
ទីតាំងចូលរួមមរណទុក្ខនៅក្រៅពហុកីឡដ្ឋាន King Power នៅចក្រភពអង់គ្លេស។ រូបថត AFP
ក្រុងបាងកកៈ ការស្លាប់ភ្លាមៗរបស់មហាសេដ្ឋីថៃលោក Vichai Srivaddhanaprabha បានបង្កការបាត់បង់បុរសនាំមុខម្នាក់សម្រាប់ក្រុមហ៊ុន King Power ដែលបង្កបញ្ហាប្រឈមដល់ទាយាទរបស់លោកក្នុងការទទួលភាពផ្តាច់មុខនាពេលអនាគតសម្រាប់ទំនិញរួចពន្ធដែលបានក្លាយជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មកាក់កបបំផុតរបស់ប្រទេស ថៃ។
លោក Vichai ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតទី ៥ នៅប្រទេស ថៃ បានស្លាប់ក្នុងគ្រោះថ្នាក់ឧទ្ធម្ភាគចក្របន្ទាប់ពីលោកមើលការប្រកួតបាល់ទាត់របស់ក្លិប Leicester City ជាទីស្រឡាញ់របស់លោកកាលពីថ្ងៃសៅរ៍។
ក្នុងរយៈពេល ៣ ទសវត្សរ៍នេះ លោកបានដឹកនាំអាណាចក្រហាងទំនិញរួចពន្ធមួយដែលបច្ចុប្បន្ននេះមានតម្លៃប្រមាណ ៤,៩ ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដី្ដ Forbes ដែលភាពជោគជ័យនេះកើតមានដោយសារទ្រព្យសម្បត្តិគ្រួសារតិចជាងការប្រឹងប្រែងយកឈ្នះចិត្តរបស់ឥស្សរជនថៃ ដែលជាច្រកទ្វារមួយទៅកាន់ទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រមួយនេះ។
ឥស្សរជនទាំងនោះរួមទាំងព្រះមហាក្សត្រថៃផងដែរ ដែលដើម្បីជាកិត្តិយស លោកបានដាក់ឈ្មោះក្រុមហ៊ុនរបស់លោកថា King Power ហើយអតីតព្រះមហាក្សត្របានប្រទានរង្វាន់ដល់គាត់ជានាមត្រកូលមួយ ដែលមានន័យថា «ពន្លឺនក្ខត្តឫក្ស និងវិបុលភាព»។
បុរសវ័យ ៦០ ឆ្នាំរូបនេះ បានដឹកនាំអាជីវកម្មគ្រួសារមួយដោយឥរិយាបថប្រយ័ត្នប្រយែង និងដោយជំនាញការទូតដ៏ប៉ិនប្រសប់ក្នុងប្រទេសមួយដែលមានការប្រកួតប្រជែងដ៏ជូរចត់រវាងគូបដិបក្ខពូជពង្សគ្រួសារដ៏មានឥទ្ធិពលនានា។
ការណ៍នោះបានធ្វើឲ្យគ្រួសារ និងទ្រព្យសម្បត្តិរបស់គាត់រួចផុតពីតុលាការ និងការក្តោបក្តាប់ផ្នែកនយោបាយថៃ។
លោក Anutin Charnvirakul ដែលជាមិត្តភក្តិជាយូរមកហើយ និងជាអ្នកនយោបាយទម្ងន់ធ្ងន់ម្នាក់ក្នុងប្រទេស ថៃ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា៖ «គាត់អព្យាក្រឹត។ គាត់មិនដែលរវីរវល់ជាមួយរឿងរ៉ាវរបស់នរណាម្នាក់ទេ»។
លោក Vichai បានទទួលមរណភាពចោលប្រពន្ធ និងកូន ៤ នាក់ (ប្រុស ២ ស្រី ២) ដែលកូនទាំងអស់ស្ថិតក្នុងវ័យ ៣០ ឆ្នាំប្លាយ ហើយពួកគេទាំងអស់គ្នាស្ថិតក្នុងគណៈកម្មការប្រតិបត្តិរបស់ក្រុមហ៊ុន King Power។
រហូតមកដល់ពេលនេះ កូនទាំងអស់របស់លោកបានចៀសផុតពីរឿងអាស្រូវ និងវិបត្តិផ្លូវច្បាប់នានា ដែលធ្លាប់ជំពាក់ជំពិនជាមួយគ្រួសារអ្នកមានអំណាចដទៃៗទៀតដែលមានដើមកំណើតចិន ដូចជាគ្រួសារត្រកូល Yo-ovidhya ដែលផលិតភេសជ្ជៈគោជល់ និងជាគ្រួសារមានបំផុតទី ៣ របស់ថៃ និងគ្រួសារត្រកូលស៊ីណាវ៉ាត្រា ដែលជាគ្រួសារអ្នកនយោបាយរបស់លោក ថាក់ស៊ីន ជាអតីតនាយករដ្ឋមន្រ្តីថៃ។
ទំនាក់ទំនងនយោបាយ
