ទីក្រុងញូវយ៉កៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) កាលពី​ថ្ងៃ​ចន្ទ​បាន​អនុម័ត​នូវ​ជំនួយ​សង្គ្រោះបន្ទាន់​ថ្មី​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត​ ២៨ ក្នុង​ពិភពលោក ដើម្បី​ជួយ​ពួកគេ​បន្ថយ​បំណុល​ និង​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការរីករាលដាល​វីរុស​កូរ៉ូណា​។

ការប្រកាស​តាម​ពីក្រោយ​វិធានការ​ស្រដៀង​គ្នា​អនុម័ត​កាលពី​ពាក់កណ្តាល​ខែមេសា សម្រាប់​ប្រទេស​ ២៥ ​មាន​បំណង​ជួយ​ប្រទេស​ទាំងនោះ គ្រប់គ្រង​ការទូទាត់​បំណុល​របស់​ពួកគេ​ដល់​ IMF សម្រាប់​រយៈពេល​ ៦ ​ខែ​បន្ទាប់​នេះ និង​បញ្ចប់​សេចក្តី​ព្រួយបារម្ភ​ចំពោះ​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​សុខាភិបាល​បន្ទាន់​ និង​កិច្ចខិតខំ​ប្រឹងប្រែង​ដទៃទៀត​អំឡុងពេល​ការរីករាលដាល​នេះ​។

ប្រទេស​ទាំង​ ២៨ ​ដែល​ទទួលបាន​ជំនួយ​លើក​ទី​ ២ ​នេះ​មាន​អាហ្វហ្គានីស្ថាន,​បេណាំង​, បួគីណាហ្វាសូ​, ប៊ូរុនឌី​, សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​, ឆាដ​, កូម័រ​, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​,​ជីបូទី​, អេត្យូពី​, ហ្គំប៊ី​, ប៉ាពូអាស៊ីនូវែលហ្គីណេ​, ហ្គីណេប៊ីស្សូ​,​ហៃទី​, លីបេរីយ៉ា​, ម៉ាដាហ្គាស្កា​, មាឡាវី​, ម៉ូហ្សំប៊ិក​,​នេប៉ាល់​, នីហ្សេរីយ៉ា​, រវ៉ាន់ដា​, សៅតូម៉េ និង ប្រាំងស៊ីប​, សៀរ៉ាឡេអូន​, ដែន​កោះ​សូឡូម៉ុន​, តាហ្ស៊ីគីស្ថាន​, តង់សានី​, តូហ្គោ និង ប្រទេសយេម៉ែន​។

IMF ឱ្យដឹង​ថា​៖ «​ប្រទេស​ ម៉ាលី ក៏មាន​សិទ្ធិ​សម្រាប់​ជំនួយ​នេះដែរ ប៉ុន្តែ​មិនត្រូវ​បាន​បញ្ចូល​ទៅក្នុង​បញ្ជី​ទេ ពីព្រោះ​មាន​ភាពខ្វះខាត​នៃ​ភាពច្បាស់លាស់ ថា តើ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​របប​យោធា​បច្ចុប្បន្ន ជា​រដ្ឋាភិបាល​របស់​ប្រទេស​ម៉ាលី​ដែរ​ឬ​ទេ​?»​។

ការបន្ធូរ​បំណុល​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​មូលនិធិ​គ្រោះមហន្តរាយ និង​ការផ្តល់​ជំនួយ​សង្គ្រោះ​ (CCRT), ដែល​ផ្តល់​លទ្ធភាព​ដល់ IMF ដើម្បី​ផ្តល់​ជំនួយ​ឥតសំណង​ដល់​ប្រទេស​ក្រីក្រ​បំផុត និង​ងាយ​រងគ្រោះ​បំផុត​ដែល​វាយប្រហារ​ដោយ​គ្រោះធម្មជាតិ ឬ វិបត្តិ​សុខភាព​សាធារណៈ​។

ដោយ​ធនធាន​មាន​គ្រប់គ្រាន់ ជំនួយ​ឥតសំណង​អាច​ត្រូវបាន​ផ្តល់​រយៈពេល​ ២ ​ឆ្នាំ​រហូត​ដល់​ពាក់កណ្តាល​ខែ​មេសា ឆ្នាំ​ ២០២២ សម្រាប់​ទឹកប្រាក់​ប៉ាន់ស្មាន​សរុប​ចំនួន​ ៩៥៩ ​លាន​ដុល្លារ​។

គោលបំណង​របស់​ IMF គឺ​ផ្តល់ជំនួយ​ CCRT ​នូវ​ទឹកប្រាក់​ ១,៤ ​ពាន់​លាន​ដុល្លារ ដូចនេះ​វា​អាច​បំពេញ​តម្រូវការ​ក្នុង​អនាគត​។

រហូត​មក​ដល់​ពេលនេះ ទឹកប្រាក់​ចំនួន ៥០៦,៥ លាន​ដុល្លារ​ ត្រូវបាន​ផ្តល់ដោយ​បណ្តា​ប្រទេស​ជាច្រើន​រួមទាំង អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ហូឡង់ ស្វ៊ីស ន័រវែស ចិន ម៉ិកស៊ិក ស៊ុយអែត ប៊ុលហ្គារី លុចសំបូ និង​ម៉ាល់ត៍​៕ RR