ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​កំពុង​សកម្ម​ក្នុង​ការដោះស្រាយ​ហានិភ័យ​ចំពោះ​ភាពមិន​ច្បាស់លាស់​ដែល​បង្កឡើង​ដោយ​ភាពតានតឹង​ពាណិជ្ជកម្ម និង​លទ្ធភាព​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប EBA តាមរយៈ​ផែនការ​កំណែទម្រង់​រចនា​សម្ព័ន្ធ ដើម្បី​លើក​កម្ពស់​ការប្រកួតប្រជែង និង​ការធ្វើ​ពិពិធកម្ម​។ នេះ​បើ​តាម​លោក Jarkko Turunen ប្រធាន​ក្រុម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)​។

ការលើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សេចក្តី​សន្និដ្ឋាន​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ១២ ​ថ្ងៃ ដើម្បី​ពិនិត្យ​អំពី​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា និង​បញ្ហា​ប្រឈម​។

ក្រុមការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដឹកនាំ​ដោយ​លោក Jarkko Turunen បាន​មក​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​​ ៣០ ខែ​កញ្ញា​ដល់​ថ្ងៃទី​ ១១ ខែ​តុលា ឆ្នាំ​ ២០១៩ ​នេះ​ដើម្បី​ពិភាក្សា​លើ​ពិគ្រោះ​យោបល់​លើ Article IV ឆ្នាំ​ ២០១៩ ដែល​ជា​ការវិភាគ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​គោលនយោបាយ​ប្រទេស​ជា​សមាជិក​។

ការពិនិត្យ​ឡើងវិញ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​ជា​ដៃគូ​នាំ​ចេញ​សំខាន់​មួយ​របស់​កម្ពុជា​ដែល​អាច​នឹង​ដក​នៅ​ឆ្នាំក្រោយ​អាច​ធ្វើឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាង​ធំធេង​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​រយៈពេល​ខ្លី​របស់​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន IMF​។

ទោះបី​យ៉ាង​ណា​លោក JarkkoTurunen បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃ​សុក្រ​ថា ទាក់ទង​នឹង​ភាពមិន​ច្បាស់លាស់ និង​ហានិភ័យ រដ្ឋាភិបាល​កម្ពុជា​ពិតជា​មាន​ភាពសកម្ម​ក្នុង​ការដោះស្រាយ​ហានិភ័យ​ដែល​បណ្តាល​មកពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រសិន​បើ​វា​អាច​កើតឡើង​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​ក្នុង​លក្ខខណ្ឌ​ភាព​មិនច្បាស់លាស់ និង​ហានិភ័យ​ដែល​បាន​លើកឡើង រដ្ឋាភិបាល​កំពុង​សកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការដោះស្រាយ​ហានិភ័យ​»​។ លោក​បន្តថា​៖ «​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ផែនការ​កែទម្រង់​លើ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ពួកគេ​បាន​រៀបចំ​កែទម្រង់​ទាំងនោះ​»​។

តាម​លោក JarkkoTurunen រដ្ឋាភិបាល​ក៏រៀបចំ​គម្រោង​ដែល​ផ្តោតលើ​ដំណោះស្រាយ​ផែនការ​ចំណាយ​លើ​ការបង្កើត​ការងារ ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ​។ លោក​ថ្លែង​ថា​៖ «​យើង​សូម​ណែនាំ​ពី​សារៈសំខាន់ វា​ទាក់ទង​នឹង​តម្រូវការ​ធំ​ដូច្នេះ​ពួកគេ​ត្រូវ​ការចំណាយ​ច្រើន ប៉ុន្តែ​ធ្វើឲ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ​»​។

លោក​បន្ត​ថា​៖ «​វា​ក៏​បង្ហាញ​ផងដែរ​ពី​តម្រូវការ​ពន្លឿន​ការអនុវត្ត​កំណែទម្រង់​សំណង់ ជាពិសេស​ពង្រឹង និង​ភាព​ប្រកួតប្រជែង​»​។

អាជ្ញាធរ​បន្ត​អនុវត្ត​វិធានការ​ម៉ាក្រូសេដ្ឋកិច្ច​ដ៏ប្រុងប្រយ័ត្ន និង​កំពុង​លើកកម្ពស់​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុង​ការសម្រេច​គោលនយោបាយ​ម៉ាក្រូ​។ នេះ​បើតាម IMF​។

ដូចគ្នា​នឹង​ធនាគារ​ពិភពលោក​ដែរ IMF បាន​ឲ្យ​ដឹងថា កំណើន​ឥណទាន​ដែល​កើនឡើង​ក្នុង​លើ​វិស័យ​អចលនទ្រព្យ និង​វិស័យ​សំណង់ ក៏​ជា​ហានិភ័យ​មួយ​ដែរ ដោយ​រំពឹង​ថា​នឹង​កើន​រង្វង់ ២៨ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​។

តាមរបាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​សម្រាប់​ខែ​តុលា ឆ្នាំ​ ២០១៩ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ ព្រហស្បតិ៍ ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​មួយ​ចំនួន​រួមមាន​កំណើន​នៃ​ការផ្តល់​ឥណទាន​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ កំណើន​បំណុល​។

ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹងថា ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការប្រកួតប្រជែង​ខាងក្រៅ​របស់​ប្រទេស​កម្ពុជា​គឺជា​រឿង​ចាំបាច់​ដើម្បី​រក្សា​កំណើន​ឲ្យ​ក្នុង​កម្រិត​មធ្យម​។ របាយការណ៍​ឲ្យ​ដឹងថា​៖ «​វា​ជា​ការចាំបាច់​ដើម្បី​លើក​កម្ពស់​ការប្រកួតប្រជែង​ខាង​ក្រៅ​ប្រទេស​តាមរយៈ​ការបង្កើន​ផលិតភាព បន្ទាប់ពី​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​រោងចក្រ​»​។

លោក JarkkoTurunen បាន​ឲ្យ​ដឹងថា គន្លឹះ​សំខាន់​គឺ​ពង្រីក​ការនាំចេញ​ក្នុង​លក្ខខណ្ឌ​ទាំង​ផលិតកម្ម និង​ទីផ្សារ​។ លោក​បន្តថា រដ្ឋាភិបាល​ក៏​កំពុង​អនុវត្ត​កំណែទម្រង់​ផងដែរ ដូច្នេះ​ការអនុវត្ត​កំណែទម្រង់​ទាំងនោះ ដើម្បី​ពន្លឿន​ការអនុវត្ត​នេះ​ប្រហែល​ជា​ជំហាន​ដំបូង​ដ៏មាន​សារៈ​សំខាន់​បំផុត​។

IMF ព្យាករ​ថា​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ជាមួយ​នឹង​កំណើន​ប្រមាណ​ ៧ ​ភាគរយ​នៅ​ឆ្នាំ​នេះ ដោយសារ​កំណើន​ការនាំចេញ និង​សកម្មភាព​វិស័យ​សំណង់ ខណៈ​អតិផរណា​នៅ​ថេរ​ក្នុង​អត្រា​ ២,៥ ​ភាគរយ​៕LA