ក្រុមហ៊ុន​ថ្នាំជក់​ជប៉ុន​អន្តរជាតិ (JTI) ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ ត្រូវបាន​ទទួលស្គាល់​ជា​និយោជក​ឆ្នើម សម្រាប់​ការអនុវត្ត​ផ្នែក​ធនធាន​មនុស្ស​ល្អ​បំផុត និង​ក្លាយជា​ក្រុមហ៊ុន​ដំបូងបង្អស់ និង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ពានរង្វាន់​ពី​វិទ្យាស្ថាន Top Employers ដែលជា​ស្ថាប័ន​វាយតម្លៃ​លើ​ការអនុវត្ត​ផ្នែក​ធនធាន​មនុស្ស​កម្រិត​ពិភពលោក មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់​។

វិទ្យាស្ថាន​នេះ​បាន​ចំណាយពេល​ ៧ ​ខែ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឯករាជ្យ និង​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ពី​ក្រុមហ៊ុន JTI កម្ពុជា​។ បន្ទាប់ពី​បានបញ្ចប់​ការស្រាវជ្រាវ វិទ្យាស្ថាន​នេះ​ក៏​ធ្វើការ​ផ្ទៀងផ្ទាត់ ទទួលស្គាល់ និង​បញ្ជាក់ថា ក្រុមហ៊ុន JTI កម្ពុជា ពិតជា​បាន​អនុវត្ត​យ៉ាង​ល្អប្រសើរ ដោយ​បាន​ផ្តល់​អត្ថប្រយោជន៍​ជូន​បុគ្គលិក​ដ៏គាប់​ប្រសើរ​បំផុត​លើស​អ្វីដែល​ទីផ្សារ​បានកំណត់ ហើយ​យក​បុគ្គលិក​ជា​ចំណុច​ស្នូល​មួយ​នៃ​យុទ្ធសាស្ត្រ​អាជីវកម្ម ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ប្រាក់ខែ​ដ៏គួរ​ឱ្យ​ទាក់ទាញ អត្ថប្រយោជន៍​ជាច្រើន និង​ឱកាស​សិក្សា និង​ឱកាស​អភិវឌ្ឍន៍​ចំណេះដឹង​ដ៏​សម្បូរបែប​។

លោកស្រី កាធឺរីណា លែបស៊ីណូវ៉ា (Katerina Lapshynova) ដែលជា​នាយិកា​ផ្នែក​ធនធាន​មនុស្ស និង​វប្បធម៌​បាន​ពន្យល់ថា បុគ្គលិក​ក្រុមហ៊ុន JTI ពេញចិត្ត​នឹង​ភាពបត់បែន​នៃ​ម៉ោង​ការងារ ដែល​ក្រុមហ៊ុន​មិន​ពិនិត្យ​ម៉ោង​ចេញ ម៉ោង​ចូល​ឡើយ ប្រាក់ខែ​គួរ​ឱ្យ​ទាក់ទាញ និង​អត្ថប្រយោជន៍​ជាច្រើន ដែលមាន​ដូចជា​៖ គម្រោង​ធានារ៉ាប់រង​ឯកជន​ពិសេស​សម្រាប់​បុគ្គលិក និង​គ្រួសារ (​ប្តី​ឬ​ប្រពន្ធ និង​កូនៗ​) សុវត្ថិភាព​បុគ្គលិក ដែល​ពី​ពេល​ ១ ​ទៅ​ពេល​ ១ ក្រុមហ៊ុន​តែងតែ​ផ្តល់​ការបណ្តុះបណ្តាល​ពី​សុវត្ថិភាព​ដែលមាន​គុណភាព និង​ប្រាក់​លើកទឹកចិត្ត​ប្រចាំខែ​ទៅកាន់​បុគ្គលិក​ជួរមុខ ដើម្បី​ធ្វើឱ្យ​ប្រាកដថា​គ្មាន​គ្រោះថ្នាក់​ការងារ​កើតឡើង​ដោយ​ប្រការ​ណាមួយ​វគ្គ​សិក្សា Elevate Academy ការបង្វឹក​ភាពជា​អ្នក​ដឹកនាំ និង​ការអភិវឌ្ឍ​ជីវិត ដោយ​អ្នក​ជំនាញ អាជីព​ដែលមាន​ទទួលស្គាល់​ជា​សកល និង​ការបង្រៀន​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​កម្រិត​ពិភពលោក​ដូចជា សាកលវិទ្យាល័យ Harvard, edX, LinkedIn Learning ការផ្តល់​ច្បាប់ឈប់​សម្រាក​គ្រួសារ​ថ្មី ដែល​អនុញ្ញាតឱ្យ​បុគ្គលិក (​ជា​ឪពុក ម្តាយ ឬ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​) ដែល​មាន​បុត្រ អាច​ឈប់​សម្រាក​ចំនួន​ ២០ ​សប្តាហ៍ ដោយ​នៅតែ​ទទួល​បាន​នូវ​ប្រាក់ខែ និង​អត្ថប្រយោជន៍​ដដែល និង​គោលការណ៍​ភាពចម្រុះ និង​ការ​រាប់បញ្ចូល (D&I) ដែល​ផ្តល់​សេរីភាព​ពេញលេញ​ដើម្បីឱ្យ​បុគ្គលិក​មាន​សេរីភាព​ពេញលេញ​ក្នុងការ​បង្ហាញ​ពី​ខ្លួនឯង​។

