ភ្នំពេញៈ តំណាង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ​ស្វែងរក​ការគាំទ្រ​ពី​អាជ្ញាធរ​អប្សរា​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ទីក្រុង​វៃឆ្លាត ដែល​នឹង​នាំមក​នូវ​មុខមាត់​ថ្មី​ផ្សេងទៀត​សម្រាប់​ខេត្ត​បុរាណ​មួយ​នេះ​។

ការអំពាវនាវ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន បាន​ជ្រើសរើស​ទីក្រុង​ ៣ គឺ​ទីក្រុង​ភ្នំពេញ ទីក្រុង​បាត់ដំបង និង​សៀមរាប​ដាក់​ទៅក្នុង​បណ្ដាញ​ទីក្រុង​វៃឆ្លាត​អាស៊ាន (ASCN) ដោយមាន​ការជួយ​ពី​រដ្ឋាភិបាល​ជប៉ុន​។

លោក Tanaka Kotaro តំណាង​ជាន់ខ្ពស់​របស់ JICA ប្រចាំ​កម្ពុជា​ដែល​បាន​ដឹកនាំ​ក្រុម​គណៈប្រតិភូ​បាន​ជួប​ជាមួយ​អគ្គនាយក​អាជ្ញាធរ​អប្សរា​កាលពី​សប្ដាហ៍​មុន​នៅ​ខេត្តសៀមរាប ដោយ​បាន​គូសបញ្ជាក់​ថា ស្ថិតក្រោម​គម្រោង​ទីក្រុង​វៃឆ្លាត​អាស៊ាន-ជប៉ុន រដ្ឋាភិបាល​ជប៉ុន​ទទួល​បាន​ការយល់ព្រម​រួច​ហើយពី​រដ្ឋាភិបាល​កម្ពុ​ជា​ចាប់​តាំង​ដើមឆ្នាំ​មុន​។

លោក​ត្រូវបាន​ដកស្រង់​សម្តី​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​អាជ្ញាធរ​អប្សរា​ថា​៖ «​គម្រោង​នេះ​នឹង​ត្រូវបាន​អភិវឌ្ឍ​ក្នុង​មធ្យោបាយ​ប្រកប​ដោយ​និរន្តរភាព​ដោយ​ការតភ្ជាប់​ជាមួយ ICT ​ក្នុង​គោលបំណង​ភាគច្រើន​ផ្ដោតលើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ជា​មធ្យោបាយ​នៃ​ទូរគមនាគមន៍​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន ដូចជា​លំនៅឋាន​របស់​ប្រជាជន ការកកស្ទះ​ចរាចរណ៍ និង​បរិស្ថាន​។ ទីក្រុង​វៃឆ្លាត​នេះ ត្រូវបាន​ជ្រើសរើស​ទីក្រុង​ ៣ ​រួចហើយ ដែល​រួមមាន​ទីក្រុង​ភ្នំពេញ សៀមរាប និង​ខេត្តបាត់ដំបង​»​។

លោក​ក៏បាន​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ពី​អាជ្ញាធរ​អប្សរា​ស្ដីពី​គោលការណ៍​កិច្ចសហប្រតិបត្តិការ​រវាង​អាជ្ញាធរ​អប្សរា និង​វិទ្យាសា្ថន​ជប៉ុន​ផ្សេងទៀត​ក្នុង​គោលបំណង​អភិរក្ស​តំបន់​អង្គរ​ផងដែរ​។

លោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរ​អប្សរា បាន​ស្វាគមន៍​គំនិត​ផ្តួចផ្ដើម​ដែល​ត្រូវបាន​អនុម័ត​រួច​ហើយដោយ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការបង្កើត​ទីក្រុង​វៃឆ្លាត​ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ JICA ។

លោក​ថ្លែងថា​៖ «​ការបង្កើត​ទីក្រុង​វៃឆ្លាត​នេះ​គឺជា​អ្វី​ដែល​អាជ្ញាធរ​អប្សរា​ចង់បាន ហើយ​យើង​ជំរុញ​ឲ្យ​ភាគី​ទាំង​ ២ ​ត្រូវ​បង្កើនល្បឿន​គម្រោង​នេះ ដើម្បី​ឲ្យ​វា​កើតឡើង​នៅពេល​អនាគត​ដ៏ខ្លី​ខាងមុខនេះ​»​។ លោក​បន្តថា ភាគី​ទាំង​ ២ ​មិនបាន​បង្ហាញ​កាលបរិចេ្ឆទ និង​ទីតាំង​ពិតប្រាកដ​សម្រាប់​ការសាងសង់​នេះ​ទេ​។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កម្ពុជា​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១ ខែ​មីនា ស្ដីពី​ការបង្កើត​បណ្ដាញ​ទីក្រុង​វៃឆ្លាត​អាស៊ាន-ជប៉ុន​។

តំបន់​ទីក្រុង​ឈានមុខ​គេ​ ៣ ​របស់​កម្ពុជា​មាន​ភ្នំពេញ សៀមរាប និង​បាត់ដំបង នឹង​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​បណ្ដាញ​ទីក្រុង​វៃឆ្លាត​អាស៊ាន​។ បណ្ដាញ​នេះ​មាន​គោលបំណង​ក្នុង​ការបង្កើន​ការតភ្ជាប់​ក្នុង​តំបន់ និង​មាន​វត្តមាន​នៅក្នុង​ទីក្រុង​ ២៦ ​ទូទាំង​តំបន់​អាស៊ាន​។

ពាក្យ «​ទីក្រុង​វៃឆ្លាត​» សំដៅ​ដល់​ការអភិវឌ្ឍ​របស់​ទីក្រុង​ជាមួយ​នឹង​បច្ចេកទេស​វៃឆ្លាត និង​ប្រកប​ដោយ​ស្ថិរភាព ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការធ្វើ​នគរូបនីយកម្ម​យ៉ាង​រហ័ស​ដូចជា​ការកកស្ទះ​ចរាចរណ៍ គុណភាព​ទឹក និង​ខ្យល់ សន្ដិភាព និង​សន្ដិសុខ​។

លោក ​ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅក្នុង​វេទិកា​ឯកជន​សាធារណៈ​ស្ដីពី «​ការអភិវឌ្ឍ​នគរូបនីយកម្ម​រវាង​កម្ពុជា និង​ជប៉ុន​» កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ដោយបាន​សម្ដែង​ការគាំទ្រ​គំនិត​ផ្តួចផ្ដើម​ ២ ​របស់​រដ្ឋាភិបាល​ជប៉ុន​។

លោក​ថ្លែងថា​៖ «​ក្រសួង​នឹង​ស្វែងរក​កិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និង​ការផ្ដល់​សេវា​ទាំងអស់​នៅក្នុង​ទីក្រុង​របស់ខ្លួន និង​ការលើក​ទឹកចិត្ត​ដល់​ពាណិជ្ជករ និង​ក្រុមហ៊ុន​ជប៉ុន​ចូល​មក​វិនិយោគ និង​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​»៕LA