ជាមួយនឹងមរណភាពរបស់លោក Vichai វាទំនងជាថា កូនៗរបស់គាត់នឹងត្រូវឡើងដឹកនាំក្រុមហ៊ុនដ៏ធំមួយដែលរួមមានទាំងសណ្ឋាគារ ក្លិបបាល់ទាត់អង់គ្លេស និងពូជសេះល្អៗជាច្រើន។
លោក Somchai Phagaphasvivat អ្នកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកកបានថ្លែងថា៖ «ខ្ញុំជឿថា Vichai បានរៀបចំកូនៗរបស់គាត់រួចហើយ (សម្រាប់ភាពជាមេដឹកនាំ)»។
កូនប្រុសពៅឈ្មោះ Aiyawatt អាយុ ៣២ ឆ្នាំ មានឋានៈខ្ពស់បំផុតជាអនុប្រធានក្លិប Leicester City។ កូនស្រីឈ្មោះ Voramas និង Aroonroong ក៏មានតួនាទីសំខាន់ផងដែរនៅក្នុងក្រុមហ៊ុន។
ប៉ុន្តែការប្រគល់តំណែងទៅឲ្យកូនរបស់គាត់អមជាមួយនឹងភាពមិនច្បាស់លាស់។
លោក Somchai បន្ថែមថា៖ «ដើម្បីមានសមត្ថភាពនិងភាពប្រកួតប្រជែងនៅអាស៊ីអាគ្នេយ៍ទំនាក់ទំនងនយោបាយគឺសំខាន់ណាស់»។ លោកបន្តថា៖ «ហើយខ្ញុំមិនដឹងថា តើបងប្អូនបង្កើតទាំងនោះនឹងមានឥទ្ធិពលគ្រប់គ្រាន់ឬអត់ទាក់ទងនឹងបញ្ហានេះ?»។
អាជីវកម្មរបស់ក្រុមហ៊ុន King Power ដែលជាការលក់ទំនិញរួចពន្ធផ្តាច់មុខក្នុងប្រទេសថៃ ត្រូវបានគេរាយការណ៍ថា កំពុងដំណើរការចរចាឡើងវិញនៅព្រលានយន្តហោះធំបំផុតចំនួន ២ របស់ទីក្រុងបាងកកក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។
អាជ្ញាប័ណ្ណនេះទទួលបានពីក្រុមហ៊ុនរដ្ឋថៃ Airports of Thailand (AOT) នៅក្នុងឆ្នាំ ២០០៦ បន្ទាប់ពីការបញ្ចុះបញ្ចូលជាច្រើនឆ្នាំ។
អាជ្ញាប័ណ្ណនេះបានផ្តល់ឲ្យក្រុមហ៊ុន King Power នូវទីផ្សារដែលមានមនុស្សជិត ៤០ លាននាក់ដែលរំពឹងថានឹងទៅលេងប្រទេសនេះនៅឆ្នាំនេះ ដែលភាគច្រើននៃអ្នកទាំងនោះទិញទំនិញពីហាងទំនិញរួចពន្ធក្នុងព្រលានយន្តហោះអន្តរជាតិរបស់ប្រទេស ថៃ ឬនៅហាងទំនិញធំៗក្នុងទីប្រជុំជននៅទីក្រុង បាងកក និងប៉ាតាយ៉ា។
កាលពីខែមុន តុលាការបានច្រានចោលការប៉ុនប៉ងប្តឹងក្រុមហ៊ុន King Power ដើម្បីទាមទារលុយរាប់រយលានដុល្លារ នៅក្នុងជម្លោះប្រាក់ចំណូលមួយដែលមិនបានបង់ទៅឲ្យក្រុមហ៊ុន AoT។
ករណីនោះគឺជាករណីកម្រមួយដែលធ្វើឡើងដោយសត្រូវរបស់ក្រុមហ៊ុន King Power។ ប៉ុន្តែបើមិនមានខែលការពារដែលផ្តល់ដោយលោក Vichai ទេ គ្រួសារនេះ នឹងងាយរងគ្រោះពីគូបដិបក្ខដែលស្រេកឃ្លានទ្រព្យ ហើយនឹងឈានទៅបែកបាក់អាជីវកម្មផ្តាច់មុខរបស់ពួកគេ។
លោកស្រី Pavida Pananond សាស្រ្តាចារ្យនៅសាលាធុរកិច្ច Thammasat បានប្រាប់ AFP ថា៖ «អាជីវកម្មសំខាន់បំផុតរបស់ក្រុមហ៊ុន King Power គឺផ្អែកទៅលើសិទ្ធិសម្បទានផ្តាច់មុខដែលផ្តល់ឲ្យដោយរដ្ឋាភិបាល។ ការណ៍នោះបង្ហាញពីលក្ខណៈនយោបាយនៃធុរកិច្ច និងឥទ្ធិពលនយោបាយ និងធុរកិច្ចរបស់លោក Vichai»។
លោកស្រីបានបន្តថា តើអ្នកស្នងតំណែងរបស់គាត់ ងាកចេញពី «ឥទ្ធិពលនយោបាយ» ឆ្ពោះទៅរក «បទពិសោធ» នៃធុរកិច្ចឬយ៉ាងណានោះ នឹងកំណត់ពីរបៀបដែលពួកគេនឹងកំណត់ខ្លួនឯងសម្រាប់ការប្រកួតប្រជែង៕ AFP/PS