ភ្នំពេញៈ ក្រុមហ៊ុន Kalmar ដែលជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Cargotec បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP) ​ដើម្បី​ផ្គត់ផ្គង់​ឧបករណ៍​ស្ទូច SmartPower Rubber-Tyred Gantry (RTG) ​យីហោ Kalmar ចំនួន ៤ ​គ្រឿង​សម្រាប់​ចំណត​កុងតឺន័រ LM17 របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​ចំណត​កុងតឺន័រ​មួយ​នេះ​ឲ្យ​កើនឡើង​ទ្វេដង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា ការបញ្ជាទិញ​នេះ​ត្រូវ​បាន​កត់​ក្នុង​ចំណូល​ការបញ្ជាទិញ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ របស់​ក្រុមហ៊ុន Cargotec ដោយ​ការដឹកជញ្ជូន​ឧបករណ៍​ស្ទូច​នោះ គ្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្តថា ឧបករណ៍​ស្ទូច RTG នេះ​នឹង​ត្រូវ​ដំឡើង​នៅ​ចំណត​កុងតឺន័រ LM17 របស់ PPAP ក្នុង​ខេត្តកណ្ដាល​។ ចំណត​កុងតឺន័រ LM17 របស់ PPAP បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​កាលពី​ខែ​មករា ឆ្នាំ​ ២០១៣ ដោយ​ផ្ដល់​សេវាកម្ម​ទាំង​សម្រាប់​កុងតឺន័រ និង​ទំនិញ​ធម្មតា​ជាមួយ​នឹង​សមត្ថភាព​ស្ដុក​កុងតឺន័រ​បាន​ចំនួន ១៥០ ០០០ TEUs​។

លោក ហ៊ី បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ឧបករណ៍​ស្ទូច Kalmar RTGs ថ្មី​ចំនួន​ ៤ ​គ្រឿង​នេះ​នឹង​ជួយ​ពង្រីក​សមត្ថភាព​ចំណត​កុងតឺន័រ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ឲ្យ​បាន​កាន់តែ​កើនឡើង​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ទំនាក់ទំនង​ដ៏រឹងមាំ​របស់​យើង​ជាមួយ​ក្រុមហ៊ុន Kalmar គឺមាន​តាំងពី​ពេល​ចាប់ផ្ដើម​ដំបូង​នៃ​ប្រតិបត្តិការ LM17​។ ការគាំទ្រ​ដ៏ធំ​របស់ Kalmar និង​ឧបករណ៍​ប្រតិបត្តិការ​ទំនើបៗ​បាន​ជំរុញ​ឲ្យ​យើង​ជ្រើសរើស​យក​ពួកគេ​ជាថ្មី​ម្ដងទៀត​ទាក់ទង​នឹង​ការពង្រីក​សមត្ថភាព​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​»​។

លោក Daniel Ho អនុប្រធាន​ផ្នែក​លក់​ប្រចាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន APAC និង​ក្រុមហ៊ុន Kalmar បាន​ឲ្យ​ដឹងថា លោក​ពិតជា​រីករាយ​នៅក្នុង​ការបន្ត​ទទួល​យក​ដំណោះស្រាយ RTG របស់​ក្រុមហ៊ុន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​វា​ក៏​ជា​ការបន្ត​ភាព​ជា​ដៃគូ​របស់ខ្លួន​ជាមួយ PPAP ដើម្បី​សម្រេច​មហិច្ឆតា​របស់​ពួកគេ​ផងដែរ​។

លោក Daniel Ho បាន​ថ្លែងថា​៖ «​ឧបករណ៍​ស្ទូច SmartPower RTGs អាចជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​បាន​រហូត​ដល់ ៥០ ​ភាគរយ​ ប្រចាំឆ្នាំ​ធៀប​នឹង​គ្រឿងចក្រ​ម៉ាស៊ូត​ធម្មតា​»​។

កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ល្អប្រសើរ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ ទោះបី​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ កំពុង​បង្ក​មាន​ឥទ្ធិពល​ទៅលើ​សកម្មភាព​ពាណិជ្ជកម្ម​នៅក្នុង​តំបន់ និង​អន្តរជាតិ​ក៏ដោយ​។

PPAP បាន​កត់ត្រា​ប្រាក់​ចំណូល ១២,៨៦៧ ​លាន​ដុល្លារ​ នៅ​ឆមាស​ទី​ ១ កើនឡើង ១០ ​ភាគរយ​ធៀប​នឹង​ ១១,៦៩២ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​នេះ​ក៏បាន​កត់ត្រា​កំណើន​នៃ​ប្រាក់ចំណេញ​ដុល ១៤ ​ភាគរយ​ពី ៧,៨០១ ​លាន​ដុល្លារ ដល់​ ៨,៩០៣ លាន​ដុល្លារ​ នៅក្នុង​អំឡុង​ពេលនេះ​ផងដែរ​៕ LA