លោកស្រី​បន្ថែមថា អំឡុងពេល​ដែល​ជំងឺ​កូវីដ​១៩​ផ្ទុះឡើង ក្រុមហ៊ុន​បានផ្តល់​សម្ភារ​សម្រាប់​ការពារ​ដែល​មានដូចជា ម៉ាស់ អាល់កុល​សម្លាប់​មេរោគ របាំងមុខ និង​មូលនិធិ​ពិសេស​សម្រាប់​បុគ្គលិក​ដែលមាន​បញ្ហា​បន្ទាន់​ផ្នែក​ហិរញ្ញវត្ថុ និង​ចំណេះដឹង និង​ការចែករំលែក​ព័ត៌មាន​ថ្មីៗ​ការវិវឌ្ឍ​នៃ​ជំងឺ​រាតត្បាត​នេះ​។

ទោះបី​ជា​មាន​អាជីវកម្ម​ជាច្រើន​ត្រូវបាន​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​នេះ​ក៏ដោយ ក៏​ក្រុមហ៊ុន​ JTI កម្ពុជា​នៅតែ​រក្សា​បុគ្គលិក​ដដែល​។ ដូច្នេះ​ហើយ ពួកគេ​នៅតែ​អាច​បំពេញ​ការងារ និង​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ ដោយ​រួមមាន​ទាំង​ប្រាក់បន្ថែម​ដំណាច់ឆ្នាំ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​អំឡុងពេល​ដ៏លំបាក​។

លោកស្រី​មានបាន​ប្រសាសន៍ថា​៖ «​វិញ្ញាបនបត្រ​និយោជក​ឆ្នើម គឺជា​ការបញ្ជាក់​មួយ​ថា​ក្រុមហ៊ុន JTI កម្ពុជា ពិតជា​បាន​ផ្តល់ឱ្យ​បុគ្គលិក​យើង​នូវ​ឱកាស​សម្រាប់​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ ក្រោម​លក្ខខណ្ឌ​ប្រសើរ​បំផុត ដើម្បីឱ្យ​ពួកគេ​បញ្ចេញ​សមត្ថភាព​ល្អ​បំផុត​ក្នុង​នាម​ជា​ខ្លួនឯង​ពិតប្រាកដ​។​»

ថ្លែង​បន្ទាប់ពី​ទទួល​ដំណឹង​ថា ក្រុមហ៊ុន JTI កម្ពុជា​បាន​ទទួល​ពានរង្វាន់​ក្រុមហ៊ុន​ឆ្នើម​ពី​វិទ្យាស្ថាន​កម្រិត​ពិភពលោក Top Employers លោក វ៉ែន សុវណ្ណ ដែល​ជា​ប្រធាន​ផ្នែក​លក់​ប្រចាំ​តំបន់​នៅ​ក្រុមហ៊ុន JTI កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់ Corporate Inspire Awards ២០២០ បង្ហាញ​អារម្មណ៍​ថា​៖ «​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ JTI ពិតជា​បាន​យកចិត្ត​ទុកដាក់​ដល់​បុគ្គលិក​របស់ខ្លួន​យ៉ាងពិត​ប្រាកដ​។ ក្រុមហ៊ុន​ជឿជាក់​លើ​ពួកយើង និង​លើកតម្កើង​តម្លៃ​សមភាព ភាពត្រឹមត្រូវ និង​ភាពចម្រុះ​។ ក្នុងនាម​ជា​ក្រុមហ៊ុន ឆ្នើម ខ្ញុំ​រំពឹង​ថា ក្រុមហ៊ុន JTI នឹង​នៅតែ​បន្ត​រក្សា​តម្លាភាព និង​ស្តាប់​បុគ្គលិក និង​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​អភិវឌ្ឍន៍​ការងារ​ស្មើៗ​គ្នា​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បានធ្វើការ​នៅទីនេះ និង​បាន​ធ្វើជា​ចំណែក​នៃ​ជោគជ័យ​ដ៏ធំ​មួយ​នេះ​។​»

វិទ្យាស្ថាន Top Employers បាន​បង្កើតឡើង​កាលពី​ ៣០ ​ឆ្នាំ​មុន ហើយ​បានផ្ដល់​ពានរង្វាន់​និយោជក​ឆ្នើម ដល់​ក្រុមហ៊ុន​ចំនួន​ ១៦៩១ នៅក្នុង​ប្រទេស​ចំនួន ១២០ ជុំវិញ​ពិភពលោក​។ នេះ​បញ្ជាក់ថា វិទ្យាស្ថាន Top Employers បាន​បង្កើន​ប្រសិទ្ធភាព​ជីវិត​របស់​បុគ្គលិក​ចំនួន​ ៧ ​លាន​នាក់​នៅ​ទូទាំង​សកលលោក​៕