ក្រុងប៊ីអារីត្សៈ លោក Boris Johnson នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក «​មាន​សុទិដ្ឋិនិយម​តិចតួច​ថែមទៀត​» អំពី​ឱកាស​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ការចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) បន្ទាប់ពី​បាន​ពិភាក្សា​ នៅឯ​កិច្ចប្រជុំ​ G7 ​ចុង​សប្តាហ៍​មុន​។

ទោះបី​ជា​យ៉ាងណា​លោក​បាន​ទទួល​ស្គាល់​ថា វា​នឹងមាន​ការលំបាក​។

បន្ទាប់ពី​ពិភាក្សា​យ៉ាង​តានតឹង​អំពី Brexit នៅឯ​កិច្ចប្រជុំ​កំពុល G7 ជាមួយ​មេដឹកនាំ​ផ្សេង​ទៀត​លោក Johnson ថ្លែង​ថា​៖ «​ខ្ញុំ​មាន​សុទិដិ្ឋនិយម​តិចតួច​ថែមទៀត​»​។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា «​វា​នឹង​លំបាក​។ មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង​» រវាង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​។

លោក Johnson បាន​ទទូច​ថា​វា​អាស្រ័យ​លើ​សហភាព​អឺរ៉ុប ដើម្បី​លើកកម្ពស់​ឱកាស​នៃ​ការសម្រេចបាន​កិច្ចព្រមព្រៀង​មួយ ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​ការចរចា​កិច្ចព្រមព្រៀង​ជាថ្មី​មួយ​ស្តីពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​បញ្ចូល​បទប្បញ្ញត្តិ Back-stop សម្រាប់​កោះ​អៀរឡង់​។

បទប្បញ្ញត្តិ Backstop ដែល​ត្រូវ​បាន​ជំទាស់​យ៉ាង​ខ្លាំង​ដោយ​រដ្ឋាភិបាល​របស់លោក Johnson និង​អ្នកគាំទ្រ Bre-xit មាន​ន័យ​ថា ច្បាប់​នេះ​នឹង​ធានា​ថា ការត្រួតពិនិត្យ​ការធ្វើ​ដំណើរ​តាម​ច្រកព្រំដែន​រវាង​ប្រទេស​អៀរឡង់​ដែលជា​សមាជិក​របស់​សហភាព​អឺរ៉ុប និង​អៀរឡង់​ខាងជើង​ដែល​ជា​ផ្នែក​មួយ​របស់​ចក្រភព​អង់គ្លេស​នឹង​កើតមាន​ឡើង​វិញ​។

សហភាព​អឺរ៉ុប​រហូត​មក​ដល់​ពេល​នេះ​បាន​ច្រាន​ចោល​ការចរចា​កិច្ចព្រមព្រៀង​ថ្មី​មួយ ខណៈ​ដែល​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​របស់​អ្នកស្រី Theresa May អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រូវ​បាន​ច្រានចោល​ជាច្រើន​ដង​ដោយ​សភា​អង់គ្លេស​។

លោក Johnson បាន​មាន​ប្រសាសន៍​ថា​៖ «​ការប៉ាន់​ប្រមាណ​ស្ថិតិ​ទាំងអស់​ដែល​ខ្ញុំ​ផ្តល់​ជូន​សម្រាប់​កិច្ចព្រមព្រៀង​មួយ ការប៉ាន់ប្រមាណ​ទាំង​នោះ​គឺ​អាស្រ័យ​ទាំង​ស្រុង​លើ​ឆន្ទៈ​របស់​មិត្ត​យើង និង​ដៃគូ​របស់​យើង (​នៅក្នុង​សហភាព​អឺរ៉ុប​) ដើម្បី​សម្របសម្រួល​លើ​ចំណុច​សំខាន់​នោះ និង​បោះបង់​ចោល​បទប្បញ្ញត្តិ Backstop និង​កិច្ចព្រមព្រៀង​ចាកចេញ​បច្ចុប្បន្ន​»​។

ដោយ​ឆ្លើយតប​ទៅ​នឹង​ក្តីបារម្ភ​នានា​ដែល​ថា​លោក​បាន​ត្រៀមខ្លួន​មិន​អើពើ​នឹង​សភា ដើម្បី​ឲ្យ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​ ៣១ ខែ​តុលា ឆ្នាំ​ ២០១៩ ​នេះ​លោក Johnson បាន​ថ្លែង​ថា​ប្រជាជន​ហត់នឿយ​ណាស់​ទៅនឹង​ការអាន​ព័ត៌មាន​អំពី Brexit នៅ​លើ​ទំព័រ​មុខ​របស់​កាសែត​ពួកគេ​៕ KC