កាលានុវត្តភាព​សេដ្ឋកិច្ច និង​ចលនា​សង្គម​បំផ្លាញ​ទំនុក​ចិត្ត​ក្នុង​គ្រឹះស្ថាន​មួយ​ចំនួន​»​។

លោកស្រី​បាន​បន្ត​ថា៖ «​បច្ចុប្បន្ន​យើង​បាន​អនុម័ត​នូវ​ក្របខ័ណ្ឌ​ការងារ​មួយ​សម្រាប់​ការ​ចូលរួម​ដែល​ត្រូវ​បាន​លើក​កម្ពស់​ស្តីពី​អភិបាលកិច្ច និង​អំពើ​ពុករលួយ​ដែល​មាន​គោលបំណង​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​កាន់តែ​ខ្លាំង និង​ស្មើភាព​ប្រកប​ដោយ​ប្រសិទ្ធភាព និង​អាច​អនុវត្ត​បាន​ជាមួយ​ប្រទេស​ជា​សមាជិក​»​។

យោង​តាម​មូលនិធិ IMF បាន​ឲ្យ​ដឹង​ថា​អំពើ​ពុករលួយ និង​អភិបាលកិច្ច​មិន​ល្អ ធ្វើ​ឲ្យ​ប៉ះពាល់​កំណើន​សេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​មាន​វិសមភាព ហើយ​ក្របខណ្ឌ​គោលនយោបាយ​ថ្មី​នេះ​មាន​បំណង​ធានា​ថា​គ្រឹះស្ថាន​នេះ​នឹង​ប្រកាន់​យក​នូវ​ស្តង់ដារ​ដូច​គ្នា​ចំពោះ​ប្រទេស​ជា​សមាជិក​ទាំងអស់ ពោល​គឺជា​អ្វី​ដែល IMF បាន​ឲ្យ​ដឹង​ថា ខ្លួន​ពុំ​ដែល​បាន​អនុវត្ត​ពី​មុន​មក​៕ BP