The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - JICA បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ

JICA បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ

Content image - Phnom Penh Post
កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ ហេង ជីវ័ន

JICA បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ

ភ្នំពេញៈ ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជប៉ុន​ (JICA)​ បាន​បង្ហាញ​ពី​​ការ​តាំង​ចិត្ត​ក្នុង​ការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS) បន្ត​ទៀត​ ដោយ​បាន​បញ្ជាក់​ថា​នឹង​បន្ត​ផ្តល់​ជា​​​ជំនួយ​ឥត​សំណង និង​កម្ចី​សម្បទាន​ បើ​ទោះ​បី​ជា​ថ្មីៗ​នេះ​បាន​លក់​ភាគហ៊ុន​ដែល​ធ្លាប់​កាន់​កាប់​ចេញ​ពី​ PAS ក៏​ដោយ​។ ​

JICA នៅ​ក្នុង​ខែ​នេះ​បាន​សម្រេច​លក់​ភាគហ៊ុន​ទាំង​អស់​​ដែល​បាន​ទិញ​ពី ​PAS កាល​ពី​ឆ្នាំ ២០១៧ ពេល​កំពង់ផែ​ធំ​ជាង​គេ​របស់​កម្ពុជា​មួយ​នេះ​បាន​ឡើង​ផ្សារហ៊ុន​ទៅ​ឲ្យ​​​ក្រុមហ៊ុន​​ដែល​មាន​ជំនាញ​ផ្នែក​ប្រព័ន្ធ​ឡូជីស្ទីក​ដ៏​ធំ​មួយ​របស់​ជប៉ុន។

ការ​សន្យា​ពី​រដ្ឋាភិបាល​ជប៉ុន​ទាក់ទង​​នឹង​ការ​បន្ត​បង្កើន​កិច្ច​សហការ​ជា​មួយ PAS ​ត្រូវ​បាន​​ប្រកាស​ក្នុង​សេចក្តី​​ជូន​​ដំណឹង​របស់​ JICA បន្ទាប់​ពី​លោក  Shigenori Ogawa ​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​​អាស៊ី​អាគ្នេយ៍ និង​​ប៉ាស៊ីហ្វិក​របស់​​ ​JICA បាន​ធ្វើ​ទស្សនកិច្ច​ PAS កាល​ពី​ថ្ងៃទី ​២៤ ​ខែ ​ឧសភា​ និង​បាន​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​ពេល​អនាគត​សម្រាប់​កំពង់ផែ​នេះ​។​

តាម​សេចក្ដី​ប្រកាស​របស់​ JICA ​បន្ទាប់​​ពី​កិច្ច​ប្រជុំ​នេះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​​រដ្ឋាភិបាល​​ជប៉ុន ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​​នឹង​បន្ត​គាំទ្រ​ PAS លើ​ទិដ្ឋភាព​ដ៏​ទូលំទូលាយ​សម្រាប់​​ការ​អភិវឌ្ឍ​កំពង់ផែ​ និង​ការ​លើក​កម្ពស់​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​រយៈ​ជំនួយ​ឥត​សំណង កិច្ច​​សហ​ប្រតិបត្តិការ​បច្ចេកទេស និង​កម្ចី​សម្បទាន។ សេចក្ដី​ប្រកាស​​របស់ JICA ​​បង្ហាញ​ថា ភាគី​ទាំង ​២ គ្រោង​នឹង​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​សហការ​នៅ​ខែ​មិថុនា​​។​​​

លោក លូ គីមឈន់ ​នាយក​ប្រតិបត្តិ​ PAS បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​​ចរាចរណ៍​ទំនិញ​ឆ្លង​កាត់ SA​P បាន​​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​​ប្រចាំ​ឆ្នាំ​ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​មាន​ការ​សហការ​របស់ JICA ដើម្បីធ្វើ​យុទ្ធសាស្ដ្រ​ជាមុន​សម្រាប់​ការ​អភិវឌ្ឍ​កំពង់ផែ​នេះ​នៅ​ពេល​អនាគត​។​

លោក​ថ្លែង​ថា​៖ «​យើង​រីករាយ​ខ្លាំង​ណាស់​ ក្នុង​ការ​ទទួល​បាន​ការ​សហការ​ពី​ជប៉ុន។ ការ​ធ្វើ​ការងារ​ជាមួយ​ពួក​គេ​​នឹង​ធ្វើ​​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព និង​មាន​លទ្ធផល​ល្អ​​»។​

លោក​បន្ថែម​ថា PAS បាន​ចាប់​ផ្ដើម​សហការ​ជាមួយ​ JICA ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៧​​ ​ហើយ​ក្រៅ​ពី​ជំនួយ​ឥត​សំណង និង​ជំនួយ​បច្ចេកទេស​​ JICA បាន​ផ្ដល់​កម្ចី​សរុប​ដល់​ ​SAP ​ប្រហែល ​៣៨០ ​លាន​ដុល្លារ ​គិត​មក​ទល់​ពេល​នេះ​។ ​លោក​បន្ត​ថា​៖ ​«​យើង​អាច​​សង​កម្ចី​ជាមួយ​អត្រា​ការ​ប្រាក់​ដល់​ប្រទេស ​ជប៉ុន​ ទៀងទាត់​ និង​ទាន់​ពេល​​​វេលា​ ហើយ​នៅ​តែ​អាច​ទទួល​បាន​​​ប្រាក់​ចំណេញ​​»​។​

ស្រប​ពេល​ដែល​ខេត្ត​ព្រះសីហនុ​កំពុង​មាន​កំណើន​យ៉ាង​គំហុក​ពី​ការ​​​វិនិយោគ​របស់​ជនជាតិ​ចិន​ដោយ​មាន​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​ ដោយ​មាន​សញ្ញា​សម្គាល់​ច្បាស់​ជា​អត្តសញ្ញាណ​ចិន ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នៅ​តែ​មាន​កិច្ច​សហការ​ស៊ីជម្រៅ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​នៅ​ឡើយ។ វិនិយោគិន​ចិន​ មិន​ទាន់​បាន​ចូល​ទៅ​ PAS ចុះ​នៅ​​ឡើយ។

នៅ​ពេល​​ PAS បាន​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង​​​​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០១៧ ​ JICA ​បាន​​ទិញ​ភាគហ៊ុន​ ១៣,​៥ ​ភាគរយ​ នៅ​ក្នុង​ក្រុមហ៊ុន​នេះ៕LA

អត្ថបទគួរចាប់អារម្មណ៍