ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ (MAFF) បាន​ចុះ​កិច្ចព្រមព្រៀង​ផែនការ​សហការ​ការងារ​ឆ្នាំ ២០២០- ២០២៣ ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ អង្ករ​អន្តរជាតិ (IRRI) ​ក្នុង​គោលបំណង​លើក​កម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​របស់​វិស័យ ស្រូវ អង្ករ​តាមរយៈ​ការវាយតម្លៃ​ចង្វាក់​តម្លៃ​ផលិតភាព និង​ភាពធន់​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​លោក វេង សាខុន រដ្ឋមន្ដ្រី​ MAFF ជាមួយ​លោក Yurdi Yasmi តំណាង​ប្រចាំ​តំបន់​របស់ IRRI ទទួល​បន្ទុក អាស៊ីអាគ្នេយ៍​នៅ​ខុទ្ទកាល័យ ក្រសួង​កាលពី​ម្សិលមិញ​។

លោក​ វេង សាខុន រដ្ឋមន្ដ្រី MAFF បាន​ឲ្យ​ដឹង​ក្នុងអំឡុង​ពិធី​ចុះហត្ថលេខា​នេះ​ថា កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​របស់​វិស័យ​ស្រូវ អង្ករ​តាមរយៈ​ការវាយតម្លៃ និង​ការពង្រឹង​ចង្វាក់​តម្លៃ និង​ដើម្បី​លើកកម្ពស់​ផលិតភាព និង​ភាពធន់​តាមរយៈ​ការបង្កើត​ហ្ស៊ែន និង​ការប្រើប្រាស់​ការកែលម្អ​ដំណាំ ​កសិកម្ម និង​ការអភិវឌ្ឍ​ប្រព័ន្ធ គ្រាប់ពូជ​។

លោក​ សាខុន បាន​បន្ថែម​ថា​វា​ក៏​ដើម្បី​លើកកម្ពស់​ការគ្រប់គ្រង​ប្រកប​ដោយ​ចីរភាព​នៃ​ដី​កសិកម្ម​តាមរយៈ​បច្ចេកទេស​អាកាសធាតុ​វៃឆ្លាត ការបង្កើន​ប្រសិទ្ធភាព​នៃ​ជម្រើស​ចម្រុះ និង​ការគ្រប់គ្រង​ និង​ការត្រួតពិនិត្យ​ផ្ទៃដី ការធ្វើ​គំរូ និង​ការរៀបចំ​ផែនការ​ដើម្បី​ឲ្យ​មាន​ការធ្វើ​ទំនើបកម្ម កសិកម្ម​តាមរយៈ​ការធ្វើ​យន្តកម្ម​នៅ​កសិដ្ឋាន ក្រោយ​ការប្រមូលផល និង​ការគ្រប់គ្រង​អនុផល​។

លោក​បាន​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​រីករាយ​ក្នុង​ការបង្កើន​ការសហការ​ជាមួយ IRRI ដែល​ជា​ដៃគូ​រយៈពេល​វែង​របស់​យើង​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​របស់​យើង​។ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការពង្រឹង​តួនាទី​របស់​វិស័យ​កសិកម្ម​ជាមួយ​ប្រព័ន្ធ​ការធ្វើ​កសិកម្ម​ដែល​ពឹង​ផ្អែកលើ​ដំណាំ​ស្រូវ​ដែលមាន​សារៈសំខាន់​ក្នុង​ការបង្កើត​ការងារ ការធានា សុវត្ថិភាព​ស្បៀងអាហារ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​តំបន់​ជនបទ​»​។

លោក Yurdi Yasmi តំណាង​ប្រចាំ​តំបន់​របស់ IRRI ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​បង្ហាញ​ពី​កិច្ចការ​សំខាន់​ផ្សេងៗ​ទៀត​នៅក្នុង​ការសហការ​រយៈពេល​វែង​របស់​យើង​»​។

លោក​ថា IRRI ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការស្រាវជ្រាវ​កសិស្បៀងអាហារ ស្រូវ អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​វិស័យនេះ​បន្ត​អភិវឌ្ឍ​ប្រទេស​បញ្ហា​ប្រឈម​ថ្មីៗ​ក៏​លេចឡើង​ដូចជា​ការប្រែប្រួល អាកាសធាតុ សត្វល្អិត ចង្រៃ និង ជំងឺ​នានា ភាពរាំងស្ងួត ការធ្លាក់ចុះ​ផលិតភាព និង​ការប៉ះពាល់​បរិស្ថាន ហើយ​ការស្រាវជ្រាវ​នឹង​មាន​សារៈសំខាន់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​។

លោក​លើកឡើង​ថា​៖ «​កិច្ចព្រមព្រៀង​នេះ​នឹង​អាច​ឲ្យ​យើង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ និង​ការសហការ​រវាង IRRI និង MAFF និង​ដៃគូ​ផ្សេងទៀត​លើ​គំនិត​ផ្តួចផ្ដើម​ដែល​នឹង​រួមចំណែក​ក្នុង​ការពង្រឹង​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា និង​ការឆ្ពោះ​ទៅ​ទិសដៅ​គោលនយោបាយ​ជាតិ​»​។

លោក Yasmi ថ្លែងបន្ត​ទៀតថា​ការពង្រឹង​ទីផ្សារ​ស្រូវ​អង្ករ​ឲ្យ​មាន​តម្លៃ​ខ្ពស់​ការលើក​កម្ពស់​អាកាសធាតុ​វៃឆ្លាត និង ការរៀបចំ​ដី និង​ទឹក​ប្រកប​ដោយ​ចីរភាព និង​ការគ្រប់គ្រង​សត្វល្អិត​ចង្រៃ និង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​យន្តកម្ម​នៅ​វាលស្រែ​គឺ​គ្រាន់តែ​ជា​ឱកាស និង​បញ្ហា​ប្រឈម​មួយចំនួន​ប៉ុណ្ណោះ​ដែល​នឹង​ដោះស្រាយ​ធ្វើការ​ស្រាវជ្រាវ និង​ការអភិវឌ្ឍ​រួមគ្នា​។

លោក​ វេង សាខុន បាន​គូសបញ្ជាក់​ថា ភាព​ជា​ដៃគូ​នេះ​ត្រូវ​បាន​បង្កើតឡើង​ជាមួយ​នឹង​​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើកដំបូង​កាលពី​ឆ្នាំ​ ១៩៨៦ ។ ការបន្ត​គាំទ្រ​របស់ IRRI ដល់​ប្រទេស​កម្ពុជា​ អាច​បង្កើន​យ៉ាង​ខ្លាំង​លើ​ការផលិត​ស្រូវ​អង្ករ​របស់ខ្លួន​ពី​ ២,៤ ​លាន​តោន​កាលពី​ឆ្នាំ​ ១៩៩៣ ដល់​ ១០,៨ លាន​តោន​កាលពី​ឆ្នាំ ២០១៩ ។

លោក​បន្ថែម​ថា​៖ «​ការផ្លាស់ប្តូរ​ប្រព័ន្ធ​កសិកម្ម​ដែល​ពឹង​ផ្អែក​លើ​ស្រូវ​ក៏បាន​ដើរតួនាទី​ដ៏សំខាន់​នៅក្នុង​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​នៅពេល​ថ្មីៗ​របស់​ប្រទេស​កម្ពុជា​ផងដែរ​»៕ LA