
កម្មករត្រួតពិនិត្យម៉ាស៊ីនរបស់រោងចក្រជប៉ុនមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីឆ្នាំ ២០១៤។ ហុង មិនា
ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនដែលចុះបញ្ជីនៅសមាគមពាណិជ្ជកម្មជប៉ុនរបស់កម្ពុជា (JBAC) បានកើនឡើងជិត ៣ ដងក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ ដែលមានចំនួន ២៥៤ ក្រុមហ៊ុនគិតត្រឹមចុងឆ្នាំ ២០១៧ ធៀបនឹង ១០០ ក្រុមហ៊ុនពីឆ្នាំ ២០១១។ នេះបើយោងតាមរបាយការណ៍ JBAC។
ឆ្នាំ ២០១១ គឺជាឆ្នាំដែលក្រុមហ៊ុនជប៉ុនចាប់ផ្ដើមចូលមកទីផ្សារកម្ពុជាជាមួយគម្រោងវិនិយោគធំៗ ២-៣ នៅក្នុងវិស័យផលិតកម្ម។ របាយការណ៍ឆ្នាំ ២០១៧ របស់ JBAC ដែលបានចេញផ្សាយកាលពីខែមិថុនាឆ្នាំនេះ បង្ហាញថាការវិនិយោគរបស់ជប៉ុននៅកម្ពុជាបានរីករាលដាលពីផលិតកម្មដល់ពាណិជ្ជកម្ម និងឧស្សាហកម្មសេវាកម្ម។
របាយការណ៍របស់ JBAC រំពឹងថាការវិនិយោគរបស់ជប៉ុននឹងបន្តកើនឡើងនៅកម្ពុជា ដោយសាររដ្ឋាភិបាលកម្ពុជាផ្ដល់តម្លៃដល់ការវិនិយោគផ្ទាល់ពីបរទេសជាកត្តាជំរុញមួយដ៏សំខាន់របស់សេដ្ឋកិច្ច និងការដាក់ឲ្យដំណើរការគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP)។
របាយការណ៍របស់ JBAC ឲ្យដឹងថា៖ «មានការរំពឹងទុកខ្ពស់សម្រាប់ក្រុមហ៊ុន និងការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា»។
ខណៈចំនួនការវិនិយោគជប៉ុនកើនឡើងចំនួនប្រជាជនជប៉ុនដែលរស់នៅកម្ពុជាបានកើនចំនួនឡើងច្រើនផងដែរ។ មានប្រជាជនជប៉ុន ២ ០០០ នាក់រស់នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៤ ហើយតួលេខនេះបានកើនឡើងដល់ ៣ ០០០ នាក់កាលពីឆ្នាំ ២០១៦។
ការវិនិយោគរបស់ជប៉ុននៅកម្ពុជាមានចំនួនសរុប ១,៦៦ ពាន់លានដុល្លារក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៧ ។ នេះបើយោងតាមតួលេខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ក្នុងចំណោមនោះ ការចាក់បញ្ចូលសាច់ប្រាក់ដ៏ច្រើនបំផុតគឺបន្ទាប់ពីឆ្នាំ ២០១០។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងកាលពីម្សិលមិញថា លំហូរចូលការវិនិយោគជប៉ុនមកកម្ពុជានឹងមើលឃើញកំណើនវិជ្ជមាន ប៉ុន្តែអ្នកធ្វើគោលនយោបាយកម្ពុជា និងមន្ដ្រីពាក់ព័ន្ធគួរតែដាក់អាទិភាពកាន់តែច្រើន ដើម្បីទាក់ទាញក្រុមហ៊ុនផលិតកម្មរបស់ជប៉ុនកាន់តែច្រើន។
ការផលិតរបស់ជប៉ុនកាន់តែច្រើនមានសារៈសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរហ័ស ប៉ុន្តែចំនួនក្រុមហ៊ុនផលិតកម្មជប៉ុននៅកម្ពុជា នៅតែមានកំណើនទាប។ នេះបើយោងតាមលោក កល្យាណ។
លោកថ្លែងថា៖ «វាល្អដែលមើលឃើញកំណើនវិនិយោគជប៉ុន ប៉ុន្តែចំនួនគម្រោងផលិតកម្មនៅតែតូច និងតិចជាងការរំពឹងទុករបស់យើង»។
ប៉ុន្តែលោក កល្យាណ បង្ហាញសុទិដ្ឋិនិយមអំពីកំណើនចំនួនក្រុមហ៊ុនផលិតកម្មរបស់ជប៉ុននៅប៉ោយប៉ែត ដោយសារក្រុមហ៊ុនជប៉ុននៅប្រទេសថៃកំពុងចាប់អារម្មណ៍ក្នុងការពង្រីកពាណិជ្ជកម្មពួកគេមកប៉ោយប៉ែត។
លោកលើកឡើងថា៖ «ក្រុមវិនិយោគិនជប៉ុនថ្មីដែលចូលមកដោយផ្ទាល់ពីជប៉ុននឹងលែងមានភាពខ្លាំងទៀតហើយ ប៉ុន្តែមានសក្ដានុពលសម្រាប់ប្រទេសកម្ពុជាក្នុងការទាក់ទាញក្រុមហ៊ុនផលិតកម្មជប៉ុន ដែលវិនិយោគរួចហើយនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ឬចិន»៕LA