ភ្នំពេញៈ ក្រុមហ៊ុន Join.In Hospitality Management (JHM) មានមូលដ្ឋាននៅទីក្រុងស៊ាងហៃបានបង្ហាញពីផែនការបើកសណ្ឋាគារ Tonino Lamborghini Hotels & Resorts នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាដែលវានឹងក្លាយជាសណ្ឋាគារលើកដំបូងរបស់ក្រុមហ៊ុននេះនៅក្រៅប្រទេសចិនដីគោក។
យោងតាម PR Newswire ជាក្រុមហ៊ុនផ្សព្វផ្សាយមួយបានឲ្យដឹងថាក្រុមហ៊ុន JHM បានប្រកាសកាលពីដើមសប្ដាហ៍នេះថា ខ្លួនបានចូលក្នុងកិច្ចព្រមព្រៀងមួយជាមួយ Shimao International Development ជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យមានមូលដ្ឋាននៅទីក្រុងហុងកុងសម្រាប់ការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋាននៅក្នុងក្រុងរមណីយដ្ឋានប្រវត្តិសាស្ត្ររបស់កម្ពុជា។
លោក Roberto Simone ប្រធានប្រតិបត្តិក្រុមហ៊ុន JHM បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា ការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាគឺជាបញ្ហាសំខាន់ផ្សេងទៀតបន្ថែមលើការអភិវឌ្ឍប្រកបដោយជោគជ័យរបស់ Tonino Lamborghini Hotels & Resorts នៅក្នុងប្រទេសចិន។
លោកបានថ្លែងថា៖ «ការអភិវឌ្ឍអចលនទ្រព្យ ២ នៅក្នុងទីក្រុងប្រវត្តិសាស្ដ្រ សៀមរាប ប្រទេសកម្ពុជា គឺជាជំហានដំបូងក្នុងការពង្រីករបស់យើងនៅក្រៅ និងហួសពីព្រំដែនរបស់ប្រទេសចិន»។
មិនមានព័ត៌មានលម្អិត ទាក់ទងនឹងទុនវិនិយោគ និងពេលវេលាជាក់លាក់របស់ក្រុមហ៊ុនអចលនទ្រព្យនេះថានឹងត្រូវសាងសង់នៅកម្ពុជានោះទេ។
ការចាប់អារម្មណ៍របស់វិនិយោគិនចិនមកកម្ពុជាត្រូវបានគេមើលឃើញមានការកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីភ្ញៀវទេសចរចិនបានចូលមកកម្ពុជាកាន់តែច្រើនឡើងៗ ជាពិសេសនៅខេត្តឆ្នេរដ៏ល្បីល្បាញរបស់កម្ពុជាដែលពេលនេះពោរពេញដោយជនជាតិចិន។
ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានចំនួន ១,២ លាននាក់កាលពីឆ្នាំមុន ដែលស្មើនឹងជាង ២១ ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៥,៦ លាននាក់។ ចំនួននេះធ្វើឲ្យភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជាបានកើនឡើង ៤៦ ភាគរយធៀបនឹងឆ្នាំ ២០១៦។
លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានថ្លែងកាលពីថ្ងៃពុធថា ប្រតិបត្តិការចង្វាក់សណ្ឋាគារប្រណីត ដូចជា Tonino Lamborghini Hotels & Resorts នឹងរួមចំណែកកែលម្អមុខមាត់ប្រទេសកម្ពុជាកាន់តែប្រសើរ ហើយនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកម្ពុជា។
លោកបានបន្ថែមថាក្រុមហ៊ុននេះនឹងប្រើប្រាស់បណ្ដាញដ៏រឹងមាំរបស់ខ្លួនក្នុងការបញ្ជូនភ្ញៀវរបស់ពួកគេចូលមក ឬ ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេដល់ភ្ញៀវទេសចរមានសក្ដានុពលឲ្យមកសណ្ឋាគាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «វានឹងជួយលើកកម្ពស់សក្ដានុពលរបស់យើង និងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន»៕LA