ក្រុងវ៉ាស៊ីនតោនៈ ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​មុន​បាន​ព្រមព្រៀង​បង្កើន​ទ្វេដង​នូវ​កញ្ចប់​ទឹកប្រាក់​សំខាន់​មួយ​ដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) អាច​ប្រើប្រាស់​ដើម្បី​ផ្តល់ជំនួយ​ដល់​ប្រទេស​ដែល​ជួបប្រទះ​វិបត្តិ ប៉ុន្តែ​ជាថ្មី​ម្តងទៀត ក្រុមមន្ត្រី​ទាំងនេះ​បាន​ពន្យារពេល​ផ្តល់​សិទ្ធិ​បោះឆ្នោត​បន្ថែមទៀត​ដល់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​ស្ទុះ​ងើប​ខ្លាំង​ធំៗ​។

មូលនិធិ IMF បាន​និង​កំពុង​ធ្វើការងារ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​នូវ​ចំណែក​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន ដើម្បី​ផ្តល់​ទម្ងន់​បន្ថែមទៀត​ដល់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​ស្ទុះ​ងើប​ខ្លាំង​នានា​ដូចជា​ប្រទេស​ចិន ឥណ្ឌា និង​ប្រេស៊ីល ប៉ុន្តែ​ប្រទេស​មហាអំណាច​ចាស់ៗ​មួយចំនួន​បាន​ជំទាស់ ដោយសារ​ពួកគេ​ប្រកាន់​ជំហរ​ថា​ខ្លាច​បាត់បង់​ឥទ្ធិពល​ក្នុង​ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ​។

យោងតាម​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ បើទោះ​ជា​មាន​ការប្តេជ្ញាចិត្ត​កាលពី​ពេលមុន​ថា​នឹង​បញ្ចប់​ការបែងចែក​សិទ្ធិ​បោះឆ្នោត​ថ្មី​នៅពេល​នេះ​ក្តី ក៏​សមាជិក​របស់​មូលនិធិ IMF នៅឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ពន្យារពេល​ករណី​នេះ​ជាថ្មី​ម្តងទៀត ហើយ​ជំនួស​មកវិញ​ប្តេជ្ញា​ថា​នឹង​ពិនិត្យ​មើល​បញ្ហា​នេះ​ជាថ្មី​យ៉ាងយូរ​បំផុត​នៅ​ខែធ្នូ ឆ្នាំ​ ២០២៣​។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ទោះជា​យ៉ាងណា​ការបែងចែក​ជាថ្មី​នូវ​សិទ្ធិ​បោះឆ្នោត «​នឹង​ត្រូវបាន​រំពឹងថា​នឹង​បង្ក​ឲ្យ​មានការ​កើនឡើង​ចំណែក​កូតា​របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​ស្ទុះ​ងើប​ខ្លាំង​ស្របតាម​តួនាទី​ប្រៀប​ធៀរ​របស់​ពួកគេ​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​»​។

មូលនិធិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នេះ​ដែល​ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​សង្គ្រាម​ពិភពលោក​លើក​ទី​ ២ ជាធម្មតា​ត្រូវបាន​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​អឺរ៉ុប​ភាគ​ខាងលិច​។

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ធំៗ​ដែល​មាន​ចំណែក​កាន់តែ​រីកធំឡើង​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ព្រមាន​ថា បើ​គ្មាន​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​អំណាច​ទេ មូលនិធិ IMF ប្រឈម​នឹង​ការបាត់បង់​ភាពស្របច្បាប់ និង​លទ្ធភាព​ជះឥទ្ធិពល​ដល់​គោលនយោបាយ​សេដ្ឋកិច្ច​នានា​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​គណៈ​គ្រប់គ្រង​របស់​មូលនិធិ IMF បាន​យល់ព្រម​ចំពោះ​ផែនការ​មួយ​ដើម្បី​បង្កើន​ធនធាន​របស់ខ្លួន​ទ្វេដង​ដល់ ៥០០ ​ពាន់​លាន​ដុល្លារ​នៃ​មូលនិធិ​បណ្តោះអាសន្ន​មួយ​ដែល​ផ្តល់​ដោយ​ប្រទេស​ចំនួន ៤០ ក្នុងចំណោម​សមាជិក​ចំនួន ១៨៩ ប្រទេស​។ នេះ​បើ​យោងតាម​សេក្តី​ថ្លែងការណ៍​នេះ​។

មូលនិធិ IMF ទទួលបាន​ភាគច្រើន​នៃ​ធនធាន​របស់ខ្លួន​តាម​រយៈ​កូតា​សមាជិក ប៉ុន្តែ​ចាប់តាំងពី​ការពិនិត្យ​មើល​ឡើងវិញ​នូវ​សិទ្ធិ​បោះឆ្នោត​នេះ​ត្រូវបាន​ពន្យារពេល​មក មូលនិធិ​នេះ​នឹង​ពឹង​ផ្អែកលើ​មូលនិធិ​ពិសេស​ដែល​គេ​ហៅថា កិច្ចព្រមព្រៀង​ថ្មី ដើម្បី​ផ្តល់​កម្ចី (New Arrangements to Borrow) ដើម្បី​ធានាថា ខ្លួន​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​វិបត្តិ​ថ្មី​មួយ​។

មូលនិធិ NAB ត្រូវបាន​ដាក់ចេញ​បន្ទាប់ពី​កើតមាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក និង​រយៈពេល​បច្ចុប្បន្ន​របស់​មូលនិធិ​នេះ​ត្រូវ​បាន​អនុម័ត​សម្រាប់​រយៈពេល ៥ ​ឆ្នាំ​ទៀត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០២២៕ KC