ភ្នំពេញៈ ក្រុមហ៊ុន Japan Tobacco International (JTI) Cambodia ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​បារី​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​បាន​ប្រកាស​ពី​ការចូលរួម​ជាថ្មី​ជាមួយ​សមាគម​ឧស្សាហកម្ម​ថ្នាំ​ជក់​កម្ពុជា​ (ATIC) ​បន្ទាប់ពី​ការចាកចេញ​ពី​សមាគម​នេះ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៦​។

ការចូលរួម​ជាថ្មី​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​មាន​ការ​សន្យា​នាពេល​ថ្មីៗ​នេះ​ពី​សមាគម ATIC ថា​នឹង​ប្រយុទ្ធ​ប្រឆាំង​ការលក់​បារី​ខុស​ច្បាប់ និង​ផលិតផល​ក្លែងក្លាយ​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​សមាគម ATIC សមាគម​នេះ​បាន​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​កាលពី​សប្ដាហ៍​មុន ហើយ​បាន​សម្រេច​ចិត្ត​ធ្វើ​កំណែទម្រង់​តាមរយៈ​ការធ្វើ​ការងារ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​ដាក់​ឧស្សាហកម្ម​នេះ​ក្នុង​ហានិភ័យ​ដែល​រួម​មាន​ការលក់​បារី​ខុស​ច្បាប់ ផលិតផល​ក្លែងក្លាយ ផលិតផល​ដែល​មិន​មាន​រូបភាព​ព្រមាន​ពី​សុខភាព និង​ផលិតផល​ដែល​មិន​មាន​ត្រា​ពន្ធ​ស្រប​ច្បាប់​។

លោក Cormac O''Rourke អ្នក​គ្រប់គ្រង​ទូទៅ​ប្រចាំ​ក្រុមហ៊ុន JTI Cambodia ដែល​ផលិត​បារី​រូប Camel បារី Winston និង​បារី Mevius បាន​ថ្លែង​ថា​ការចូលរួម​ជាថ្មី​របស់​ក្រុមហ៊ុន​ជាមួយ ATIC នឹង​ជំរុញ​ការប្ដេជ្ញាចិត្ត​ក្នុង​ចំណោម​សមាជិក​ទាំងអស់​របស់​សមាគម​នេះ និង​អ្នក​រកស៊ី​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ឲ្យ​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ច្បាប់ និង​បទប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ ដើម្បី​អត្ថប្រយោជន៍​របស់​ឧស្សាហកម្ម​ទាំង​មូល​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំ​ជក់​ខុស​ច្បាប់​គឺជា​បញ្ហា​ប្រឈម​ដ៏ធំ​របស់​ឧស្សាហកម្ម​ថ្នាំ​ជក់​ដែល​កំពុង​ធ្វើឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ មិន​គ្រាន់​តែ​ដល់​ក្រុមហ៊ុន​ថ្នាំ​ជក់​តែមួយ​ ឬ​ឧស្សាហកម្ម​ទាំង​មូល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ដល់​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​»​។

លោក​បន្ថែម​ថា ​ការ​មាន​សំឡេង​រួម​គ្នា​មួយ​ពី​ឧស្សាហកម្ម​ដែល​ដឹកនាំ​ដោយ ATIC និង​ការគាំទ្រ​ដោយ​ការធ្វើ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​ពាណិជ្ជកម្ម​ខុស​ច្បាប់​នឹង​ជា​អត្ថប្រយោជន៍​ល្អ​បំផុត​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា​។

កាលពី​ខែ​កក្កដា​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន JTI បាន​ប្រកាស​ចាកចេញ​ពី​សមាគម ATIC ដោយសារ​តែ​សមាគម​នេះ​បាន​បរាជ័យ​ក្នុង​ការ​បង្កើត «​កម្រិត​ស្មើភាព​គ្នា​» ដោយ​អនុញ្ញាត​ឲ្យ​មាន​ការបន្ត​ហូរចូល​យ៉ាង​ច្រើន​នូវ​ការ​នាំ​ចូល​បារី​ដែល​មិន​មាន​ស្លាក​សញ្ញា​បម្រាម​ក្នុង​ទីផ្សារ​ក្នុង​ស្រុក ទោះបី​ជា​ច្បាប់​តម្រូវ​ឲ្យ​បារី​ទាំងអស់​ក្នុង​ទីផ្សារ​ត្រូវ​ដាក់​រូបភាព​ក្រាហ្វិក និង​ស្លាក​សញ្ញា​ព្រមាន​នៅ​លើ​កញ្ចប់​បារី​ក៏ដោយ​។

លោក Matt Naumann ប្រធាន​សមាគម ATIC បាន​ថ្លែង​ថា​សមាគម ATIC បាន​សម្រេចចិត្ត​ធ្វើ​កំណែទម្រង់​ធំៗ​ចំពោះ​រចនាសម្ព័ន្ធ​របស់​ខ្លួន និង​ទិសដៅ​ឆ្ពោះ​ទៅ​រក​ការជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​តាម​ច្បាប់​នៅក្នុង​ឧស្សាហកម្ម​ថ្នាំជក់​សម្រាប់ «​ស្ដង់ដារ​របស់​ឧស្សាហកម្ម​មួយ​»​។

លោក​បន្ថែម​ថា​វា​ឆ្លុះ​បញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត និង​យុទ្ធសាស្ដ្រ​របស់​សមាគម​ដើម្បី​ធានា​ឲ្យ​មាន​កម្រិត​ស្មើភាព​គ្នា​ក្នុង​ចំណោម​អ្នក​រកស៊ី​ទាំងអស់​ក្នុង​ឧស្សាហកម្ម​នេះ និង​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​ដាក់​ឧស្សាហកម្ម​នេះ​ឲ្យ​ស្ថិត​ក្នុង​ហានិភ័យ​។

ការសម្រេច​ចិត្ត​នៅ​ពេល​ថ្មីៗ​នេះ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​របស់​សមាគម ATIC បាន​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សមាជិក​របស់​ខ្លួន​។ យោង​តាម​សេចក្ដី​ប្រកាស​របស់ ATIC ក្រុមហ៊ុន Viniton Group Co., Ltd បាន​ចាកចេញ​ពី​សមាគម​នេះ ខណៈ​ក្រុមហ៊ុន JTI បាន​ចូលរួម​វិញ​។ នៅពេល​នេះ​សមាជិក​របស់​សមាគម ATIC រួមមាន​ក្រុមហ៊ុន PMI ក្រុមហ៊ុន Houtraco ក្រុមហ៊ុន BATC និង​ក្រុមហ៊ុន JTI​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ATIC កាលពី​ឆ្នាំ ២០១៧ ការ​ធ្វើ​ពាណិជ្ជកម្ម​ខុស​ច្បាប់​របស់​បារី​បាន​បន្ត​ហូរ​ចូល​យ៉ាង​ច្រើន​ក្នុង​ទីផ្សារ​ដែល​មាន​ប្រហែល ២០ ភាគរយ​នៃ​ការលក់​ទាំងអស់​។ ផលិតផល​ទាំងនេះ​មិន​មាន​សារ​ព្រមាន​សុខភាព​ ឬ​បង់ពន្ធ​តាម​ច្បាប់​ឡើយ​ដោយ​ធ្វើឲ្យ​រដ្ឋាភិបាល​បាន​ខាតបង់​ប្រហែល ១០ លាន​ដុល្លារ​ពី​ប្រាក់​ចំណូល​ពន្ធ​ស្រប​ច្បាប់​៕ LA