ភ្នំពេញៈ គម្រោង​វិនិយោគ​លើ​វិស័យ​ថាមពល​កកើតឡើង​វិញ​ពី​ពន្លឺព្រះអាទិត្យ​តម្លៃ​ជិត​ ៤០ ​លាន​ដុល្លារ ​នៅ​ខេត្ត​បន្ទាយមានជ័យ​ បាន​ត្រូវ​តភ្ជាប់​ជាមួយ​បណ្តាញ​អគ្គិសនី​ជាតិ បន្ទាប់ពី​ក្រុមហ៊ុន JA Solar ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​ផលិត​ថាមពលព្រះអាទិត្យ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ បាន​សាកល្បង​តភ្ជាប់ និង​ទទួលជោគជ័យ​។ យោងតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន JA Solar​។

សេចក្តីប្រកាស​ចុះ​ថ្ងៃទី​ ១០ ខែមីនា បានឱ្យ​ដឹងថា គម្រោង​ថាមពល​អានុភាព​ ៣៩ មេហ្គាវ៉ាត់​ នៅក្នុង​ប្រទេស​កម្ពុជា ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន JA Solar បាន​ផ្គត់ផ្គង់​រាល់​សម្ភារ​ផលិត​ថាមពល​អគ្គិសនី​មាន​ផ្ទាំង​សូឡា​ (PV) ជាដើម​តភ្ជាប់​ប្រកបដោយ​ជោគជ័យ​មក​បណ្តាញ​អគ្គិសនី​ជាតិ ហើយ​គម្រោង​នេះ​ត្រូវបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Shanxi Electric Power Engineering Co., Ltd. (SEPEC) ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន China Energy Engineering Group​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុន JA Solar បានឱ្យ​ដឹងថា វា​ជា​គម្រោង​ថាមពល​កកើត​ឡើង​វិញ​ឈានមុខ​គេ​ទាក់ទង​នឹង​សមត្ថភាព​ដំឡើង​នៅតាម​ខេត្ត និង​គម្រោង​តភ្ជាប់​មក​បណ្តាញ​ខ្សែ​បញ្ជូន​អគ្គិសនី​យ៉ាង​ពេញលេញ​លើកដំបូង​ក្នុង​ចំណោម​គម្រោង​ដែល​បង្ហាញ PV ទាំង​ ៥ ​ដំបូង​ដែល​បានអនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​។

ក្រុមហ៊ុន​បានកត់សម្គាល់​ថា​៖ «​ដើម្បី​ធានាថា គម្រោង​នេះ​ត្រូវបាន​តភ្ជាប់​ជាមួយ​អគ្គិសនី​ទាន់ពេលវេលា ក្រុមហ៊ុន​ JA Solar បានបញ្ចប់​ការចែកចាយ​ម៉ូឌុល​ទាន់​ពេលវេលា​តាមរយៈ​ការជម្នះ​នឹង​កត្តា​អវិជ្ជមាន​ជាច្រើន​ដែល​រួម​មានការ​កើនឡើង​តម្លៃ​ចង្វាក់​ផ្គត់ផ្គង់ ដែល​បាន​បណ្ដាល​ឡើង​ដោយសារ​តែ​ការដំឡើង​ PV ​ក្នុងស្រុក និង​អន្តរជាតិ​យ៉ាង​ប្រញាប់​កាលពី​ឆមាស​ទី​២ ឆ្នាំ​ ២០២០»​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ខែសីហា ឆ្នាំមុន​បាន​អនុម័ត​គម្រោង​ថាមពល​សូឡា​ទំហំ​ ៣០ ​មេហ្គាវ៉ាត់​មានតម្លៃ​ ៣៩,៨ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Ray Power Supply Co Ltd ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ជនជាតិ​ថៃ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ភាគ​ពាយព្យ​របស់​កម្ពុជា​។

លោក​ វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ-លក់​ថាមពល​ជាមួយ​អគ្គិសនី​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ក្នុងតម្លៃ​ ០,០ ៧៦ ​ដុល្លារ ​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង ដែល​លោក ហ្សូនា បាន​ហៅថា ជា​ «​តម្លៃ​អាច​ទទួល​យក​បាន​»​។

លោក​បាន​បញ្ជាក់ថា គម្រោង​ខាងលើ​បាន​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​រួចរាល់​ហើយ​។

លោក​បានចង្អុលបង្ហាញ​ថា កម្ពុជា​គ្រោង​ពង្រីក​ផលបត្រ​វិនិយោគ​លើ​ថាមពល​ស្អាត​របស់ខ្លួន​ដល់​ ៤៥០ ​មេហ្គាវ៉ាត់​ត្រឹម​ចុងឆ្នាំ​ក្រោយ​។

លោក ហ្សូនា បាន​បញ្ជាក់ថា កម្ពុជា​នឹងមិន​ជួបប្រទះ​កង្វះ​អគ្គិសនី​នោះទេ​នៅ​ឆ្នាំនេះ ដោយសារ​សមត្ថភាព​ផ្គត់ផ្គង់​កាន់តែ​ខ្ពស់​ពោល​កម្ពុជា​មាន​សមត្ថភាព ផលិត​អគ្គិសនី​ ៣ ០០០ ​មេហ្គាវ៉ាត់​នៅក្នុង​រដូវវស្សា និង​ ២ ២០០ មេហ្គាវ៉ាត់​នៅ​រដូវប្រាំង​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ខែមករា​បាន​អនុម័ត​កសិដ្ឋាន​ផលិត​ថាមពល​សូឡា​ដែលមាន​អានុភាព​ ៦០ ​មេហ្គាវ៉ាត់​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមាន​ទុនវិនិយោគ​ ៣៧,៤ ​លាន​ដុល្លារ ​មាន​ឈ្មោះថា Prime Road Alternative (Cambodia) Co Ltd៕ LA