ភ្នំពេញៈ ទីផ្សារសម្រាប់ក្រុមហ៊ុនសេវាអ៊ីនធឺណិត (ISP) នៅកម្ពុជាកំពុងតែចង្អៀត ដែលអ្នកជំនាញនិយាយថានឹងទប់ស្កាត់ការវិនិយោគថ្មីក្នុងវិស័យនេះ។
លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន អ៊ីហ្ស៊ីខម បាននិយាយថាមានក្រុមហ៊ុនផ្ដល់សេវាកម្មនេះច្រើនពេកហើយ។
លោកបញ្ជាក់ថា៖ «បញ្ហាគឺថាដូចគ្នានឹងក្រុមហ៊ុនទូរស័ព្ទចល័តដែរប្រសិនបើមានក្រុមហ៊ុនផ្ដល់សេវាកម្មនេះច្រើនពេកច្បាស់ណាស់នឹងមានការប្រកួតប្រជែងពួកគេលក់សេវាក្នុងតម្លៃទាបគ្រាន់តែដើម្បីរស់ប៉ុណ្ណោះ។ ដូច្នេះមិនមានការវិនិយោគទេ»។លោកលើកឡើងថា ខណៈក្រុមហ៊ុនអ៊ីហ្ស៊ីខម កំពុងវិនិយោគពេលក្រុមហ៊ុនដទៃទៀតទំនងជាមិនធ្វើដូច្នេះទេ»។
ទិន្នន័យពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្ហាញថាត្រឹមចុងខែធ្នូឆ្នាំ២០១២ នៅកម្ពុជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត២៧។ អ្នកប្រើអ៊ីនធឺណិតមានជាង២,៧លាននាក់កើន៦០ភាគរយធៀបនឹង២០១១ដែលមាន១,៧លាននាក់។
លោកស្រីសុខ ចាន់ដា ប្រធាន និងជាអគ្គនាយកក្រុមហ៊ុនមេគង្គណិតបានលើកឡើងថា៖ «តាមទស្សនវិស័យរបស់វិនិយោគិនវាមិនទទួលប្រាក់ចំណេញគ្រប់គ្រាន់ទេលើការវិនិយោគនេះព្រោះគ្រប់ៗគ្នាកំពុងដណ្តើមអតិថិជន។ បើវាមានសភាពដូចនោះគ្មាននរណាវិនិយោគវិស័យនេះទៀតទេ»។
លោក បាន បូរ៉ាក់ នាយករងគ្រប់គ្រងក្រុមហ៊ុន អនឡាញ និយាយថា ISP នៅកម្ពុជា មានច្រើនជាងក្រុមហ៊ុនទូរគមនាគមន៍។ លោកបន្តថា៖ «បើខ្ញុំជាអ្នកវិនិយោគខ្ញុំនឹងមិនចូលក្នុងទីផ្សារ ISP កម្ពុជាដូចបច្ចុប្បន្ននេះទេ»។លោកបន្តថា មនុស្សភាគច្រើនគិតថាពេលណាមានអ្នករកស៊ីក្នុងវិស័យនេះច្រើនតម្លៃគឺកាន់តែថោក។ លោកថ្លែងថា៖ « ISP មួយចំនួនព្យាយាមលក់សេវាកម្មអ៊ីនធឺណិតរបស់ពួកគេក្នុងតម្លៃទាប»។
ប៉ុន្តែលោក ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លើកឡើងថាក្រសួងមិនបារម្ភពីចំនួនលើសលប់របស់ ISP នោះទេ។ លោកបន្តថា៖ «វាមិនច្រើននោះទេហើយយើងមិនអាចប្រៀបធៀបចំនួន ISP ជាមួយក្រុមហ៊ុនទូរស័ព្ទចល័តទេព្រោះ ISP កំពុងដើរតួនាទីសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសនេះ។
ដោយមានការបញ្ចូលគ្នានៃក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក ស្មាត និង ហេឡូនិងការផ្ទេរអតិថិជនក្រុមហ៊ុនក្ស័យធនអឹមហ្វូន ទៅក្រុមហ៊ុនម៉ូប៊ីតែល បានបង្ហាញពីការធ្លាក់ចុះក្នុងវិស័យទូរគមនាគមន៍។
លោកស្រី សុខ ចាន់ដា ឲ្យដឹងថា ISP នឹងធ្លាក់ចុះនាពេលអនាគតផងដែរដែលអាចកើតមានឡើងតាមរយៈការបញ្ចូលគ្នានិងការក្ស័យធន។ លោកស្រីបន្តថា៖ « ISP ពី៣ ទៅ៤ នឹងអាចទទួលបានជោគជ័យ»។
លោក Blanche-Horgan ឲ្យដឹងថា អ៊ីហ្ស៊ីខម គ្មានគម្រោងបញ្ចូលគ្នាទេ។ ប៉ុន្តែក្រុមហ៊ុនមួយចំនួនអាចចរចាជាមួយក្រុមហ៊ុនផ្សេងទៀតក្នុងទស្សនៈដើម្បីបង្រួបបង្រួមគ្នានេះ៕ PB